ខេត្តកោះកុង៖ សមត្ថកិច្ចជំនាញ
បានចុះបង្ក្រាបករណីនាំចូលទំនិញខុសច្បាប់ពីប្រទេសថៃ តាមផ្លូវសមុទ្រ ចូលមកក្នុងទឹកដីស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ប៧ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានប្រមូល និងពិនិត្យរូបភាពវីដេអូ ព្រមទាំងភស្តុតាងពាក់ព័ន្ធនៅទីតាំងកើតហេតុ ដែលបង្ហាញពីការដឹកជញ្ជូនទំនិញចូលតាមច្រកផ្លូវសមុទ្រ ដោយមិនអនុលោមតាមច្បាប់។
តាមព័ត៌មានដែលបានបញ្ជាក់ ទំនិញដែលសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាន រួមមានស្បៀងអាហារ និងគ្រឿងទេសជាច្រើនប្រភេទ ដូចជា អង្ករជម្រើសដែលវេចខ្ចប់ជាបាវ និងបាវធំម៉ាក Bangrow ទម្ងន់ ៥០គីឡូក្រាម ប្រេងឆាម៉ាក Codi ទឹកស៊ីអ៊ីវ ទឹកត្រី ឆៃប៉ូវ និងមីកញ្ចប់ម៉ាក MAMA។
ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញសម្ភារ និងគ្រឿងឧបភោគផ្សេងៗទៀត រួមមានធុងប្រេង ឬថ្នាំពណ៌ ជញ្ជីងសម្រាប់ថ្លឹងទំនិញ និងប្រអប់កេសជាច្រើន ដែលត្រូវបានរៀបចំ និងវេចខ្ចប់សម្រាប់ការស្តុកទុក។
បច្ចុប្បន្ននេះ ទំនិញដែលត្រូវបានរឹបអូស ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីពិនិត្យ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងប្រភពនៃការនាំចូលទំនិញទាំងនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ឈ្មួញ២នាក់ ដែលនៅបន្តលួចនាំទំនិញពីថៃខុសច្បាប់នៅខេត្តកោះកុង។ ជនទាំង២នាក់ ត្រូវបានបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ។
ឈ្មួញទាំង២នាក់ មានឈ្មោះ ពុត ភារៈ អាយុ៤៣ឆ្នាំ ជាម្ចាស់ទំនិញ និងឈ្មោះ យុន ចាន់ថា អាយុ៣៧ឆ្នាំ ជាម្ចាស់រថយន្តដឹកទំនិញ ដែលសមត្ថកិច្ចរឹបអូសបាន ។
ទំនិញជាប្រភេទគ្រឿងទេស និងម្ហូបអាហារលួចនាំចូលពីថៃនោះមានដូចជា៖ ប្រេងខ្យង, ប្រេងឆា, មី, ទឹកត្រី និងគ្រឿងទេសជាច្រើនកេស ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN









