នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធប្រមាណ៨០០តោន ដែលត្រូវដុតបំផ្លាញនេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាដៃគូរវាងមន្ត្រីជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ នៃក្រសួងសន្តិសុខសាធារណៈចិន ដោយការផ្លាស់ប្តូរ ចែករំលែកព័ត៌មាន ជាមូលដ្ឋានក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធសមត្ថកិច្ចបានប្រតិបត្តិការបង្ក្រាបជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំង (ជននេះក៏ជា មុខ សញ្ញា នៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័ សន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ ការតាមនីតិវិធី) ព្រមទាំងបានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីន រួមមាន៖
ទី១៖ ទីតាំងរោងចក្រ (មានអគារចំនួន៧)៖ ចាប់យក ម៉ាស៊ីនចម្រុះបម្រើការងារផលិតបារី ចំនួន ៩១គ្រឿងកុំព្យូទ័រ ចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាក ចំនួន ១,១២៧,២១៣គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែង ចំនួន ២៣០,៨៩០គីឡូក្រាម។
ទី២៖ ទីតាំងឃ្លាំងស្តុក៖ ចាប់យកបារីពាក់ម៉ាកក្លែង ៣១ប្រភេទ សរុប ១,៨១៦,៩៦៤សុង ស្មើនឹង ៣៧០,៧៧៣គីឡូក្រាម ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ព្រមទាំងរកឃើញ សំបក វេចខ្ចប់ ពាក់ ម៉ាក ក្លែង ចំនួន ១២២,៥២៧គីឡូក្រាម។
ក្រោយពីបញ្ចប់កិច្ចប្រតិបត្តិការ សមតក្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី និងបានគោរពស្នើសុំចាត់ចែងជាបណ្តោះអាសន្នលើវត្ថុចាប់យក រួមមាន ផលិតផលបារីក្លែងម៉ាក សំបកវេចខ្ចប់ និងសម្ភារៈពាក់ព័ន្ធស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ទីតាំងផលិតបារីក្លែងម៉ាកទាំងនេះជារោងចក្របារី ដោយបំប្លែងការផលិតបារីពាក់ម៉ាកត្រឹមត្រូវមកផលិតបារីក្លែងម៉ាក និងជាឃ្លាំងស្តុកផលិតផល និងសម្ភារពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ (អគ្គីភ័យ) ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាព ក្នុងអំឡុងពេលរក្សាទុកជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសម្រេចស្ថាពរពីតុលាការ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី


















