កាសែត New York Times បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋការលោក Trump ឲ្យដឹងថា សេតវិមានកំពុងមានផែនការដកហូតតំណែងពីប្រមុខការទូត Rex Tfellerson ដោយយកប្រមុខស្ថាប័នចារកម្ម (CIA) Mike Pompeo មកជំនួស។

New York Times ចុះផ្សាយថ្ងៃទី ៣០/១១ (ម៉ោងតំបន់) ឲ្យដឹងថា ប្រមុខការទូតប្រទេសនេះ លោក Tillerson នឹងត្រូវដកហូតតួនាទីជារដ្ឋមន្ត្រីការបរទេសអាមេរិកនៅអំឡុងប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ ប្រធានស្ថាប័ន CIA នឹងជំនួសកៅអីរបស់លោក Tillerson។
រីឯកៅអីប្រធានស្ថាប័នចារកម្ម CIA សេតវិមានបានមានផែនការយកព្រឹទ្ធសមាជិកសភា មកពីគណបក្សសាធារណៈរដ្ឋលោក Tom Cotton ជំនួសលោក PomPeo ។ ប្រភពដដែលឲ្យដឹងបន្ថែមថា លោក Cotton បានបង្ហើបពីការសម្រេចចិត្តយល់ព្រមរ៉ាប់រងមុខតំណែងនេះ ប្រសិនទទួលបានការជ្រើសរើសរបស់សេតវិមាន។
New York Times ដដែលបានឲ្យដឹងថា លោក Rex Tillerson ត្រូវបានចាត់ទុកថា កំពុងមានទំនាក់ទំនងតឹងតែងជាមួយលោកប្រធានាធិបតី Donald Trump នឹងត្រូវបានទម្លាក់ចេញពីមុខតំណែងប្រមុខការទូត ជុំវិញទស្សនៈសំខាន់ៗជាអាទិ៍ ៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការប្រឈមមុខជាមួយកូរ៉េខាងជើង ជម្លោះរវាងបណ្តាសម្ព័ន្ធមិត្តអារ៉ាប់។ លេចឮថា លោក Tillerson ធ្លាប់បានពណ៌នាថា ប្រធានាធិបតី Trump ជាមនុស្ស “ងាយជឿគេ” ខណៈពេលដែលលោក Trump ធ្លាប់ស្តីបន្ទោសលោក Tillerson ថា “ខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍” គ្រាដែលប្រមុខការទូតរូបនេះប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងការទូតជាមយយកូរ៉េខាងជើង។
ស្របពេលនោះ នាយកស្ថាប័ន CIA PomPeo ក្លាយជាមន្ត្រីដឹកនាំដែលលោក Trump កំពុងពេញចិត្ត ពេញថ្លើម តាមរយៈការផ្លាស់ប្តូព័ត៌មានចារកម្មប្រចាំថ្ងៃ ក្លាយជាទីប្រឹក្សាគោលនយោបាយគួរឲ្យជឿជាក់របស់មេដឹកនាំអាមេរិក រួមទាំងចំពោះកិច្ចការក្រៅវិស័យរបស់លោក ដូចជាសុខមាលភាព សុខាភិបាល៕ ដោយ ៖ សូយន