ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦– នៅពេលធនាគារមួយត្រូវគេប្លន់ អ្នកដាក់ប្រាក់បញ្ញើនៅធនាគារនោះ កម្រដឹងថាមានការប៉ះពាល់ដល់ខ្លួនពីករណីនោះណាស់។ ការខាតបង់ដែលកើតមានគឺធ្លាក់ទៅលើធនាគារ ហើយនៅពីក្រោយខ្នងធនាគារគឺមានវិធានដើមទុន ក្រុមហ៊ុនធានារ៉ាប់រង ហើយនៅប្រទេសជាច្រើនក៏មានការធានាលើប្រាក់បញ្ញើពីរដ្ឋាភិបាលផងដែរ។
នៅពេលវេទិកាជួញដូរទ្រព្យសកម្មឌីជីថលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ចម្លើយគឺមិនសូវច្បាស់លាស់នោះទេ។ ជាទូទៅ មិនមានការធានាពីរដ្ឋសម្រាប់វេទិកាទាំងនេះឡើយ។ ការការពារអតិថិជនពីការខាតបង់ អាស្រ័យលើវិធានការដែលវេទិកាបានដាក់ចេញ និងថាតើវាអាចបង្ហាញថាវិធានការទាំងនោះមានប្រសិទ្ធភាពដែរឬទេ។
ឧបករណ៍ពីរយ៉ាង មុខងារពីរផ្សេងគ្នា
ជាទូទៅ វេទិកាជួញដូរ តែងលើកឡើងអំពីវិធានការការពារពីរយ៉ាង ដែលជារឿយៗច្រើនតែច្រឡំគ្នា។
ភស្តុតាងបញ្ជាក់ទុនបម្រុង (Proof of reserves) គឺជាការត្រួតពិនិត្យតាមកាលកំណត់ ដែលបង្ហាញថាទ្រព្យសកម្មកាន់កាប់ដោយវេទិកា មានតម្លៃយ៉ាងហោចណាស់ស្មើនឹងអ្វីដែលខ្លួនជំពាក់អតិថិជន។ នេះជាកំណត់ត្រាស្ថានភាពនៅពេលវេលាជាក់លាក់មួយ ដែលជារឿយៗត្រូវបានផ្សព្វផ្សាយអមមកជាមួយដោយទិន្នន័យ ដើម្បីអនុញ្ញាតឱ្យអតិថិជនពិនិត្យមើលថាតើសមតុល្យរបស់ខ្លួនពិតជាត្រូវបានរួមបញ្ចូល ឬទេ។ ឧបករណ៍នេះ គឺស្រដៀងទៅនឹងការធ្វើសវនកម្ម ជាជាងការធានារ៉ាប់រង ពោលគឺវាបង្ហាញថាតើប្រាក់នៅមានវត្តមានឬអត់ តែវាមិនបង្ហាញថាតើនរណាជាអ្នកសងប្រាក់ ប្រសិនមានការបាត់បង់ទ្រព្យសកម្មមួយចំនួននោះទេ។
មូលនិធិការពារ (Protection fund) គឺជាទុនបម្រុងដែលវេទិកាបម្រុងទុកសម្រាប់ប្រើប្រាស់ក្នុងករណីមានការខាតបង់ពិសេសកើតឡើង ដូចជាករណីត្រូវគេហ៊ែកជាដើម។ ឧបករណ៍នេះប្រៀបដូចជាស្រទាប់ការពារដូច្នោះដែរ។ ដោយសារជាទូទៅមូលនិធិនេះត្រូវបានរក្សាទុកជាទ្រព្យសកម្មឌីជីថល ហេតុនេះ តម្លៃរបស់វាក៏ប្រែប្រួលទៅតាមតម្លៃទីផ្សារជាក់ស្ដែង។
ឧបករណ៍ទាំងពីរនេះ មិនមែនជាការធានារបស់រដ្ឋាភិបាលទេ។ ឧបករណ៍ទាំងពីរនេះ គឺជាការប្តេជ្ញាចិត្តធ្វើឡើងដោយក្រុមហ៊ុន និងរាយការណ៍ដោយក្រុមហ៊ុនដោយខ្លួនឯង។
ករណីសាកល្បងជាក់ស្តែង
នៅថ្ងៃទី២៤ ខែកញ្ញា មានការផ្ទេរទ្រព្យសកម្មដោយគ្មានការអនុញ្ញាតចេញពីផ្នែកមួយនៃប្រព័ន្ធកាបូបអនឡាញរបស់ Bitget ដែលជាវេទិកាជួញដូរទ្រព្យសកម្មឌីជីថលអន្តរជាតិមួយ។ ក្រុមហ៊ុនបានលើកឡើងថា អ្នកវាយប្រហារបានយកចំណុចខ្សោយដែលគេមិនធ្លាប់បានដឹងពីមុនមកនៅក្នុងផលិតផលសន្តិសុខរបស់ភាគីទីបីមកប្រើ ហើយទ្រព្យសកម្មដែលមានតម្លៃប្រមាណ ៣៨៨ លានដុល្លារអាមេរិកត្រូវបានផ្ទេរចេញ ហើយតួលេខនេះជាតួលេខត្រូវបានកែសម្រួលបន្ថែមក្រោយការគណនាបានបញ្ចប់រួចរាល់ ដោយការប៉ាន់ស្មានដំបូងមានទឹកប្រាក់ចំនួន ៣៥១,៦ លានដុល្លារអាមេរិក ។
ក្រុមហ៊ុនបានរាយការណ៍អំពីហេតុការណ៍នេះទៅកាន់អាជ្ញាធរអនុវត្តច្បាប់ និងបានចាត់តាំងក្រុមហ៊ុនសន្តិសុខសាយប័រឈ្មោះ Mandiant និង SlowMist ឱ្យធ្វើការស៊ើបអង្កេត។ ក្រុមហ៊ុនបានផ្អាកការដកប្រាក់ជាបណ្តោះអាសន្ន បន្ទាប់មកបានបន្តដំណើរការវិញជាដំណាក់កាលៗ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា។
ក្រុមហ៊ុន Bitget បានឱ្យដឹងថា មូលនិធិការពារ (Protection Fund) របស់ខ្លួន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ក្នុងតម្លៃអប្បបរមា ៣០០ លានដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ដើម្បីរ៉ាប់រងការខាតបង់ ហើយសមតុល្យក្នុងគណនីរបស់អតិថិជននៅដដែល។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា មូលនិធិនេះត្រូវបានដាក់បំពេញឡើងវិញក្នុងចំនួនទឹកប្រាក់លើសពីចំនួនទឹកប្រាក់កម្រិតអប្បបរមានោះវិញ។ យោងតាមក្រុមហ៊ុន ការត្រួតពិនិត្យទុនបម្រុងគិតត្រឹមថ្ងៃទី២៩ ខែកញ្ញា បង្ហាញថា សមាមាត្រទុនបម្រុងសរុបមានចំនួន ១៣១%។
លោកស្រី Gracy Chen អគ្គនាយិកាក្រុមហ៊ុន Bitget បានថ្លែងថា៖ «ភស្តុតាងបញ្ជាក់ទុនបម្រុង គឺមានសារៈសំខាន់បំផុត នៅពេលអ្នកប្រើប្រាស់ចង់ឃើញតួលេខទាំងនោះដោយខ្លួនឯង»។
ចំណុចដែលនៅមិនទាន់ដាច់ស្រេច
ក្រុមហ៊ុន Bitget បានលើកឡើងថា តាមរយៈការជួយជ្រោមជ្រែងពីក្រុមហ៊ុនផ្សេងៗ គេអាចបង្កកទ្រព្យសកម្មដែលគេលួចនោះបានមួយចំនួន ប៉ុន្តែក្រុមហ៊ុនមិនទាន់បានផ្សព្វផ្សាយតួលេខសរុបទេ ហើយការតាមដានស្រាវជ្រាវក៏នៅតែបន្ត។ លទ្ធផលពេញលេញនៃការស៊ើបអង្កេត គឺនៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ មូលនិធិដែលបានប៉ះប៉ូវសងការខាតបង់ក្នុងទំហំដ៏ធំនេះ បាននាំឱ្យមានការលើកឡើងនូវសំណួរយ៉ាងទូលំទូលាយថា តើស្រទាប់ការពារប្រភេទនេះ គួរតែទុកឱ្យក្រុមហ៊ុននីមួយៗជាអ្នកកំណត់ទំហំ និងបំពេញបន្ថែមដោយខ្លួនឯង ឬត្រូវកំណត់ដោយវិធានគតិយុត្តិ។
សំណួរនេះ ត្រូវបានចោទសួរកាន់តែច្រើនឡើងសម្រាប់ស្ថាប័ននិយ័តកម្ម។ នៅប្រទេសកម្ពុជា ក្រុមការងារអន្តរក្រសួងកំពុងធ្វើសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងទ្រព្យសកម្មឌីជីថល ដែលមានអាណត្តិរួមបញ្ចូលទាំងយន្តការការពារវិនិយោគិនផងដែរ។ កាលពីថ្ងៃទី២៣ ខែកញ្ញា ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា បានកំណត់ក្របខណ្ឌរួមមួយសម្រាប់វិស័យនេះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ សំណួរដែលចោទសួរថា តើវិធានការការពារនានា ឧទាហរណ៍ដូចជាការត្រួតពិនិត្យទុនបម្រុង មូលនិធិសំណង និងការបើកបង្ហាញព័ត៌មានអំពីករណីកើតហេតុ គួរតែក្លាយជាកាតព្វកិច្ចផ្លូវច្បាប់ ជាជាងការអនុវត្តដោយស្ម័គ្រចិត្ត ឬយ៉ាងណា គឺជាសំណួរមួយក្នុងចំណោមសំណួរដែលច្បាប់ថ្មីនឹងត្រូវដោះស្រាយ។
| ពាក្យគន្លឹះ | |
| ភស្តុតាងបញ្ជាក់ទុនបម្រុង (Proof of reserves) | កំណត់ត្រាស្ថានភាពតាមកាលកំណត់ ដែលបង្ហាញថាតើទ្រព្យសកម្មដែលវេទិកាកាន់កាប់ មានតម្លៃយ៉ាងហោចណាស់ស្មើនឹងអ្វីដែលខ្លួនជំពាក់អតិថិជន ដោយមានភ្ជាប់ទិន្នន័យដើម្បីឱ្យអតិថិជនម្នាក់ៗអាចពិនិត្យមើលថាតើសមតុល្យរបស់ខ្លួនពិតជាត្រូវបានរួមបញ្ចូលឬទេ។ |
| សមាមាត្រទុនបម្រុង (Reserve ratio) | ទ្រព្យសកម្មដែលកាន់កាប់ ធៀបជាមួយសមតុល្យរបស់អតិថិជន។ ១០០% មានន័យថា តម្លៃទ្រព្យសកម្មដែលវេទិកាកាន់កាប់ ស្មើនឹងចំនួនសរុបដែលវេទិកាជំពាក់អតិថិជន។ លើសពី ១០០% មានន័យថាក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មច្រើនជាងចំនួនដែលខ្លួនជំពាក់។ |
| មូលនិធិការពារ (Protection fund) | ទុនបម្រុងដែលវេទិកាបម្រុងទុក សម្រាប់ប្រើប្រាស់ក្នុងករណីមានការខាតបង់ពិសេសកើតឡើង។ មូលនិធិនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផ្ទាល់ ហើយមិនមែនជាការធានារបស់រដ្ឋាភិបាលនោះទេ។ |
| កាបូបអនឡាញ ឬ “កាបូបក្តៅ” (Online (“hot”) wallet) | ការរក្សាទុកទ្រព្យសកម្មឌីជីថលដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត ដើម្បីអាចដំណើរការការដកប្រាក់បានយ៉ាងឆាប់រហ័ស។ វិធីនេះផ្ដល់ភាពងាយស្រួលប្រើប្រាស់ ប៉ុន្តែក៏ប្រឈមនឹងហានិភ័យខ្ពស់ជាងការរក្សាទុកនៅក្រៅបណ្តាញ (“កាបូបត្រជាក់” / cold storage)។ |
| ចំណុចខ្សោយប្រព័ន្ធសូន្យថ្ងៃ (Zero-day flaw) | ចំណុចខ្សោយផ្នែកសន្តិសុខដែលអ្នកផលិតកម្មវិធីមិនបានដឹងមុនថ្ងៃត្រូវបានគេយកទៅប្រើដើម្បីវាយប្រហារទាញយកផលប្រយោជន៍ពីប្រព័ន្ធនោះ មានន័យថាអ្នកផលិតកម្មវិធីក៏មិនទាន់មានដំណោះស្រាយកែតម្រូវ នៅពេលការវាយប្រហារកើតឡើងឡើយ។ |
អត្ថបទនេះគឺសម្រាប់ផ្ដល់ព័ត៌មានទូទៅប៉ុណ្ណោះ ហើយមិនមែនជាដំបូន្មានហិរញ្ញវត្ថុឬដំបូន្មានវិនិយោគឡើយ។ សកម្មភាពពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ នៅកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា
និងនិយ័តករមូលបត្រកម្ពុជា។ ទ្រព្យសកម្មគ្រីបតូមិនមែនជារូបិយបណ្ណស្របច្បាប់នៅកម្ពុជាទេ
ហើយក៏មិនត្រូវបានធានាដោយរដ្ឋាភិបាល ឬធនាគារកណ្តាលនោះទេ តម្លៃរបស់ទ្រព្យនេះក៏អាចប្រែប្រួលយ៉ាងខ្លាំងផងដែរ។ អ្នកអានគួរពិចារណាពីហានិភ័យឱ្យបានហ្មត់ចត់ និងស្វែងរកដំបូន្មានឯករាជ្យ មុនពេលធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។



