អ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យវេជ្ជសាស្ត្រ រដ្ឋធានីហាណូយ កំពុងតែអនុវត្តវិធីសាស្ត្រព្យាបាលកោសិកាស៊ាំ (immiune cell therapy) ។ គួររំលឹកថា ជ័យលាភីណូបែល ២០១៨ ផ្នែកវេជ្ជសាស្ត្រ មានសាស្ត្រាចារ្យ២រូប ទទួលបាន ក្នុងសាស្ត្រាចារ្យសញ្ជាតិអាមេរិក James P Allison បានរកឃើញកោសិកា CTLA4 ហើយសាស្ត្រាចារ្យជប៉ុន Tasuku Honju បានរកឃើញកោសិកា PD1 ។ កត្តា២នេះ សុទ្ធសឹងដើរតួនាទីបញ្ជាបម្រែបម្រួលភាពស៊ាំ ក្នុងការព្យាបាលជំងឺមហារីក ។
ភាពស៊ាំនៃការប្រឆាំងនឹងបាក់តេរី (Antibacterial resistance) PD1 និងភាពស៊ាំនៃការប្រឆាំងនឹងបាក់តេរី CTLA4 បានក្លាយជាឱសថព្យាបាលមហារីកថ្មីបំផុត និងផ្លូវការលើពិភពលោក ។ បណ្តាឱសថខាងលើ មានតួនាទីធ្វើឲ្យសកម្មឡើង (Actived) និងអូសបន្លាយ “អាយុ” របស់បណ្តាកោសិកាស៊ាំពិសេស (Specific immune cells) ដើម្បីបណ្តាកោសិកាទាំងនេះវាយសម្លាប់កោសិកាមហារីក ។
លោក James Allison និង លោក Tasuku Honjo ឈ្នះរង្វាន់ណូបែល
សាស្ត្រាចារ្យបណ្ឌិត Ta Thanh Van នាយករងសកលវិទ្យាល័យវេជ្ជសាស្ត្រ Hanoi ដែលជាកូនសិស្សរបស់សាស្ត្រាចារ្យ Tasuku Honju ម្ចាស់ជ័យលាភីណូបែលវេជ្ជសាស្ត្រឆ្នាំ ២០១៨ ពោលថា ៖ មហារីកជាបញ្ហាដ៏លំបាកដោះស្រាយ ដែលមុននេះមានវិធីព្យាបាលដោយវះកាត់ ប្រើគីមី ព្យាបាលសំដៅគោលដៅ…។ល។ ហើយប្រមាណ ១០ឆ្នាំមកនេះ មានបន្ថែមវិធីសាស្ត្រព្យាបាលដោយកោសិកាស៊ាំ -មូលដ្ឋាននៃវិធីសាស្ត្រនេះគឺបង្កើនកម្លាំងទប់ទល់នៃប្រព័ន្ធការពារសរីរាង្គចំពោះកត្តាទាំងក្នុង និងទាំងក្រៅ ។
សាស្ត្រាចារ្យ Ta Thanh van (អាវខ្មៅ) និងម្ចាស់ជ័យលាភីណូបែល សញ្ជាតិជប៉ុន Tasuku Honju ដែលជាគ្រូរបស់ខ្លួន ។
សាស្ត្រាចារ្យវៀតណាមរូបនេះឲ្យដឹងបន្ថែមថា ៖ អ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ Hanio បានអនុវត្តវិធីសាស្ត្រនេះពីដើមឆ្នាំ ២០១៧ មក ដោយអនុវត្តតាមយន្តការ ផ្ទេរប្រគល់បច្ចេកទេស ពីសំណាក់អ្នកជំនាញការជប៉ុន។
សាស្ត្រាចារ្យវៀតណាមរូបនេះ ឲ្យដឹងបន្ថែមថា ៖ សារធាតុដើម នៃវិធីព្យាបាលនេះ គឺបង្កើនភាពស៊ាំនៃរាងកាយ ដោយផ្តាច់យកកោសិកាស៊ាំពីឈាមទៅផ្ទៃក្រៅ (Peripheral blood) របស់អ្នកជំងឺផ្ទាល់ (ប្រមាណប៉ុន្មានលានកោសិកា) ក្រោយមកបង្កើនចំនួន និងធ្វើឲ្យខុសគ្នា (differentiate) ឲ្យបានចំនួនប៉ុន្មានពាន់លាន រួចបញ្ចូលឲ្យអ្នកជំងឺ ។
“ក្រោយពេលមានចំនួនគ្រប់គ្រាន់ និងមុខងារទាំងឡាយដែលចង់បាន (មុខងារសម្គាល់ដឹងអត្តសញ្ញាណកោសិកាមហារីក រួចកម្ទេចវាចោល) នោះទើបកោសិកាស៊ាំនេះត្រូវបានបញ្ជូនត្រឡប់ចូលរាងកាយរបស់អ្នកជំងឺ បង្កើតជារបាំងកោសិកាស៊ាំ មានថាមពលគ្រប់គ្រាន់ ដើម្បីកម្ចាត់កោសិកាមហារីក “-សាស្ត្រាចារ្យ Ta Thanh Van សង្កត់ធ្ងន់ ។
វិធីសាស្ត្រនេះ បញ្ចូលឈាមទៅវិញ៦លើក ក្នុងអំឡុងពេល ៣ខែ គឺ ២សប្តាហ៍ម្តង ។
លទ្ធផលនៃការព្យាបាលដោយប្រើវិធីសាស្ត្រនេះជាង១ឆ្នាំកន្លងមកលើមហារីកក្រលៀន សួន ថ្លើម ក្រពះ ពោះវៀនធំ និងសុដន់ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះអ្នកជំងឺខ្លះបានស្ថិតនៅព្រំដែននៃការស្លាប់-រស់ (ដំណាក់កាល ៣ ឬ ៤) ក៏មានគុណភាពជីវិតល្អប្រសើរឡើង ពិសេសពុំទាន់ឃើញមានប្រតិកម្មបន្ទាប់បន្សំទេ ។
ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមកំពុងប្រឹងប្រែងឆ្ពោះទៅគោលដៅ ធ្វើយ៉ាងណាជួយដល់អ្នកជំងឺឲ្យបានច្រើន ទាំងបរិមាណ និងគុណភាពជីវិត។
ម្យ៉ាងទៀតតម្លៃនៃការព្យាបាលតាមវិធីសាស្ត្រនេះ ទាបជាងនៅប្រទេសក្រៅច្រើន ព្រោះក្រុមវេជ្ជបណ្ឌិតអាចម្ចាស់ការ និងក្តាប់បានបច្ចេកទេសនេះទាំងស្រុង ។
យ៉ាងណាក្តីពេលនេះ មានអ្នកជំងឺរាប់រយនាក់កំពុងរង់ចាំ ព្រោះបច្ចុប្បន្នក្នុង១វគ្គៗ អាចព្យាបាលបានអ្នកជំងឺពី ៦-៨ នាក់ប៉ុណ្ណោះ ។ ហេតុនេះមន្ទីរពេទ្យអាទិភាពចំពោះអ្នកជំងឺមហារីកស្ថិតក្នុងដំណាក់កាល 3 និង ៤ ដែលជាដំណាក់កាលចុងក្រោយ ។
រដ្ឋវៀតណាមក៏កំពុងមានផែនការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងប្រើប្រាស់កោសិកា សម្រាប់បម្រើឲ្យការព្យាបាលជំងឺមហារីក ៕ ចន្ទ្រា