ផ្កាយរណបបញ្ចេញពន្លឺ ត្រូវបានក្រុមហ៊ុនឯកជនមួយនៅទីក្រុងចេងឌូ មានគម្រោងបាញ់បង្ហោះនៅឆ្នាំ២០២០។
កាសែតប្រជាជន(ចិន) ចុះផ្សាយថ្ងៃទី១៧តុលា ឱ្យដឹងថា ទីក្រុងចេងឌូ ខេត្តសឺជាំង ប្រទេសចិន មានគម្រោងនឹងប្រើប្រាស់ផ្កាយរណបបញ្ចេញពន្លឺធ្វើជាព្រះចន្ទក្លែងក្លាយនៅពេលយប់ ហើយមានកម្រិតភ្លឺជាងព្រះចន្ទមែនទែនដល់ទៅ៨ដង និងអាចដើរតួនាទីជំនួសភ្លើងបំភ្លឺផ្លូវ។
ព័ត៌មានខាងលើត្រូវបានប្រធានវិទ្យាស្ថានស្រាវជ្រាវអវកាសនិងប្រព័ន្ធបច្ចេកវិទ្យាចេងឌូ (CASC)ប្រកាស ហើយឱ្យដឹងបន្ថែមថា ផ្កាយរណបនេះអាចបញ្ចេញពន្លឺគ្របដណ្តប់លើតំបន់មួយមានវិជ្ជមាត្រពី10-80 km និងអាចសម្រួលទីតាំងបញ្ចេញពន្លឺបានថែមទៀត។
ប្រភពដដែលឱ្យដឹងថា ការពិសោធផ្កាយរណបបញ្ចេញពន្លឺនេះត្រូវបានអនុវត្តន៍តាំងពីច្រើនឆ្នាំមក ហើយមកទល់ពេលនេះវាបានឈនដល់ដំណាក់កាលសុក្រឹតមុនពេលបង្ហោះនៅឆ្នាំ២០២០។
គេនៅពុំទាន់ដឹងច្បាស់ថា គ្រោងការណ៍នេះត្រូវបានរដ្ឋាភិបាលចិន ឬរដ្ឋអំណាចក្រុងចេងឌូ អនុម័តរួចហើយដែរឬទេ ប៉ុន្តែCASC បច្ចុប្បន្នជាអ្នកម៉ៅការកម្មវិធីអវកាសរបស់ប្រទេសនេះ។
ក្នុងពេលជាមួយគ្នានោះ មនុស្សមួយចំនួនបានបង្ហាញនូវកង្វល់ថា ព្រះចន្ទក្លែងក្លាយអាចជះឥទ្ធិពលដល់ពពួកសត្វព្រៃ ក៏ដូចជាការគយគន់លំហរបស់អ្នកតារាសាស្ត្រ។ប៉ុន្តៃសាមីក្រុមហ៊ុនឱ្យដឹងថា ពន្លឺផ្កាយរណបនេះមានលក្ខណៈស្រអាប់ ពុំបង្កឥទ្ធិពលដល់បញ្ហាទាំងនោះឡើយ៕លីសា