Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈរដ្ឋមន្ត្រី ចាប់ផ្តើ​ពិភាក្សា​សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់ ការទូទាត់​ថវិកា​រដ្ឋ​ឆ្នាំ​២០១៧

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បី​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ​នៅ​វិមាន​សន្តិភាព ។​

​បើតាម លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ថ្លែងថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ព្រឹក​នេះ មាន​របៀបវារៈ​ដូចតទៅ​៖

១.សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។

២.សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧​។

៣.បញ្ហា​ផ្សេងៗ​ ៖ សំណើ​រសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​ ៖

៣.១.កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល រវាង​កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ឥណ្ឌូនេស៊ី​។

៣.២.សន្ធិសញ្ញា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី ស្តី​ពី​បត្យាប័ន​ជាដើម​។​

​លោក​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បន្ថែមថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្ដើម​ពិភាក្សា​លើ​របៀបវារៈ​ស្ដីពី “​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩” ៖ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ដែល​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​ក្នុង​ពេល​នេះ គឺ​ជា​ថវិកា​ឆ្នាំ​ទី​១ ដើម្បី​គាំទ្រ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ក្នុង​ដំណើរ ឆ្ពោះទៅមុខ​ប្រកបដោយ​ជឿជាក់ នៅលើ​មាគ៌ា​នៃ​ការកែទម្រង់​ស៊ីជម្រៅ និង​ការអភិវឌ្ឍ ព្រម​ទាំង​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​សំខាន់ៗ ជាច្រើន ដែល សម្រេច​បាន​កន្លងមក ទាំង​ខាង​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ដែល​ជា​បុរេ​លក្ខខណ្ឌ​សម្រាប់ ការបន្ត រក្សា​សន្តិភាព ស្ថិរភាព ក៏​ដូច​ជា​ការ​ទ្រទ្រង់​ដំណើរ​ការវិវឌ្ឍ​ឈាន​ឡើង របស់​កម្ពុជា លើ​វិថី​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព​។​

​ក្នុងន័យនេះ ថវិកា​ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំ និង​វិភាជន៍ ដើម្បី​អនុវត្ត សកម្មភាព​អាទិភាព ដែល​ត្រូវបាន​កំណត់​ក្នុង​កម្មវិធី និង​អាទិភាព គោល​នយោបាយ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​រួមមាន​៖ ការអភិវឌ្ឍ​ធនធានមនុស្ស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ការ​បន្ត​អភិវឌ្ឍ និង​បង្កើន​តម្លៃ​បន្ថែម​នៃ​វិស័យ កសិកម្ម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ ការកែលម្អ​ប្រព័ន្ធ​អប់រំ​ឱ្យ​កាន់តែ​មាន​គុណភាព​ខ្ពស់ ការលើកកម្ពស់​ប្រព័ន្ធ​គាំពារ​សង្គម​, ជា​ពិសេស​ការអនុវត្ត​កម្មវិធី កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ដើម្បី​បន្ត​គាំទ្រ និង​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​គុណភាព និង​មាន​ភាព​ធន់​ខ្ពស់ ធានា​បាន​សមធម៌​សង្គម ដែល​មាន​បរិយា​ប័ន្ន និង​ពង្រឹង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​ដំណើរ​ឆ្ពោះទៅ សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​កម្ពុជា ជា “​ប្រទេស​ដែល​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០”​។​

​សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការណ៍ ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស ប្រជាជ​កម្ពុជា បន្ដ​ទទួល​បាន​នូវ​ទំនុកចិត្ត​ដ៏​ច្រើន​លើសលុប​ចេញ ពី​ឆន្ទៈ របស់​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ដឹកនាំ​ប្រទេសជាតិ សម្រាប់ រយៈពេល​៥​ឆ្នាំ​បន្ដទៀត ។ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​បាន​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ និង​មាន​តម្លាភាព ស្រប​ទៅតាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​រហូត​ដល់​៨៣,០២​ភាគរយ នៃ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត បាន​នឹង​កំពុង បន្ដ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន បន្ដ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ជាមួយនឹង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ឥត​រាថយ និង​កាន់តែ​ស្វាហាប់ ជាង​ពេល​ណាៗ​ទាំងអស់ ក្នុងការ​បម្រើប្រជាជន​ទ្វេដង ក៏​ដូច​ក្នុងកា​រ​ពន្លឿន​កិច្ចអភិវឌ្ឍ និង​ជំរុញ​អនុវត្ត​ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​គ្រប់​វិស័យ ឆ្ពោះទៅ​រក​អនាគត​មួយ​ដ៏​រុងរឿង ស្រប​តាម​ឆន្ទៈ និង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ។​

​ឈរ​លើ​មូលដ្ឋាន​នេះ សេចក្ដីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ មាន​គោលដៅ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ជា​ពិសេស​អនុវត្ត​តាម​គោលនយោបាយ​អាទិភាព​សំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្ដែង​នានា ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ឱ្យ​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​អតិបរមា​ជូន​ប្រទេស​ជាតិ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ សេចក្ដីត្រូវការ និង​ការរំពឹងទុក​របស់​ប្រជាជន​ដែល​ជា​ម្ចាស់ឆ្នោត នៅក្នុង​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​នេះ ។ ក្នុងន័យនេះ ថវិកា​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ទី​១ នៃ​នី​តិកាលទី​៦ នៃ​រដ្ឋសភា ត្រូវតែ​ជា​យុទ្ធសាស្ដ្រ​នៃ​ការរក្សា​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​លំបាក និង​ការបន្ដ​បុកគ្រឹះ​ថ្មីៗ​សម្រាប់​គាំទ្រ​ដល់​ការសម្រេច​បាន​គោលដៅ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ និង​យុទ្ធសាស្ដ្រ​ចតុកោណ​-​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ដ​រក្សា​សន្ដិភាព ស្ថិរភាព ក៏ដូចជា​ទ្រទ្រង់​នូវ​ដំណើរ​ការវិវឌ្ឍ​ឈាន​ឡើង​របស់​កម្ពុជា​លើ​វិថី​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព ត​ទៅ​មុខ​ឥតឈប់ឈរ ។​

​នៅក្នុង​រយៈពេល​មធ្យម​ខាងមុខ ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា​នឹង​ឈាន​ដល់​ដំណាក់កាល​ប្រែប្រួល​ថ្មី​មួយទៀត ជាពិសេស​ចាប់​ពីពេលនេះ​ទៅ​រយៈពេល​០៥​ឆ្នាំ​ខាង​មុខ ដែល​ជា​អន្ដរកាល​ឆ្ពោះ​ទៅ​សម្រេច ឋានៈ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។ ក្នុង​ក្របខណ្ឌ​នេះ កម្ពុជា​ត្រូវតែ​មាន ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​កាន់តែ​ស្អាតស្អំ ឆ្លាត​វៃ និង​មាន​សមត្ថភាព​ខ្លាំង​​ពូកែ (A clean, Smart and Strong Government) ដើម្បី​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​អត្រា​ប្រមាណ​៧​ភាគរយ​ក្នុង​មួយឆ្នាំ សម្រាប់​បង្កើត​ការងារ​ប្រកបដោយ​គុណភាព សម្រាប់​យុវជន​ផង ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធ​ភាព​ចំពោះ​ក្ដី​រំពឹង​ទុក​របស់​ប្រជាជន​ផង ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​របស់​ប្រជាជន ដែល​ចេះ​តែ​កើនឡើង​ជា​លំដាប់ នូវ​សេវា​សាធារណៈ​​សំខាន់ៗ​ប្រកបដោយ​គុណភាព ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ដ សេវា​អប់រំ សុខាភិបាល និង​សេវា​មូលដ្ឋាន​ចាំបាច់​ផ្សេង​ទៀត រួម​ទាំង​របប​សន្ដិសុខ​សង្គម និង​សុខមាលភាព​របស់​ប្រជាជន​ទូទៅ ការធានា​សុវត្ថិភាព​ចំណូល ជាពិសេស​សម្រាប់​ប្រជាជន​ងាយ​រងគ្រោះ និង​ការកាត់បន្ថយ​គម្លាត​នៃ​ការរីកចម្រើន​រវាង​ទីក្រុង និង​ជនបទ ។​

​ចំពោះ​ទិដ្ឋភាព​ក្រៅប្រទេស ស្ថានភាព​ភូមិសាស្ដ្រ​នយោបាយ​ពិភពលោក ដែល​កំពុង​វិវត្ត​ក្នុង​ក្របខ័ណ្ឌព​ហុ​ប៉ូល​នេះ កាន់តែ​ស្មុគ​​ស្មាញ​​ឡើងៗ ហើយ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក និង​តំបន់ ក៏​នៅ​បន្ដ​ស្ថិតក្នុង​ភាព​មិន​ប្រកដប្រជា​នៅឡើយ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អាច​នឹង​នាំទៅ​ដល់​វិបត្តិ​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ​ថែម​ទៀត ។ ពិតណាស់ថា កម្ពុជា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​បើកចំហ​ខ្លាំង និង​ទទួលបាន​ការរីកចម្រើន​ដោយសារ​សាកលភាវូបនីយកម្ម អាច​នឹង​ទទួលរង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​មួយចំនួន ដោយ​មិន​គិត​ទៅ​ដល់​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​ការឡើង​ថ្លៃ​ប្រេង ព្រម​ទាំង​ការ​ឡើងថ្លៃ និង​កា​ដំឡើង​អត្រា​ការប្រាក់​ដុល្លារ​អាមេរិក ។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​អាចនឹងទទួល​បាន​កាលានុវត្តភាព​មួយចំនួ​ន វិញ​ដែរ ។ ក្នុងន័យនេះ កម្ពុជា​ត្រូវ​ចេះ​បត់បែន និង​តាម​ឱ្យទាន់​សភាពការណ៍​ប្រែប្រួល​ក្នុង​តំបន់ និង​ពិភពលោក​ដើម្បី​បញ្ចៀស និង​សម្រាល​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទាំងឡាយ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ ហើយ​ត្រូវ​ត្រៀម​ខ្លួន​ឱ្យបាន​ល្អ ដើម្បី​ប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងឡាយ ឱ្យក្លាយ​ទៅ​ជា​កាលានុវត្តភាព និង​ត្រូវ​ចេះ​ប្រើប្រាស់​លក្ខខណ្ឌ​អំណោយផល​ទាំងឡាយ​សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច និង​កែលម្អ​បរិស្ថាន​វិនិយោគ​សម្រាប់​ទទួល និង​ទាក់ទាញ​បន្ថែម​ការវិនិយោគ​និង​ធុរកិច្ច​ដែល​អាច​នឹង​ហូរ​ចេញ ពី​តំបន់​ជម្លោះ​ពាណិជ្ជកម្ម​ចូល​មក​កាន់​កម្ពុជា ។ ទន្ទឹមនេះ កម្ពុជា​ក៏​ត្រូវ​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​ឌីជីថល​រូបនីយកម្ម ជាពិសេស​ក្នុង​បរិការណ៍​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការពារ និង​អភិរក្ស​បរិស្ថាន ធនធានធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី តំបន់​ជីវៈចម្រុះ ព្រៃឈើ និង​ជម្រក​សត្វព្រៃ ព្រមទាំង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ផងដែរ ។​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បាន​បញ្ចប់​បេសកកម្ម​ជា​ប្រវត្តិសាស្ដ្រ​របស់​ខ្លួន​ប្រកប​ដោយ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់ និង​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ប្រទេសជាតិ និង​ប្រជាជន ហើយ​ទទួលបាន​នូវ​ពរជ័យ និង​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស ។ ជាក់ស្ដែង​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា រក្សា​បាន​ពេញ​លេញ​នូវ​សន្ដិភាព បូរណភាព​ទឹកដី និង​ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​ក្នុង​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​កិច្ច​​ដំណើរការ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការរក្សាបាន​នូវ​លំនឹង​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន ។

ទន្ទឹមនេះ កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្នុង​អត្រា​ជាង​៧​ភាគរយ​ក្នុង​មួយឆ្នាំ ហើយ​មូលដ្ឋាន​នៃ​កំណើន​ក៏​កាន់តែ​មាន​ពិពិធ​កម្ម​ច្រើនឡើង ដែល​ធ្វើឱ្យ​ទំហំ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ឡើង​ជា​លំដាប់ ។ ជាក់ស្ដែង ទំហំ​សេដ្ឋកិច្ច (​ផ​.​ស​.​ស តាម​ថ្លៃ​បច្ចុប្បន្ន​) បាន​កើនឡើង​ពី ៦១.៣២៦.៩២៨ លាន​រៀល ឬ​សមមូល​នឹង​ប្រមាណ​ជាង ១៥.២៣៧ លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ដល់ ៩៩.១១៦.០៤១ លាន​រៀល ឬ សមមូល​នឹង​ប្រមាណ​ជាង ២៤.៥៥២ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ។ ចំណូល​មនុស្ស​ម្នាក់​ធៀង​នឹង ផ​.​ស​.​ស ក៏​បាន​កើនឡើង​ពី ១ .០៤២ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ដល់​ប្រមាណ ១.៥៦៣ ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​២០១៨ ។ អត្រា​ប្ដូរ​ប្រាក់​ស្ថិត​ក្នុង​រង្វង់ ៤.០៥០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ក្នុងខណៈ ដែល​អត្រា​អតិផរណា ជា​មធ្យម​ស្ថិត​ក្នុង​រង្វង់​៣​ភាគរយ ដែល​ជា​កម្រិត​មួយ​ទាប និង​អាច​គ្រប់គ្រង​បាន ក្នុង​រយៈពេល​ដូចគ្នា ។ ទន្ទឹមនេះ ទុនបម្រុង​អន្ដរជាតិ​ក៏​បាន​កើនឡើង​ពី ៣ ៦៤៣
​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣ ដល់ ៩.៤៩៤ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨ ។​

​ការសម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​រឹងមាំ និង​ធន​នឹង​វិបត្តិ​ក្នុង​បរិការណ៍​អតិផរណា​ទាប និង​អត្រា​ប្ដូរ​ប្រាក់​មាន​ស្ថិរភាព​ខាងលើនេះ បានធ្វើឱ្យ​រាជរដ្ឋាភិបាល​អាច​ធ្វើកា​រ​បែងចែក​នូវ​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​កាន់តែច្រើន​ថែមទៀត​ដល់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ទាំង​ខាង​សម្ភារៈ​និង​ស្មារតី ។

ជាក់ស្ដែង ក្នុង​រយៈពេល​៥​ឆ្នាំ កន្លងមកនេះ​មន្ដ្រីរាជការ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​ទទួលបាន​ការដំឡើង​បៀវត្ស​ដល់​កម្រិត​ជាង​១​លាន​រៀល នៅក្នុង​ឆ្នាំ​២០១៨ ហើយ​ការបើក​បៀវត្ស​ធ្វើបាន​ទាន់ពេលវេលា ក្នុង​សប្ដាហ៍​ទី​៤​នៃ​ខែ​តាម​ប្រព័ន្ធ​ធនាគារ ។ និវត្តជន​ក៏​ទទួលបាន​នូវ​ការបង្កើន​ប្រាក់​សោធន​និវត្តន៍ និង​របប​តាវកាលិក​ផ្សេង​ទៀត​ជា​បន្ដបន្ទាប់​ផងដែរ ។ ដូចគ្នានេះដែរ កម្មក​ន​យោ​ជិត ក្នុង​វិស័យ​ឯកជន​ក៏​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ចំណុច ១៧០ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​ឡើង​ដល់ ១៨២ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៩ ហើយ​បើក​២​ដង​ក្នុង​មួយខែ ដោយ​មិន​ទាន់​គិត​ទៅ​ដល់​ការទទួលបាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ផ្សេង​ទៀត ពី​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល រួម​មាន​ការកំណត់​ផ្ដល់ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់​កម្មករ ដោយ​និយោជក​ជា​អ្នក​បង់ថ្លៃ​ជួ​ស និង​ការផ្ដល់​នូវ​របបឧ​ត្ថ​ម្ភ​មាតុភាព​ចំនួន ៤០ ម៉ឺន​រៀល សម្រាប់​ការ​សម្រាលកូន​មួយ​ជា​ដើម ។ ដោយឡែក​ចំណូល​របស់​កសិករ អាជីវករ និង​ពលករ​ផ្សេង​ទៀត​ក៏​បាន​កើនឡើង​ដូច​គ្នា​ដែរ តែ​បងប្អូន​ប្រជាកសិករ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល តាមរយៈ​ការវិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជនបទ និង​ការលើកកម្ពស់​ផលិតភាព​កសិកម្ម ក៏ដូចជា​តាមរយៈ​អន្ដរាគមន៍​ផ្ទាល់ របស់​រដ្ឋ​នៅ​ពេល​កសិផល ជាពិសេស​ស្រូវ​-​អង្ករ ប្រឈម​នឹង​ការធ្លាក់​ចុះ​ថ្លៃ​នៅលើ​ទីផ្សារ​អន្ដរជាតិ ឬ​ទ្រទ្រង់​ថ្លៃ​កុំ​ឱ្យ​ធ្លាក់ចុះ​ហួស​ពី​ថ្លៃ​ទីផ្សារ​ខ្លាំងពេក ដោយ​មិន​សម​ហេតុ​សម​ផល​ជាដើម ។ ក្រៅ​ពី​ការបង្កើត​ឱកាស​រក​ប្រាក់ចំណូល និង​ការកាត់បន្ថយ​បន្ទុក​ចំណាយ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​អ្នក​មាន​ចំណូល​ទាប និង​អ្នក​ប្រកប​អាជីវកម្ម​តូចតាច រាជរដ្ឋាភិបាល​ក៏​បាន​ប្រមូល​ពន្ធ កាន់តែ​ច្រើន​ពី​អ្នក​ដែល​មា​ចំណូល​ខ្ពស់ ដោយ​ឈរ​លើ​គោលការណ៍​សមធម៌ និង​យុត្តិធម៌ ហើយ​មិន​ឱ្យ​រវាត​ពី​តួនាទី​របស់​ប្រព័ន្ធ​ពន្ធដារ ដែល​ជា​ឃ្នាស់​នៃ​កំណើន​សេដ្ឋកិច្ច និង​ជា​យន្ដការ​នៃ​ការបែងចែក​នូវ​ផល​រំពឹងទុក​នេះ​ឡើង​វិញ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ប្រព័ន្ធ​ថវិកាជាតិ ក្នុងនោះ រួម​ទាំង​ការដំឡើង​បៀវត្សរ៍​ជូន​មន្ដ្រីរាជការ ការពង្រីក និង​កែលម្អ​គុណភាព​សេវា​សាធារណៈ និង​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ការកែលម្អ និង​ការពង្រីក​វិសាលភាព និង​របប​គាំពារ​សង្គម និង​សន្ដិសុខ​សង្គម​ដល់​មន្ដ្រីរាជការ​គ្រប់​ប្រភេទ និង​ជូន​ដល់​ក្រុម​ជន​ងាយ​រងគ្រោះ​នៅក្នុង​សង្គម​ជាដើម ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

×