Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​សុខភាព​ពិភពលោក​៖​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺរបេង​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ស្តីពី​ជំងឺរបេង​សកលលោក​ឆ្នាំ​២០១៧ (Global Tuberculosis Report 2017) ដែល​បាន​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ពី​ទីក្រុង​ហ្សឺ​ណែ​វ នា​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅនេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជា​ថ្មី​ទៀត​ថា “​កម្ពុជា​បាននិងកំពុង​ទទួល​បាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ​ក្នុង​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺរបេង​” ។​

​បើ​យោង​តាម​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន នៃ​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី​៤​ធ្នូ បានឲ្យដឹងថា ជាក់ស្តែង​តាម​របាយការណ៍ ក្នុង​រយៈពេល ១៦​ឆ្នាំ កន្លងមកនេះ អត្រា​ឈឺ និង អត្រា​ស្លាប់​ដោយ​ជំងឺ​របេង​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​ដ៏ទៃទៀត​។ គិត​ពី​ឆ្នាំ ២០០០ ដល់ ឆ្នាំ ២០១៦ “​អត្រា​ស្លាប់​” បាន​ធ្លាក់ចុះ ៥៥ ភាគរយ ដែល​អត្រា​នេះ បាន​ចុះ​មក​នៅ​កម្រិត ២០​ករណី ក្នុងចំណោម​ប្រជាជន ១០០.០០០ នាក់​តែ​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០១៦ (២០/១០០.០០០)​។ រីឯ អត្រា​កើតមាន​ជំងឺ​ថ្មី ហៅថា “​អត្រា​អាំង​ស៊ី​ដង់​” បាន​ចុះ​ថយ ៤១% ក្នុងអំឡុងពេល​ដូចគ្នា (២០០០-២០១៦) ដែល​អត្រា​អាំ​ស៊ីដង់​បាន​ធ្លាក់​ចុះ​ដល់​កម្រិត ៣៤៥ ករណី លើ​ចំនួន​ប្រជាជន ១០០.000 នាក់ នៅ​ឆ្នាំ​២០១៦ (៣៤៥/១០០.០០០) ។​

​បច្ចុប្បន្ននេះ ក្រសួង​សុខាភិបាល មាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺរបេង ដោយ​រាជរដ្ឋាភិបាល​ជា​អ្នក​ចេញ​ថ្លៃ​ជួ​ស នៅ​គ្រប់​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ប៉ុស្ត៍​សុខភាព​សាធារណៈ​ទាំងអស់ សរុប​មាន​ចំនួន ១៣៧២​កន្លែង នៅ​ទូទាំង​ប្រទេស​។ ក្រសួង​សុខាភិបាល បាន​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ (​ចន្លោះ​១៩៩០-២០១៥) ក្នុងការ​ធ្វើ​អោយ​ធ្លាក់ចុះ​អត្រា​អាំង​ស៊ី​ដង់ កាត់បន្ថយ​អត្រា​ប្រេ​វ៉ា​ឡង់ និង​អត្រា​ស្លាប់​ដោយសារ​ជំងឺរបេង​អោយបាន ៥០% ចាប់តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ពោល​គឺ​សម្រេច​បាន​បួន​ឆ្នាំ​មុន​កាលកំណត់​។ មក​ដល់​ចុង​ឆ្នាំ​២០១៥ កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម ៩ ប្រទេស​ប៉ុណ្ណោះ នៃ​ប្រទេស​ទាំង​២២ ដែល​មាន​បន្ទុក​ជំងឺរបេង​ធ្ងន់ធ្ងរ ដែល​បាន​សម្រេច​ជា​ស្ថាពរ​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ស្តីពី​ជំងឺរបេង​។ ជោគជ័យ​នេះ​ត្រូវបាន​ទទួល​ការកោតសរសើរ និង​វាយ​តំលៃ​យ៉ាងខ្ពស់ ពី​សហគមន៍​អន្តរជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង ហើយ​ដែល​ជា​ជោគជ័យ​ដ៏​គួរអោយ​កត់សំគាល់រ​បស់​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ជោគជ័យ​ដ៏​ជាទី​មោទនៈ​នេះ ទទួល​បាន​ដោយសារ ៖ ​ការ​មាន​ការ​គ្រាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន សម្តេ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លៀសវៃ និង​ប្រកបដោយគតិបណ្ឌិត​។​ ការប្តេជ្ញា​ចិត្ត​ប្រកបដោយ​ការយកចិត្តទុកដាក់ ដឹកនាំ​ចង្អុលបង្ហាញ និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល ជាពិសេស​ពី​សំណាក់ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។​ ​ការចូលរួមចំណែក គាំទ្រ និង​ឧបត្ថម​ពី​គ្រប់​មជ្ឈដ្ឋាន រួមមាន ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ អ្នកបម្រើ​ការងារ​របេង នៅ​គ្រប់​លំដាប់ថ្នាក់ រួមទាំង​អ្នក​ស្ម័គ្រចិតុ្ត​នៅ​ថ្នាក់​សហគមន៍ និង​ភាគី​ដៃគូ​សុខាភិបាល​ផងដែរ​។​

​ដោយឡែក នៅ​អំឡុង ៩ ខែ ដើមឆ្នាំ​២០១៧ នេះ ករណី​របេង​សរុប​ចំនួន ២៥.២១៦ ករណី ត្រូវបាន​រកឃើញ​ដាក់អោយ​ព្យាបាល​ដោយ​កម្ម​វិធី​ជាតិ​កម្ចាត់​រោគរបេង ដែល​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា បើ​បៀ​ប​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៦ ដែលមាន ២៥.៣៦២ ករណី​។​ ​ទោះបីជា​ទទួលបាន​ជោគជ័យ​យ៉ាង​នេះ​ក៏ដោយ ក៏​កម្មវិធី​ជាតិ​កំចាត់​រោគរបេង នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​បំពេញ​ទៅ​ថ្ងៃ​អនាគត ពិសេស​ដើម្បី​រួមចំណែក​ក្នុង​ការសម្រេច​បាន​ទិសដៅ​នៃ​វិស័យ​សុខាភិបាល​នៅ​ឆ្នាំ​២០២០ ក៏ដូចជា​សំដៅ​ឆ្ពោះទៅ​កាន់​ការរួមចំណែក​ក្នុង​ការសម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព នៅ​ឆ្នាំ​២០៣០ ៕ ដោយ​៖​កូឡាប​

 

×