ខេត្តស្វាយរៀង ៖ លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រមូលផលអំពៅស្ករ នៅភូមិតាប៉ោញ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋាន កសិ-ឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកស្វាយទាប លោកមេឃុំមនោរម្យ ពពែត ព្រៃតាអី ឃុំគគីរសោម ក្រុមហ៊ុនសហប្រតិបត្តិការស្វាយរៀង-តៃនិញ សមត្ថកិច្ចតាមព្រំដែន ប្រជាពលរដ្ឋ ជាពលករកាប់អំពៅ ប្រមាណ ៣៥០នាក់។
លោក កុយ សារ៉េន តំណាងឱ្យក្រុមហ៊ុន អ៊ីសធើនរ៉ាយស៍ហ្វៀលឌីវេឡុបមេនខូអិលធីឌីដាំដំណាំអំពៅស្ករបានឱ្យដឹងថាៈ ដោយអនុវត្តតាមផែនការគម្រោងកិច្ចសហប្រតិបត្តិការចុះកិច្ចសន្យាវិនិយោគដាំដំណាំកសិឧស្សាហកម្ម កសិកម្ម លើដំណាំអំពៅស្ករ ដំឡូងមី សណ្តែក ល្ង ឳឡឹក និងដំណាំស្រូវដែលក្រុមហ៊ុនរបស់លោកបានរៀបចំចុះកិច្ចសន្យាតាមបណ្តាក្រុមហ៊ុនដៃគូរបានចំនួន១៦ដើម្បីធ្វើការដាំដំណាំដោយគម្រោងខាងលើដោយមានការជួយផ្តល់ទុនវិនិយោគពីរោងចក្រអំពៅស្ករថាញ់ថាញ់កុងខេត្តតៃនិញប្រទេសវៀតណាម។
លោក កុយ សរ៉េន បានឱ្យដឹងទៀតថា ៖ នៅក្នុងស្រុករបស់លោកមានក្រុមហ៊ុនចំនួន៥ដែលកំពុងអនុវត្តចំនួន២ស្រុកគឺស្រុកស្វាយទាប មាន៣ក្រុមហ៊ុននិងស្រុករំដួលមាន២ក្រុមហ៊ុនដោយមានផ្ទៃដីសរុបទាំង២ស្រុកចំនួន៤១១៦ហិកតាហើយពូជអំពៅដែលត្រូវរក្សាពូជដាំនៅក្នុងតំបន់នេះនៅសល់តែ២ពូជទេដែលសមស្របតាមភូមិសាស្ត្រដីគឺមាន ១.ពូជ K.K3 ២.ពូជ L.K 92.11 ។
លោកតំណាងក្រុមហ៊ុនបានមានប្រសាសន៍បន្ថែមទៀតថា៖ គម្រោងបានអនុវត្តជោគជ័យទៅបានដោយសារបានការគាំទ្រចង្អុលបង្ហាញពីលោកអភិបាលខេត្តដើម្បីធ្វើការអភិវឌ្ឍនៅតំបន់ភូមិសាស្ត្រឃុំជាប់ព្រំដែនឱ្យទៅជាតំបន់ពណ៍បៃតងហើយមានការគាំទ្រនូវបច្ចេកទេសពីមន្ទីរកសិកម្មខេត្តស្វាយរៀង អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តនិងក្នុងមូលដ្ឋានជួយបង្កលក្ខណៈងាយស្រួលដើម្បីឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍពីដីវាលទំនេរ ដីវាលទំនាបតំបន់លិចទឹកត្រូវបានរៀបចំកសាងនូវប្រព័ន្ធផ្លូវដឹកជញ្ជូន.ប្រព័ន្ធផ្លូវទឹកហូរឆ្លងកាត់ បានបង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋមានការងារធ្វើទទួលបានប្រាក់កំរ៉ៃប្រចាំថ្ងៃដូច្នេះការអភិវឌ្ឍនៅតំបន់នេះមានរយៈពេល៨ឆ្នាំមកហើយចាប់ពីឆ្នាំ២០១១មកដល់ឆ្នាំ២០១៨នេះ។
លោក កុយ សារ៉េន បានសង្កត់ធ្ងន់ថា ៖ នៅចំពោះមុខតំលៃអំពៅក្នុងឆ្នាំ២០១៨នេះរោងចក្រថាញ់ថាញ់កុងតៃនិញបានទទួលទិញអំពៅស្ករក្នុង១តោនចំនួន៣០ដុល្លារ បើប្រៀបធៀបឆ្នាំ២០១៧ឃើញថាខុសគ្នា៨ដុល្លារក្នុង១តោននេះ(ថោកជាង) បើគិតជាតិស្ករបាន ១០.ccs តែបើកំរឹតជាតិស្ករទាបគឺកាន់តែខាតតែម្តង ។ ដូចនេះនៅឆ្នាំ២០១៩ខាងមុខផ្ទៃដីមួយចំនួនត្រូវបានប្តូរពីដាំអំពៅស្ករមកដាំដំណាំផ្សេងៗវិញហើយផ្ទៃដីមួយចំនួនទៀតគឺត្រូវបោះបង់ចោលទាំងស្រុង។
ក្នុងឱកាសនោះ លោក សុខ រស់ អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះខាងក្រុមហ៊ុនជាដៃគូរដែលបានមកធ្វើការវិនិយោគនៅតាមតំបន់ព្រំដែនបង្កើតបានអភិវឌ្ឍន៍ទៅជាតំបន់បៃតងបង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋមានការងារធ្វើទទួលបានប្រាក់កំរ៉ៃប្រចាំថ្ងៃ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀតថា ៖ យើងមិនត្រូវពឹងផ្អែកទាំងស្រុងទៅលើការដាំដំពៅស្ករតែមួយមុខប៉ុណ្ណោះទេយើងត្រូវបង្កើនការដាំដុះនូវមុខដំណាំផ្សេងៗទៀតមានជាអាទិ៍៖ ដំឡូងមី សណ្តែក ល្ង ឳឡឹក ជាដើមដើម្បីបង្កើនចំណូលក្នុងគ្រួសារ ។
នាឱកាសនោះលោកអភិបាលរងខេត្តក៏បាននាំយកអំណោយរបស់លោកអភិបាលខេត្ត ចែកជូនប្រពលរដ្ឋដែលបានចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងស្ករស ១គីឡូក្រាមផងដែរ ៕ ដោយ ៖ វ៉ៃគោ