ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលរស់នៅក្នុងភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បាននាំគ្នាទៅចូលរួមធ្វើការបោះឆ្នោតដើម្បីធ្វើការស្ទាបស្ទង់ជ្រើសរើសបេក្ខជនជាអ្នកតំណាងរបស់ខ្លួនធ្វើជាមេភូមិរបស់ខ្លួនសំម្រាប់បន្តដឹកនាំការងារនៅមូលដ្ឋាន ខណៈពេលដែលលោកមេភូមិចាស់មានជម្ងឺលើសសម្ពាធឈាម ស្លាប់មួយចំហៀងខ្លួនពុំអាចបំពេញការងារបាន ។
ពិធីបោះឆ្នោតដើម្បីធ្វើការស្ទាបស្ទង់ជ្រើសរើសបេក្ខជនជាអ្នកតំណាងរបស់ខ្លួនធ្វើជាមេភូមិត្រស់បានប្រពឹត្តទៅនាបរិវេណវត្តត្រស់ស្ថិតក្នុងភូមិត្រស់ឃុំត្រស់ស្រុករមាសហែកខេត្តស្វាយរៀងក្រោមវត្តមានរបស់ លោក ពៅ សាវង់ មេឃុំត្រស់ រួមនិងអស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំ .មន្ត្រីនានាដែលមានការពាក់ព័ន្ធរួមនិងប្រជាពលរដ្ឋប្រមាណជាង១០០នាក់។
លោក ពៅ សាវង់ មេឃុំត្រស់បានមានប្រសាសន៍ឱ្យដឹងថាៈ ដោយមានសំណូមពរក៏ដូចជាតាមការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅផ្ទាល់ក្នុងភូមិត្រស់ បានស្នើសុំធ្វើការបោះឆ្នោតដើម្បីស្ទាបស្ទង់រកបេក្ខជនជាអ្នកតំណាងរបស់ខ្លួនធ្វើជាមេភូមិរបស់ខ្លួនសំរាប់បន្តដឹកនាំការងារនៅមូលដ្ឋានខណៈពេលដែលលោកមេភូមិចាស់មានជម្ងឺលើសសម្ពាធឈាម ស្លាប់មួយចំហៀងខ្លួនពុំអាចបំពេញការងារបាន ចាប់តាំងពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ រួចមកទើបក្រុមប្រឹក្សាឃុំបានធ្វើការប្រជុំដើម្បីសម្រេចជ្រើសរើសរកបេក្ខជនបានចំនួន៧នាក់ក្នុងនោះមានស្ត្រី១នាក់បានមកឈរឈ្មោះឱ្យបងប្អូនប្រជាពល រដ្ឋធ្វើការបោះឆ្នោតដោយសេរីតែម្តងទៅតាមការស្រលាញ់ពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំរឺក៏និន្នាការគណបក្សនយោបាយនោះឡើយបើពួកគាត់ស្រលាញ់ពេញចិត្តបេក្ខជនណានោះគឺពួកគាត់បោះឆ្នោតឱ្យតែម្តងទៅតាមលទ្ធិប្រជាធិបតេយ្យ។
លោកមេឃុំត្រស់បានមានប្រសាសន៍ឱ្យដឹងទៀតថាៈពិតមែនថាការជ្រើសរើសមេភូមិពុំមានច្បាប់ឱ្យបោះឆ្នោតជ្រើសរើសជាសកលក្តីតែដោយសារការទទូចស្នើសុំពីប្រជាពលរដ្ឋដូច្នេះត្រូវតែធ្វើទៅតាមការចង់បានពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ទឹកម្ចាស់ដីពីព្រោះថាការជ្រើសរើសមេភូមិនាពេលកន្លងមកគឺគេធ្វើការជ្រើសរើសជាអសកលដោយការរើសយកបេក្ខជនអ្នកនៅក្នុងភូមិដែលគាត់រស់នៅមកធ្វើការវាយតំលៃត្រឹមមេឃុំនិងក្រុមប្រឹក្សាឃុំតែប៉ុណ្ណោះមិនមានការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋទូទាំងភូមិនោះទេ ហើយចំពោះបេក្ខជនដែលមានសម្លេងគាំទ្រច្រើនជាងគេនៅពេលនេះគឺត្រូវយកឈ្មោះទៅឆ្លងក្រុមប្រឹក្សាឃុំជាអ្នកវាយតំលៃដើម្បីធ្វើការសម្រេចជបន្តទៀត។
ពាក់ព័ន្ធទៅនិងការបោះឆ្នោតស្ទាបស្ទង់ដើម្បីរកបេក្ខជនជាអ្នកតំណាងរបស់ខ្លួនធ្វើជាមេភូមិរបស់ខ្លួនសំរាប់បន្តដឹកនាំការងារនៅមូលដ្ឋាននាពេលនេះលោក ព្រុំ សុន ដែលបានឡើងធ្វើជាមេភូមិត្រស់ជំនួសលោកមេភូមិចាស់មានជម្ងឺ លើសសម្ពាធឈាម ស្លាប់មួយចំហៀងខ្លួនពុំអាចបំពេញការងារបាន តាមរយៈការសម្រេចរបស់លោកមេឃុំត្រស់កាលពីដើមឆ្នាំ២០១៨នេះបានឱ្យដឹងផងដែរថា ៖ លោកក៏មិនដឹងថាតើមានមូលហេតុអ្វីបានជាមានការស្នើសុំធ្វើការបោះឆ្នោតរើសមេភូមិនោះទេ ព្រោះនាពេលកន្លងមកខាងឃុំបានធ្វើការសម្រេចឱ្យរូបលោកធ្វើជាមេភូមិរួចទៅហើយ។
ម្យ៉ាងទៀតរូបលោកក៏ជាអនុប្រធានភូមិនេះស្រាប់ផងដែរ តែធ្វើម៉េចបើប្រជាពលរដ្ឋគាត់ចង់បោះឆ្នោតដោយផ្ទាល់ជាសកលបើទោះបីជាពុំមានច្បាប់ពុំមានចែងក៏ដោយហើយលោកក៏ពុំមានការតវ៉ាប្រឆាំងនោះ ខណៈសម្លេងគាំទ្ររូបគាត់បានចាញ់សម្លេងបេក្ខជនផ្សេងទៀតដែលបានឈរឈ្មោះបោះឆ្នោតនាពេលនេះហើយលោកសង្ឃឹមថានៅទូទាំងប្រទេសការជ្រើសរើសមេភូមិគឺគេរើសដោយការចូលរួមបោះឆ្នោតជាសកលពីសំណាក់ប្រជាពលរដ្ឋដូចអ្នកនៅឃុំត្រស់ស្រុករមាសហែកទៅចុះដើម្បីឱ្យប្រជាពលរដ្ឋគាត់អស់ចិត្ត ៕ ដោយ ៖ វ៉ៃគោ