ភ្នំពេញ ៖ កាលពីប៉ុន្មាននាទីមុននេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រតិកម្មចំពោះករណី រងការប្រមាថរបស់តារាចម្រៀង ទេព បូព្រឹក្ស ដែលទាមទារជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖”អុញ! ជះស្រាបៀរសោះ ទារជំងឺបានថ្លៃជាងការដាញ់ថ្លៃស្បែកជើង ជនជាតិអ៊ីរាក់គប់ក្បាល់ចច ប៊ូស ប្រធានាធិបតីទី ៤១ របស់អាមេរិកទៅទៀតវើយ។ បើយកការផ្អើលនេះ ទៅជួយការងារសង្គម មិនដឹងល្អយ៉ាងណាទេ មើលទៅម្នាក់ៗ មិនជួយសម្រួលគ្នាទេ ម្នាក់ៗមានតែដុតឲ្យខ្លោចរោចឲ្យឆៅ។ ហៅអ្នកជះស្រាបៀរ មកសុំទោសទៅ នេះហើយទឹកប្ដូរនិស្ស័យ វាបែបនេះឯង ម្យ៉ាងទៀត អ្នកទារជំងឺចិត្តនោះទៀត ថ្លៃជាងស្បែកជើងជនជាតិអ៊ីរាក់ គប់ក្បាល ចច ប៊ូស ថ្លៃម្ល៉េះ ធូរថ្លៃខ្លះទៅ “។
ជាមួយគ្នានេះដែរ តារាចម្រៀង ទេព បូព្រឹក្ស ដែលមានឈ្មោះល្បីក្នុងផលិតកម្ម រស្មីហង្សមាស ក្រោយពីដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី១ ខណ្ឌទួលគោករួចមក បានទាមទារថ្លៃជំងឺចិត្តដល់ទៅ ១០ម៉ឺនដុល្លារ ។
នៅថ្ងៃទី២៧ ខែធ្នូនេះ លោក ថៃ នរៈសត្យា បានអះអាងប្រាប់សារព័ត៌មានមួយថា គេប្រើសិទ្ធិដោយមិនសិក្សាពីហេតុផលផង តើប្រតិកម្មធ្វើអីទៅ? ខ្លះមិនទាំងបានស្តាប់ការនិយាយរបស់ខ្ញុំផងហ្នឹង! អ្វីដែលលោកបាននិយាយនោះ គឺលោកមានន័យចង់ប្រៀបធៀបពន្យល់ទៅកាន់មនុស្សទាំងអស់គ្នា ដោយមិនកាន់ជើងខាងណា ឬក៏លើកតម្លៃឲ្យមានការប្រើអំពើហិង្សាណាមួយនៅទីសាធារណៈនោះឡើយ។ គួរកុំយកតម្រាប់តាមឥរិយាបថបែបនឹងថែមទៀតផង តែអ្នកខ្លះមិនទាំងបានស្តាប់ផង ហើយគេចេះតែប្រតិកម្មតាមៗគ្នាទៅវិញ។ យើងទៅទប់គេក៏វាមិនកើតដែរ ទុកឲ្យគេយល់ឃើញដោយខ្លួនគេទៅ បើយើងទប់ចុះទប់ឡើងវាកាន់តែធ្ងន់នោះ វានឹងទៅជាយ៉ាងណា អញ្ចឹងទុកឲ្យមតិសាធារណជនយល់ឃើញ ខណៈពេលមតិខ្លះក៏គេមិនជេរ និងរិះគន់លោកដែរ។
លោក បានបញ្ជាក់ថា “ខ្ញុំបានវាយតម្លៃថា វាមិនមែនជារឿងធំនោះ ពោលគឺជារឿងដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ:ក្នុងការដោះស្រាយគ្នា។ ខ្ញុំមិនបាននិយាយកាន់ជើងលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជនដែលមិនចេះគ្រប់គ្រងខ្លួន ហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថមកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗក្នុងការប្រើសិទ្ធិរបស់ពួកគាត់ប៉ុណ្ណោះ ! “។
លោក ថៃ នរៈសត្យា បានផ្តល់បទសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មាន នៅក្នុងស្រុកមួយ ពាក់ព័ន្ធទៅនឹងករណីនាង ទេព បូព្រឹក្ស ដែលត្រូវបានគេជះស្រា និងគប់កំប៉ុងស្រាបៀរ ទៅលើនាង នៅហាងផឹកស៊ីមួយកន្លែងនោះថា ជារឿងតូចតាចមួយ។ លោកថា ករណីនេះគឺជាអង្គហេតុមួយតូច តែបើយើងចង់ពង្រីកវាឲ្យកាន់តែធំនោះ វានឹងអាចរីកធំ ប៉ុន្តែបើភ្លើងវាឆេះហើយនោះ គឺអាចនឹងពិបាកពន្លត់ណាស់។ ករណីនេះប៉ះមនុស្សដែលជាសាធារណៈបុគ្គល ហេតុនេះអ្នកប្រព្រឹត្តមិនជាល្អមុខណាស់ដែរទេ ដោយសារវាបានបង្ហាញពីការស្រុតចុះនូវសីលធម៌របស់បុគ្គល។ លោកបន្ថែមថា រឿងគប់កំប៉ុងស្រាបៀរនេះ វាមិនមែនជារឿងធំទេ គឺវាជារឿងតូច ប៉ុន្តែវាបង្កើតជារឿងអាស្រូវមួយដ៏ធំ ហើយលោកមិនចង់ឃើញរឿងមួយនេះវាវែងឆ្ងាយឡើយ អត់ធ្មត់រឿងតូចបាន ទើបយើងអាចទទួលជ័យជំនះនូវធំៗបាន៕ ដោយ ៖ កូឡាប