ភ្នំពេញ ៖ សេចក្តីរាយការណ៍នៅយប់នេះ បានឲ្យដឹងថា ៖ ព្រះសង្ឃ ហោ សុខុន ដែលមហាជនទាមទារឲ្យចាប់ផ្សឹក ព្រោះបង្កបញ្ហាក្នុងសង្គម បានចេញបាត់ពីវត្តច្បារអំពៅហើយ ដោយមិនដឹងទៅទីណាទេ។
កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរ បានឈរចាំនៅក្នុងវត្តនេះ ដែលប្រភពច្បាស់ការណ៍បានរាយការណ៍ថា ព្រះសង្ឃអង្គនេះ គង់នៅក្នុងវត្តនេះ នៅឡើយ ប៉ុន្តែនៅវេលាយប់ថ្ងៃទី១២កុម្ភៈនេះ បានបាត់ចេញពីវត្តតែម្តង។
នៅវេលាព្រឹកថ្ងៃទិ១២កុម្ភៈនេះ គេសង្កេតឃើញព្រះសង្ឃ ហោ សុខុន និងព្រះសង្ឈផ្សេងទៀត និមន្តតាមរថយន្តចូលមកក្នុងវត្ត ដោយមានចង្ហាន់ជាមួយផង ដែលទំនងទើបតែមកពីពិធីបុណ្យនៅខាងក្រៅវត្ត។ ប៉ុន្តែ នៅល្ងាចនេះ បរិយាកាសនៅក្នុងវត្តច្បារអំពៅ ហាក់មានសភាពស្ងាត់ជ្រងំ បន្ទាប់ពីមានវត្តមានអ្នកសារព័ត៌មាន កំពុងរង់ចាំយកព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃអង្គនេះ។
សូមបញ្ជាក់ថា ៖ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ បានថ្វាយបង្គំព្រះអង្គឈប់ឲ្យផ្សាយផ្ទាល់ តាមហ្វេសប៊ុកពីរឿងប្រទេសជាតិទៅទៀតនោះ គឺនៅម៉ោង៧យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ក្នុងរាជធានីភ្នំពេញ បានបន្ត Live ហ្វេសប៊ុក ដោយប្រកាសថា បើជាប់ទោស ក៏មិនសុំលើកលែងទោសទេ។
ព្រះតេជគុណ ហោ សុខុន បញ្ជាក់យ៉ាងហំហានថា អាយុ៣៤ឆ្នាំ បើជាប់គុក១០ឆ្នាំ ចេញវិញ៤៤ឆ្នាំ។ អ្វីដែលនិយាយចេញពីបេះដូង។ និយាយទាំងសើចថា មិនភ័យ មិនខ្លាច។
នៅក្នុងឃ្លីបវីដេអូ បង្ហោះផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក ព្រះតេជោគុណ ហោ សុខុន បានអះអាងបែបអ្នកក្លាហានថា ព្រះអង្គនិយាយប្រថុយស្លាប់ និយាយប្រថុយជាប់គុក។
ជាមួយគ្នានោះ ព្រះអង្គក៏បានលើកឡើងថា ព្រះអង្គផ្សាយផ្ទាល់តាមហ្វេសប៊ុកនេះ ដើម្បីកុំឲ្យមានការយល់ច្រលំ ពីសាររបស់ព្រះអង្គ ដែលបានបង្ហោះក្នុងហ្វេសប៊ុក ដែលបានសរសើរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាជាផ្កាយសំណាង។ តែក្នុងសាររបស់ព្រះអង្គបង្ហោះតាមហ្វេសប៊ុកនោះ ក៏បានលើកសរសើរសម្តេចតេជោ ហ៊ុន សែន ថាជាព្រះឥន្ទ គឺព្រះឥន្ទធំជាងគេទាំងអស់។
ចំពោះសារដែលគេបង្ហោះចែកចាយ ហើយនាំឲ្យសម្តេចក្រឡាហោម ស ខេង បញ្ចេញប្រតិកម្មនោះ ត្រូវបានព្រះតេជគុណ ហោ សុខុន បញ្ជាក់ថា ត្រូវបានគេកាត់ត ហើយផ្សាយក្នុងបំណងអាក្រក់ ធ្វើបាបលើព្រះអង្គប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ព្រះតេជគុណ ហោ សុខុន បញ្ជាក់ថា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មិនមានការបាក់ទេ ហើយសម្តេច ស ខេង ក៏មិនទៅដណ្តើមអំណាចពីសម្តេចតេជោ ហ៊ុន សែន ដូចការលើកឡើងនោះទេ។ កុំយល់ច្រឡំ។
ព្រះតេជគុណ ហោ សុខុន បានបន្តថា ក្នុងសារហ្វេសប៊ុករបស់ព្រះអង្គ ដែលគេផ្សាយកោតសរសើរសម្តេចក្រឡាហោម ស ខេង ហើយត្រូវបានគេផ្សព្វផ្សាយនោះ បានត្រឹមតែ ១០ភាគរយទេ គឺព្រះអង្គក៏មានសរសើរលើកឡើងពីគុណសម្បត្តិ និងសរសើរសម្តេចតេជោ ហ៊ុន សែនថា ជាព្រះឥន្ទ ដែលធំជាងគេបំផុត។
ព្រះតេជគុណ ហោ សុខុន បញ្ជាក់ថា ទោះបីជាមានការផ្សព្វផ្សាយដោយក្លែងសាររបស់ព្រះអង្គក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា មានសាមគ្គីផ្ទៃក្នុងរឹងមាំ ដែលមិនមានគណបក្សនយោបាយណា នៅលើពិភពលោក រកស្មើបាន គឺរឹងមាំជាងដែកថែបទៀតផង។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មានគុណសម្បត្តិធំជាងគេ ក្នុងការរំដោះជាតិមាតុភូមិ រួមទាំងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
ក្នុងពេលផ្សាយផ្ទាល់នេះ ព្រះតេជោគុណ ហោ សុខុន ក៏បានរិះគន់លើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដោយហៅលោក ខឹម វាសនា ថាជាជនក្បត់ជាតិ។
កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សហការជាមួយមន្ទីរធម្មការ និងសាសនា គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ បានជួបព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គ ឈប់ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។
ប្រធានមន្ទីរ និងសាសនា រាជធានីភ្នំពេញ លោក ផន ដាវី បានបញ្ជាក់ថា ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរ ព្រមទាំងព្រះអង្គ ព្រម Live វីដេអូឡើងវិញ ពាក់ព័ន្ធករណីព្រះអង្គលើកសរសើរថ្នាក់ដឹកនាំ កាលពីថ្ងៃមុន ដើម្បីកុំឲ្យមានការយល់ច្រឡំលើព្រះអង្គ។
បើតាមប្រពភពច្បាស់ការណ៍ បានបញ្ជាក់ថា គិតវេលាម៉ោង៨:៥០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ ខាងសាលាខណ្ឌច្បារអំពៅ បានយកអាយឌី (ID) ចំនួន៣គ្រឿង មកប្រគល់ជូនចៅអធិការវត្តច្បារអំពៅ ដែលនេះបញ្ជាក់ថាព្រះចៅអធិការវត្តច្បារអំពៅ គង់នៅក្នុងវត្តនៅឡើយ៕ ដោយ៖កូឡាប