ខេត្តស្វាយរៀង ៖ បុរសម្នាក់ជាតៃកុងរថយន្តដឹកគ្រឿងសំណង់បានគាបជាប់នៅក្នុងកាប៊ីនរថយន្ត ហើយបានរងរបួសធ្ងន់ និងបុរសម្នាក់ទៀតដែលរួមដំណើរជាមួយបានរងរបួសស្រាល ដោយសារតែបើកបរលឿនពេកលុះដល់ផ្លូវកោង ក៏ជ្រុលទៅបុកជាមួយរថយន្តទេសចរណ៍ចំពីចំហៀងខាងឆ្វេងបណ្តាលអោយអ្នកបើកបររថយន្តដឹកគ្រឿងសំណង់គាបជាប់ក្នុងកាប៊ីនតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង៤៥ នាទីល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩នៅលើផ្លូវលេខ ៣១៤C ស្ថិតក្នុងភូមិ តារាងបាល់ សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖មុនពេលកើតហេតុគេឃើញរថយន្ដកូរ៉េ ពណ៌ ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទេព សំអាត ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ តាណរ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើកបររថយន្តពីទិសខាងត្បូងទៅជើង។
ប្រភពបានបន្តទៀតថា ៖ លុះមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងក៏មានរថយន្ដក្រុងដឹកអ្នកដំណើរ ពណ៏ បៃតង ពាក់ផ្លាកលេខ ភ្នំពេញ ៣B ១២៣១ បើកបរដោយឈ្មោះ តុញ បូរ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ បាយ៉ាប ឃុំ បាសាក់ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកបរពីទិសជើងទៅត្បូងក៏បណ្តាលឲ្យបុកគ្នាចំពីមុខគៀបជាប់តៃកុងរថយន្តកូរ៉េត្រូវបានពលរដ្ឋនិងសមត្ថកិច្ចជួយគាស់យកចេញផងដែរ។ហើយអ្នកបើកបររថយន្តកូរ៉េរងរបួសរយះជើងសងខាងសម្រាកនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែកអ្នកបើកបររថយន្តទេសចរណ៍គ្មានរបួសស្នាមនោះទេ រថយន្ដខូចខាតស្រាល។
ចំពោះមធ្យោបាយទាំង២ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយគ្នានៅពេលក្រោយ ។ មូលហេតុ ៖ អ្នកបើកបររថយន្ដកូរ៉ែជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕ ដោយ ៖ វ៉ៃកូ