ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា (មេបោក) បុរសម្នាក់ អួតថាខ្លួនជាបុគ្គលិកក្រុមហ៊ុនទូរស័ព្ទ metfone ដើរបោកប្រាស់អាជីវករលក់ទូរស័ព្ទ ប្រមូលបានប្រាក់មួយនចំនួនធំ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួន។ ករណីដែលបង្ក អោយមានការភ្ញាក់ផ្អើលនេះ កើតហេតុនៅថ្ងៃអង្គារ ថ្ងៃទី ២៦ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥នាទី នៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន ៣នាក់ ១- ឈ្មោះស៊ិន ចន្ថន ភេទប្រុស ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អស់ប្រាក់ (៥៤៨ដុល្លារ) ។ ២- ឈ្មោះ សៀក ប៉េងគន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង អស់ប្រាក់ (៩៣០ដុល្លារ)។ ៣- ឈ្មោះ ហេង ម៉េងលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង អស់ប្រាក់ (៥០៨ដុល្លារ)។
ជនសង្ស័យ ឈ្មោះ ជួន ខាត់ណា ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកអណ្ដែត ខេត្តតាកែវ ។ សភាពរឿងហេតុ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤ និង ១៥នាទី មានឈ្មោះជួន ខាត់ណា តាំងខ្លួនថា ជាបុគ្គលិកក្រុមហ៊ុនmetfone បានដើរប្រាប់អាជីវករលក់ទូរស័ព្ទ ថា៖ ក្រុមហ៊ុនអោយជួយប្រមូលកាតទូរស័ព្ទ និងទូរស័ព្ទ ពីអាជីវករដើម្បីយកទៅជួយផ្សព្វផ្សាយលក់ជូន សរុបទឹកប្រាក់ចំនួន ៣០០៨$ ស្រាប់តែឈ្មោះនេះយកបានកាត និងទូរស័ព្ទហើយ គេចខ្លួនបាត់ មិនព្រមសងលុយទៅអាជីវករវិញឡើយ លុះនៅថ្ងៃកើតហេតុនេះ ទើបក្រុមអាជីវករ បានដឹងទាន់ពេលក៏ដេញតាម ហើយប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ថា៖ នៅមានអាជីវករមួយចំនួនទៀត ដែលចាញ់បោកជននេះ ហើយមិនទាន់មកប្ដឹងសមត្ថកិច្ចនៅឡើយ ។
ករណីនេះកម្លាំងជំនាញ សហការជាមួយ កម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ដោយ ៖ កូឡាប