ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តៀង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ និងយកខ្សែអង្រឹង ចងកលើនារីរងគ្រោះ តែមិនបានសម្រេច នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ហ៊ីវ គឹមឡាង អាយុភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ អាណាព្យាបាលរបស់គាត់ បានចេញទៅប្រកបមុខរបរ នៅក្រៅ ដោយទុករូបនាង ឲ្យនៅចាំផ្ទះម្នាក់ឯង ខណៈនោះរូបនាងឃើញ ជនសង្ស័យឈ្មោះ ផន ពយ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានដើរមកផ្ទះរបស់នាង ធ្វើក្រឡេងក្រឡឺមៗ នាងក៏សួរថាពូឯងរកអ្វី ជនសង្ស័យឈ្មោះ ផន ពយ បានឆ្លើយថា អញមកហ្នឹងរួចឡើងលើផ្ទះរបស់ជនរងគ្រោះ ដោយមានភាពស្ងាត់ជនសង្ស័យ ផន ពយ ក៏ចាប់នាងបម្រុងរំលោភ ពេលនោះ ហើយនាងក៏រើបម្រះហើយ ជនសង្ស័យក៏បានយកខ្សែអង្រឹង និងពោះវៀនកង់ មករឹតករបស់នាង តែនាងរើរួចមានការភ្ញាក់ផ្អើល ពីអ្នកស្រុកផងនោះ ជនសង្ស័យក៏រត់បាត់ទៅ។ លុះឈ្មោះ ប៊ុន ហ៊ីវ ត្រូវជាអាណាព្យបាលរបស់នាង ត្រឡប់មកផ្ទះវិញ ក៏និយាយប្រាប់ពីករណីនេះតែម្តង។ បន្ទាប់ពីស្តាប់ការរៀបរាប់ របស់កូនស្រីចប់ ក៏ប្រញាប់ប្រញាល់ ទៅប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ចាប់ជនសង្ស័យ យកមកផ្តន្ទាទោស រកយុត្តិធម៌ជូនគ្រួសារគាត់។
លោកវរសេនីយ៍ឯក លីវ សេងហ៊ឺម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះផន ពយ គឺសមត្ថកិច្ច ធ្វើឡើងតាមពាក្យបណ្តឹង របស់អាណាព្យាបាលជនរងគ្រោះ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ ផន ពយ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ។ ជនសង្ស័យ បានសារភាពថា កន្លងមករូបគេ និងក្រុមគ្រួសាររបស់ជនរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តី នឹងគ្នា ចាប់តាំងពីពេលនោះ មកខ្លួនក៏មានគំនិតមួយ ចង់ធ្វើបាបទៅលើក្រុមគ្រួសារជនរងគ្រោះ រហូតដល់ថ្ងៃកើតហេតុខ្លួន ហ៊ានធ្វើសកម្មភាព ទៅលើនារីជនរងគ្រោះ ដោយមានគំនិតចាប់រំលោភ ហើយយកខ្សែអង្រឹង ចងកនារីរងគ្រោះ រហូតមានរបួសស្នាមទៀតផង។
លោកអធិការបានបន្តថា ក្រោយពីបានស្តាប់សម្តី សារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនឈ្មោះ ផន ពយ នៅរសៀលវេលាម៉ោង៤ល្ងាច ថ្ងៃទី ១៦ ខែមីនាឆ្នាំ២០១៩ កសាងសំណុំរឿងបញ្ជូន មកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅព្រឹកថ្ងៃទី១៧ មីនា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖បញ្ញាស័ក្តិ