អ្នកទេសចរម្នាក់ដែល «ពុំអើពើនឹងផ្លាកសញ្ញាព្រមាន» នៅទឹកជ្រោះដ៏ល្បីល្បាញមួយ បានធ្លាក់ចុះក្នុងជ្រោះជម្រៅប្រមាណ ៧៥ ម៉ែត្រ រហូតស្លាប់ ខណៈព្យាយាមថតរូប ។ Radwan Sbih អាយុ ២៧ ឆ្នាំ រួមជាមួយមិត្តភក្តិ ៣ នាក់ នៅពេលនោះ ពួកគេបានដើរឆ្លងកាត់ព្រៃ ទៅកាន់កំពូលជ្រោះ Na Mueang ដ៏គ្រោះថ្នាក់ នៅលើកោះ Samui ប្រទេសថៃ ។
Radwan មកពី Jerusalem ក្នុងប្រទេសអ៊ីស្រាអែល បានប្រវេសប្រវាសឡើងតាមផ្ទាំងថ្ម ដើម្បីថតរូបទេសភាពដ៏ស្រស់ៗស្អាត ប៉ុន្តែ គាត់បានបាត់បង់លំនឹងជើង បន្ទាប់ពីរអិលនឹងផ្ទៃសើម ។
មិត្តភក្តិរបស់ Radwan ពិតជាមានការរន្ធត់ចិត្តជាខ្លាំង នៅពេលឃើញគាត់បានធ្លាក់ចូល និងពុំអាចចូលជួយបាន ព្រោះតែចរន្តទឹកហូរដ៏ខ្លាំងក្លា ដែលបង្កឡើងដោយទឹកជំនន់ ។
សាកសពរបស់ Radwan ត្រូវបានខ្សែទឹកនាំយកចូលទៅនឹងផ្ទាំងថ្មបែកបាក់ មុនពេលត្រូវបានស្រង់ដោយក្រុមសង្គ្រោះ ដែលបានប្រើខ្សែពួរ និងជណ្តើរ ដើម្បីឆ្ពោះទៅកាន់សាកសពរបស់គាត់ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលភ្ញៀវទេសចរបរទេស ជួបគ្រោះថ្នាក់នៅទីកន្លែងដ៏ស្រស់ស្អាតនេះ ។ តាមរបាយការណ៍ព័ត៌មានបានឲ្យដឹងថា Luke Scott អាយុ ២០ ឆ្នាំ មកពីអង់គ្លេស បាននៅរស់រានមានជីវិត បន្ទាប់ពីធ្លាក់ចូលជ្រោះ Na Mueang ជម្រៅជិត ៨០ ម៉ែត្រ ។ នៅក្នុងខែកក្កដា អតីតារាភាពយន្តសញ្ជាតិអង់គ្លេស លោក Paul Nicholls ត្រូវជាប់គាំងក្នុងអាងថ្មនៅខាងក្រោមទឹកជ្រោះ Khun Si នៅកោះ Koh Samui នេះ អស់រយៈពេល ៧២ ម៉ោង ។ ហើយគាត់បានរងរបួសបាក់ជើង ។
លោក Teerapong Saowarat ប្រធានឧស្យាន Na Muang Safari បាននិយាយថា៖ «មានផ្លាកសញ្ញាព្រមានច្រើន ហើយសំខាន់បំផុត ដែលភ្ញៀវទេសចរមកពីអ៊ីស្រាអែលពុំជឿផ្លាកសញ្ញាទាំងនោះ ។ ខ្ញុំសូមណែនាំដល់ភ្ញៀវទេសចរទាំងអស់ ជឿសញ្ញាព្រមាន និងធ្វើដំណើរ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ» ។
ស្នងការនគរបាល Koh Samui លោក Dareon Narong បញ្ជាក់ថា អាជ្ញាធរនឹងដំឡើងផ្លាកសញ្ញាសុវត្ថិភាពបន្ថែមទៀត នៅតំបន់នេះ ៕