ប្រទេសជប៉ុនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូមកសាកសួរ ក្រោយពេលនាវាចំបាំងចិនមួយគ្រឿងបានបើកមកក្បែរដែនកោះមានជំលោះនៅសមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយរបស់ BBC។
បើតាមកងទ័ពរបស់ជប៉ុនបានឲ្យដឹងថា ពួកគេក៏ឃើញនាវាមុជទឹកបរទេសមួយគ្រឿងផងដែរនៅក្បែរកោះកាលពីថ្ងៃពុធ និងព្រហស្បតិ៍ម្សិលមិញនេះ តែមិនបានស្គាល់ថាវាជារបស់ប្រទេសណានោះទេ។
ប្រទេសជប៉ុនបានគ្រប់គ្រងកោះ Senkaku ដែលគ្មានមនុស្សរស់នៅ ហើយកោះនោះក៏ចិនទាមទារកាន់កាប់ ដោយដាក់ឈ្មោះជាភាសា ចិនថា Diaoyu។
កោះដ៏តូចមួយនោះតែងតែធ្វើឲ្យមានជំលោះការទូតកើតឡើងរវាងប្រទេសទាំងពីរ។
ប្រជុំកោះទាំងនោះជាកោះមានតម្លៃ ដោយសារតែពួកវាស្ថិតនៅជិតច្រកកប៉ាល់ដ៏សំខាន់ និងសម្បូរធនធានធម្មជាតិ ដូចជាប្រេង និងឧស្ម័នជាដើម។
ជប៉ុនបានឲ្យដឹងថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិន និងបានសំដែងការតវ៉ាចំពោះសកម្មភាពរបស់នាវាចំបាំងចិន។
នៅពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang បាននិយាយថា ប្រទេសចិនបានសកម្មភាពឈ្លបមើលសកម្មភាពរបស់ភាគីជប៉ុន និងបានថ្លែងថា ប្រជុំកោះនោះជារបស់ចិន៕ សុភ័ក្ត្រ