ខេត្តកំពង់ធំ៖ដោយសារតែប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះ នៅថ្ងៃព្រសហ្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំសង្ក្រានថ្មីសំបូរព្រៃគុក ក្រោមអធិបតីភាព លោក សុខ លូ អភិបាលខេត្តកំពង់ធំ ។
បន្ទាប់ពីធ្វើការពិភាក្សាអំពីបទពិសោធន៍ ដែលអនុវត្តការងារដំណើរការសង្ក្រានថ្មីសំបូរព្រៃគុករួចមកលោក សុខ លូ មានប្រសាសន៍លើកឡើងថា ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ដូច្នេះសូមគណៈកម្មការរៀបចំសង្កានថ្មីសំបូរព្រៃគុក ត្រូវខិតខំរៀបចំដំណើរការនៃកម្មវិធីសង្ក្រានថ្មីសំបូរព្រៃគុក ឲ្យមានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ដើម្បីបង្ករបរិយាកាសឲ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពង់ធំយើងទាំងមូល។
លោកបន្ថែមទៀតថា ក្នុងនាមយើងជាថ្នាក់ដឹកនាំកម្មវិធី នឹងត្រូវត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ក្នុងនោះយើងទាំងអស់គ្នាត្រូវគិតគូរដោះស្រាយ អំពីបញ្ហាចរាចរណ៍ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ត្រូវមានកន្លែងសម្រាប់ចតយានជំនិះ របស់បងប្អូនដែលមកទស្សនាដើម្បីមានភាពងាយស្រួល និងសប្បាយរីករាយ។
ព្រមទាំងមានកម្មវិធីកម្សាន្តសប្បាយ និងលេងល្បែង របាំប្រជាប្រិយ ការសម្តែងនូវសិល្បៈ របាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ការប្រគំតន្ត្រី ឡើងសរសរខ្លាញ់ ទាញព្រ័ត្រ ចោលឈូងជាដើម ក្នុងនោះក៏មានការដាក់តាំងនូវផលិតផលភូមិមួយផលិតផលមួយក្នុងខេត្ត ជាពិសេសផលិតផលកសិកម្ម សិប្បកម្ម និងការលក់ដូររបស់បងប្អូនអាជីវករ ឲ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយសោភ័ណភាព៕ ដោយ៖បញ្ញាស័ក្តិ