តបតាមសេចក្តីអញ្ជើញរបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា លោកលីខឹឈាងនាយករដ្ឋមន្ត្រីចិនបានអញ្ជើញមកដល់ទីក្រុងភ្នំពេញរាជធានីប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង–មេគង្គលើកទី២ ព្រមនិងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ខែមករា។ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តរជាតិនិងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា និងបានគ្រោងផែនការនិងធ្វើការរៀបចំចាត់ចែងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជាថែមទៀត ប្រទេសទាំងពីរបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពីការពន្លឿនការតភ្ជាប់រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃគូភាគីនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកទេស កសិកម្មនិងទេសចរណ៍ជាដើម ព្រមទាំងបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនផងដែរ។ប្រទេសទាំងពីរចិននិងកម្ពុជាមានទំនុកចិត្តផ្នែកនយោបាយខ្ពស់ទៅវិញទៅមក កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទទួលបានសមិទ្ធផលយ៉ាងធំធេង ការប្រាស្រ័យទាក់ទងផ្នែកវប្បធម៌មនុស្សជាតិមានភាពស្អិតល្មួតជារៀងរាល់ថ្ងៃ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានក្លាយជាគំរូមួយសម្រាប់ការប្រាស្រ័យទាក់ទងរវាងប្រទេសនិងប្រទេស។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិនលីខឹឈាងធ្វើឡើងក្នុងខណៈខួបអនុស្សាវរីយ៍ទី៦០នៃការភ្ជាប់ចំណងផ្លូវទូតរវាងចិននិងកម្ពុជាដែលប្រកបដោយអត្ថន័យពិសេសសម្រាប់ការពង្រឹងនិងពង្រីកចំណងមេត្រីភាពប្រពៃណីរវាងចិននិងកម្ពុជានិងជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ប្រទេសចិននិងកម្ពុជានឹងឆ្លងតាមរយៈការណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទ្វេភាគីនិងកិច្ចសហការនិងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅឈានដល់គំនិតឯកភាពថ្មី ដើម្បីពន្លឿនការតភ្ជាប់រវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថែមទៀត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងទេសចរណ៍ជាដើម។ស្របពេលជាមួយគ្នានេះក៏នឹងជួយជំរុញឲ្យប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍថ្មីដែលជាការរួមចំណែកដ៏សំខាន់ក្នុងការបង្រួញនូវគម្លាតអភិវឌ្ឍន៍រវាងតំបន់ទីទៃគ្នានិងជំរុញស្ថិរភាពនិងភាពចម្រុងចម្រើនក្នុងតំបន់៕ ប្រភព៖ Cambodia China Friendship Radio