ចាប់តាំងពីយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតឡើង ប្រទេសចិននិងបណ្តាប្រទេសតាមដងទនេ្លមេគង្គបានប្រកាន់ខ្ជាប់នូវគោលការណ៍រួមគ្នាពិគ្រោះពិភាក្សារួមគ្នាកសាងនិងចែករំលែកជាមួយគ្នាក្នុងការជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហើយទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។
ពាណិជ្ជកម្មទំនិញនៃតំបន់ទនេ្លឡានឆាងនិងមេគង្គបានរីកចម្រើនយ៉ាងឆាប់រហ័សក្លាយទៅជាចំណុចលេចធ្លោថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន។បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសកម្ពុជា មីយ៉ានម៉ាថៃនិងវៀតណាមនិងដៃគូពាណិជ្ជកម្មធំទីពីររបស់ប្រទេសឡាវ ហើយប្រទេសវៀតណាមដែលជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសតាមដងទនេ្លមេគង្គក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសចិនក្នុងចំណោមប្រទេសអាស៊ានផងដែរ។
ប្រទេសចិនបានបន្តពង្រើកទំហំវិនិយោគឥតឈប់ឈរ បានក្លាយទៅជាកម្លាំងចលករថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសតាមដងទនេ្លឡានឆាង-មេគង្គ។ឆ្នាំ២០១៧ប្រទេសចិនបានក្លាយទៅជាប្រភពវិនិយោគបរទេសធំបំផុតរបស់ប្រទេសចំនួន៣ រួមមានកម្ពុជា ឡាវនិងមីយ៉ាន់ម៉ា។
ការតភ្ជាប់ផែ្នកហេដ្ឋារចនាសម្ព័ន្ធទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ។បច្ចុប្បន្ននេះផ្លូវថ្នល់ពីក្រុងគុនមីង ប្រទេសចិនដល់ក្រុងបាងកក ប្រទេសថៃបានដាក់ឲ្យប្រើប្រាស់ទាំងស្រុង ផ្លូវដែកចិន-ឡាវបានចាប់ផ្តើមសាងសង់ រីឯគម្រោងផ្លូវដែកចិន-ថៃបានចាប់ដំណើរការ។វិស្វកម្មគ្រប់គ្រងផ្លូវនាវាចរណ៍តាមទនេ្លឡានឆាង-មេគង្គបានចាប់ផ្តើមកសាងដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹកថែមមួយកម្រិតទៀត។
សម្លឹងមើលទៅពេលអនាគត ស្របនឹងពេលដែលយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គកាន់តែមានភាពចាស់ទុំពីមួយថៃ្ងទៅមួយថៃ្ង ហើយគម្រោងពាក់ព័ន្ធត្រូវបានជំរុញយ៉ាងប្រាកដប្រជា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសតាមដងទនេ្លឡានឆាង-មេគង្គនឹងដើរតួនាទីកាន់តែធំក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងការផ្តល់សេចក្តីសុខសុភមង្គលជូនដល់ប្រជាជន៕ ប្រភព៖ Cambodia China Friendship Radio