អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសគ្រោះអាសន្នជាសកលជុំវិញ វីរុសមរណៈដែលផ្ទុះចេញពីចិន និងបានរីករាលដាល់ទៅកាន់តំបន់ និងប្រទេសជាង ២០ទូទាំងពិភពលោក។
នៅថ្ងៃសុក្រនេះ តួលេខចុងក្រោយនៃអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់ចំនួន ២១៣នាក់ ខណៈអ្នកឆ្លងកើនដល់ ៩.៨២១នាក់។ អ្នកស្លាប់ទាំងអស់គឺនៅក្នុងប្រទេសចិន។
“ក្តីកង្វល់ដ៏ធំបំផុតរបស់ពួកយើងគឺសក្ដានុពល នៃវីរុសឆ្លងរាលដាលទៅកាន់ប្រទេស ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ”។ នេះជាការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅក្នុងទីក្រុងហ្សឺណែវ។
លោកបញ្ជាក់ទៀតថា “ពួកយើងត្រូវធ្វើការជាមួយគ្នាឥឡូវនេះ ដើម្បីកម្រិតការរីករាលដាលបន្ថែមទៀត។ ពួកយើងអាចបញ្ឈប់វាជាមួយគ្នាបាន”។
ប្រធាន WHO ថ្លែងទៀតថា ការដាក់កំហិតលើការធ្វើដំណើរ និងធ្វើពាណិជ្ជកម្មជាមួយនឹងចិន មិនមែនជារឿងចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ។
សូមបញ្ជាក់ថា ក្រោយមានការរីករាលដាលយ៉ាងលឿននៃវីរុសមរណៈ ប្រទេសជាច្រើនបានធ្វើការជំរុញឲ្យប្រជាពលរដ្ឋខ្លួន មិនឲ្យធ្វើដំណើរទៅចិន ខណៈប្រទេសមួយចំនួនទៀត បានហាមអ្នកធ្វើដំណើរមកពីទីក្រុងវូហាន ចូលក្នុងប្រទេសរបស់ខ្លួន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia