Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមបេសកកម្មរបស់ IMF បន្តមានសុទិដ្ឋិនិយម ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (Article IV Mission) ដែលដឹកនាំដោយលោកស្រី Rupa Duttagupta អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក និងលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា បន្ទាប់ពីក្រុមបេសកកម្មបានបំពេញបេសកកម្មនៅកម្ពុជារយៈពេល២សប្តាហ៍កន្លងមក។

ក្រុមបេសកកម្មនៅបន្តមានសុទិដ្ឋិនិយម ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។ អតិផរណារំពឹងបន្តមានកម្រិតទាបនៅឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ការថមថយនៃតម្រូវការខាងក្រៅដោយសារកំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសជាដៃគូពាណិជ្ជកម្ម ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការអូសបន្លាយនៃភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ ជាដើម។

លោកជំទាវ ទេសាភិបាល បានស្វាគមន៍នូវការវាយតម្លៃបឋមនិងការផ្តល់អនុសាសន៍របស់ក្រុមបេសកកម្ម ហើយក៏បានថ្លែងអំណរគុណចំពោះ IMF ដែលតែងតែរួមចំណែកក្នុងការតាមដានស្ថានភានសេដ្ឋកិច្ចកម្ពុជា ព្រមទាំងផ្តល់ជំនួយបច្ចេកទេស និងការកសាងធនធានមនុស្ស សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

បេសកកម្មមាត្រាទី IV នេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំនៅតាមបណ្តាប្រទេសជាសមាជិក IMF ក្នុងគោលបំណងធានាឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពនិងភាពរឹងមាំ។ ក្នុងបេសកកម្មនៅកម្ពុជារយៈពេល ២សប្តាហ៍នេះ ក្រុមបេសកកម្មបានធ្វើកាវាយតម្លៃលើសុខភាពប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ប្រសិទ្ធភាពនយោបាយរូបិយវត្ថុនិងសារពើពន្ធ ព្រមទាំងផ្តល់អនុសាសន៍ជាច្រើន សំដៅរួមចំណែកជំរុញវិស័យហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×