Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹង​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក ប្រវែង​១០០០​ម៉ែត្រ​

ភ្នំពេញ​៖ យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក ដែល​មាន​ប្រវែង​១០០០​ម៉ែត្រ មាន​ពណ៌​ក្រហម លាយ​ពណ៌​ស​ដ៏​ស្រស់ស្អាត ដែល​នឹង​បើក​ត្បាញ​សរសៃ​ដំបូង នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីតាំង​វាល​ព្រះមេរុ រាជធានី​ភ្នំពេញ​។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បាន​ថ្លែង​បញ្ជាក់ថា ៖ យើងខ្ញុំ​ទាំងអស់គ្នា ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង​ការចូលរួមចំណែក​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក​នេះ ខ្ញុំ​មាន​អារម្មណ៍​ពុះកញ្ជ្រោល​រីករាយ​ណាស់ ទោះបីជា​ខ្ញុំ​មិនចេះ​ត្បាញ​ក្ដី តែ​ខ្ញុំ​នឹង​រៀន​ត្បាញ​ឲ្យបាន ព្រោះនេះ​ជា​ឱកាស​ដែល​កូន​ខ្មែរ​ត្រូវតែ​បំបែក​កំណត់ត្រា​ថ្មី ហើយ​ខ្ញុំ​ជឿជាក់​ថា​ខ្មែរ​ធ្វើបាន​។​

​បើតាម លោក ហ៊ុន ម៉ា​នី សូម​បងប្អូន​សាធារណជន​ជាតិ និង​អន្តរជាតិ ចូលរួម​គាំទ្រ​នូវ​យុទ្ធនាការ​បំបែក​ឯតទគ្គ​កម្ម ក្រមា​វែង​ជាង​គេ​បំផុត​លើ​ពិភពលោក​ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​អត្ដ​សញ្ញាណ​ជាតិ ពិសេស​គឺ​ជំរុញ​ឲ្យមាន​ចូលរួម​ពី​មហាជន​គ្រួសារ​ខ្មែរ ដើម្បី​បំបែក​នូវ​ឯតទគ្គ​កម្ម​ថ្មី​មួយទៀត សម្រាប់​កម្ពុជា​ទាំងអស់​គ្នា​។​

​គួរបញ្ជាក់​ថា “Go Go Cambodia” គឺជា​យុទ្ធនាការ​ថ្នាក់​ជាតិ​មួយ ដែល​ធ្វើឡើង​ក្នុង​គោលបំណង លើកតម្កើង​មោទនភាព​ជាតិ​ខ្មែរ នៅ​គ្រប់​វិស័យ​ទាំងអស់​។ យុទ្ធនាការ​នេះ គឺ​កើត​ចេញពី​ឆន្ទៈ​កូន​ខ្មែរ​ពិតៗ ក្នុង​គោលដៅ​បង្កើត​ជា​វេទិកា​មួយ ដើម្បី​ឲ្យ​កូន​ខ្មែរ​គ្រប់រូប​អាច​បង្ហាញ​នូវ​មោទនភាព​របស់​ខ្លួន​នៅ​ថ្នាក់​ជាតិ និង​នៅ​សហគមន៍​អន្តរជាតិ​ផងដែរ​។​

​សូមបញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានឲ្យដឹងថា អាថ៌កំបាំង​ពិសេស​ត្រូវ​បាន​ទម្លាយ ។ អបអរសាទរ “​កម្មវិធី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក​”​។ យើង​ជឿ​ថា​ខ្មែរ​ធ្វើ​បាន ពួក​យើង​ជា​មហា​គ្រួសារ​ខ្មែរ​នឹង​រួមគ្នា​ត្បាញ​ក្រមា​ដែល​វែង​ជាង​គេ​លើ​ពិភពលោក​មួយ​នេះ​។ តោះ នាំគ្នា​ត្រៀមខ្លួន ចូលរួម​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ លើ​ពិភពលោក​ទាំងអស់​គ្នា​។ ហើយ​ក៏​សូម​អរគុណ​ជាពិសេស ដល់​ក្រុមការងារ ដែល​បាន​ផ្ដួចផ្ដើម​កម្មវិធី​នេះ​ឡើង ដើម្បី​ជា​មោទនភាព​ជាតិ និង​សាមគ្គីភាព​នៃ​មហា​គ្រួសារ​ខ្មែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×