ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងប្រាប់គណៈប្រតិភូក្រុមបេសកកម្មនៃសហគមន៍អ៊ឺរ៉ុប ក្នុងការចុះដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ ឧត្តរមានជ័យ។
នាល្ងាចថ្ងៃសុក្រ ថ្ងៃទ១៩ ខែមករា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារពិសេស (Adhoc) ក្រោមការសម្របសម្រួលរបស់ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាអំពីវឌ្ឍនភាពនៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាមួយគណៈប្រតិភូក្រុមបេសកកម្មនៃសហគមន៍អ៊ឺរ៉ុបដឹកនាំដោយ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះ លោក ទេសរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូអំពីលទ្ធផលដែលក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានខិតខំប្រឹងប្រែងក្នុងរយៈកាល ៤ ខែកន្លងមកនេះក្នុងការចុះដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ និងការប្រគល់ភារកិច្ចជូនអាជ្ញារធរខេត្តឧត្តរមានជ័យដោះស្រាយករណីខាងលើតាមយន្តការនៃការផ្តល់សម្បទានដីសង្គមកិច្ច ។
ជាមួយគ្នានេះ លោក Nikolaos Zaimis ទីប្រឹក្សានៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហគមន៍អ៊ឺរ៉ុបបានស្នើឲ្យក្រុមការងារដោះស្រាយវិវាទដឹកនាំដោយ លោក ទេសរដ្ឋមន្ត្រី នូវចំណុចមួយចំនួនដូចខាងក្រោម៖ ១. រៀបចំដាក់បញ្ចូលករណីវិវាទទាំងអស់ រួមទាំងវិវាទដែលម្ចាស់បណ្តឹងបានទទួលសំណងរួច ក្នុងបញ្ជីដោះស្រាយរួមគ្នាក្នុងពេលតែមួយ ដើម្បីចៀសវាងការតវ៉ាមិនទទួលបានសំណងស្មើគ្នារបស់ម្ចាស់បណ្តឹងដែលបានទទួលសំណងរួចពីក្រុមហ៊ុនដែលអាចបណ្តាលឲ្យការដោះស្រាយវិវាទមិនអាចឈានដល់ទីបញ្ចប់ ២. ស្នើប្រើប្រាស់យន្តការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញសម្រាប់ខេត្តឧត្តរមានជ័យដូចខេត្តទាំង ៣ ទៀតដែរ ៣. ស្នើឲ្យមានការចូលរួមដោះស្រាយវិវាទពីបណ្តាអង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងៗដែលមានចំណាប់អារម្មណ៍ និង ៤. ស្នើសុំរបាយការណ៍លម្អិតស្តីអំពីដំណើរការដោះស្រាយវិវាទនៃខេត្តទាំង៣ ។
ជាការឆ្លើយតប លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ដើម្បីទទួលបានប្រសិទ្ធភាពនៃការដោះស្រាយវិវាទនេះ ក្រុមការងារនឹងធ្វើការដោះស្រាយវិវាទដែលផ្តោតទៅលើបណ្តឹងដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនរួចឲ្យបានរួចរាល់ជាមុនសិនទើបត្រលប់ទទួលពិនិត្យបណ្តឹងដែលបានទទួលសំណងរួច មានន័យថា ក្រុមការងារធានានឹងដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនេះឲ្យបានចប់ជាស្ថាពរ ។ សម្រាប់វិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញក្នុងខេត្តឧត្តរមានជ័យ ដោយសារក្រុមហ៊ុនទទួលបានសិទ្ធិ បានប្រគល់ដីសម្បទានសេដ្ឋកិច្ចជូនរាជរដ្ឋាភិបាលរួច ដូចនេះ ត្រូវប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តដោះស្រាយតាមរយៈការផ្តល់សម្បទានដីសង្គមកិច្ច និងស្នើស្ថានទូតបញ្ជូនករណីវិវាទទាំងអស់ដែលបានដាក់ជូនស្ថានទូត មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាស្ថាប័នមានសមត្ថកិច្ច ។ លោក ទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងតែងតែបើកទូលាយសម្រាប់បណ្តាអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមសហការដើម្បីដោះស្រាយវិវាទជាមួយក្រសួង ដោយត្រូវដាក់ពាក្យស្នើសុំចូលរួម និងត្រូវសហការចូលរួមដោយសកម្មជាមួយក្រុមការងាររហូតដល់ទីបញ្ចប់ ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាភាសាអន្តរជាតិដើម្បីជូនសាធារណជនជ្រាបជាព័ត៌មាន នៅសប្តាហ៍ក្រោយនេះ ។
ក្នុងនោះផងដែរ លោក បាន សូរស័ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យគណៈប្រតិភូជឿជាក់លើយន្តការនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយតម្លាភាព យុត្តិធម៌ និងខិតខំដោះស្រាយដើម្បីបញ្ចប់វិវាទជាស្ថាពរ ពិសេសជឿជាក់លើក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ។
លោក ឯកអគ្គរដ្ឋទូត George Edgar បានសម្តែងនូវការកោតសរសើរចំពោះការតាំងចិត្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដឹកនាំដោយ លោក ជា សុផារ៉ា ក្នុងការសហការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញដែលទទួលបានលទ្ធផលយ៉ាងច្រើនក្នុងរយៈពេលត្រឹម ៤ ខែកន្លងទៅនេះ ។ លោក នឹងធ្វើរបាយការណ៍ជូនភាគីពាក់ព័ន្ធទាំងអស់ដើម្បីបានជ្រាបអំំពីវឌ្ឍនភាពនេះ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះគណៈប្រតិភូដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសផ្តល់នូវយុត្តិធម៌និងសច្ចៈធម៌ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតកម្ពុជាក្លាយជាប្រទេសមួយដែលមានសន្តិភាពនិងសន្តិសុខ និងមានស្ថិរភាពនយោបាយពេញលេញរយៈកាលកន្លងមកនេះនិងសូមជូនពរឲ្យដំណើរបេសកកម្មការទូតរបស់គណៈប្រតិភូ ប្រកបដោយជោគជ័យ៕ ដោយ៖បញ្ញាស័ក្តិ