ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារ បានចុះត្រួតពិនិត្យនៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០,០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និងគ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥,០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី។
ឯកឧត្តម បានបញ្ជាក់ថា ជាមួយនិងការត្រឡប់មកបំពេញការងារវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក្រោយពួកគេត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ ៕ ដោយ ៖ សម្ផស្ស