កណ្តាល ៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាក់ស្តែងនៅថ្ងៃ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីឃាតកម្ម មួយកើតឡើង ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្កកណ្តាល។ បង្កដោយជនសង្ស័យ ចំនួន ០១ក្រុម បានធ្វើការវាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញ កងរាជអាវុធហត្ថ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងក្រុងអរិយក្សត្រ ដឹកនាំដោយ លោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើ។
ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតកំណត់មុខសញ្ញាបាន។ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះធ្វើការបង្រ្កាបជាក់ស្តែងនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ភេទប្រុស ចំណែកបក្សពួកជនសង្ស័យផ្សេងទៀត បានបើករថយន្តគេចចេញពីកន្លែងបង្ក្រាប ហើយបានយករថយន្ត ០១គ្រឿង មកទុកចោលនៅក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ហើយបានគេចខ្លួនបាត់តែម្ដង។
-នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឆែកឆេរលំនៅដ្ឋាន ក្រុមជនសង្ស័យនៅខេត្តកំពង់ឆ្នាំង បានរកឃើញខ្សែកាប ដែលបានប្រើសម្រាបធ្វើទារុណកម្មវាយធ្វើបាបជនរងគ្រោះ, ថ្នាំញៀនចំនួន១២កញ្ចប់ ធំ០២កញ្ចប់ មធ្យម១០កញ្ចប់(ទម្ងន់ប្រមាណ ០៣គីឡូក្រាម) ដែលលាក់ទុកក្នុងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីនៅក្នុងរោងខាងក្រោយផ្ទះជនសង្ស័យ។
-នៅវេលម៉ោង១៤៖៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានមួយកន្លែងមួយកន្លែងទៀតរបស់ក្រុមជនសង្ស័យ បានជួលសម្រាបទុកថ្នាំញៀន និងធ្វើទារុណកម្មលើជនរងគ្រោះ បានរកឃើញខ្សែកាបដែលធ្វើទារុណកម្ម និងធុងជ័រ(ធុងស្ពេតត្រូ) កប់ក្នុងដីសម្រាបលាក់ថ្នាំញៀន តែមិនឃើញមានថ្នាំញៀនឡើយ ដោយសារជនសង្ស័យបានយកទៅជាមួយបាត់អស់។
+វត្ថុតាងដកហូតសរុបរួមមានៈ រថយន្ត ចំនួន ០៣គ្រឿង, ម៉ូតូ ០៣គ្រឿង, ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់ (ធំ០២កញ្ចប់ មធ្យម១០កញ្ចប់ ទម្ងន់ប្រមាណ ៣គីឡូក្រាម), ទូរសព្ទ ចំនួន ០៥គ្រឿង, ខ្សែកាប ចំនួន ០២ខ្សែ(សម្រាប់ធ្វើទារុណកម្មវាយជនរងគ្រោះ), ធុងជ័រ(ធុងស្ពេតត្រូ)ទុកគ្រឿងញៀន០២, សម្ភារៈប្រើប្រាស់គ្រឿងញៀន និងឯកសារមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច៕ រក្សាសិទ្ធដោយ៖សុទ្ធលី