ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងផេកហ្វេសប៊ុកផ្លូវការថា “ជម្រាបសួរជនរួមជាតិទូទាំងប្រទេស នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមប្រជុំកំពូលពិសេស រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ២៤-២៨ មករា ២០១៨។ ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញបងប្អូនជនរួមជាតិ បានខិតខំប្រឹងប្រែងចូលរួមជាមួយខ្ញុំ ទាំងក្នុងការថែរក្សាសន្តិភាព និងក្នុងការចូលរួមបង្កើនមុខរបរចិញ្ចឹមជីវិតឲ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង”។
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដែល្លី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ដ្រីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា។
ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក ង្វៀន សួនហ្វ៊ុកនាយករដ្ឋមន្ដ្រីវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការវិញ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយលោក ស្រ៊ី រ៉ាម ណាត កូវិនដ៏ (Shri Ram Nath Kovind) ប្រធានាធិបតីឥណ្ឌា និងលោក ស្រ៊ី ម. វ៉េនកៃអាហ៍ ណៃឌូ (Shri M. Vekaiah Naidu) អនុប្រធានាធិបតីឥណ្ឌា ក៏ដូចជានឹងទទួលជួបសម្តែងការគួរសមដោយលោកស្រី ស៊ូសម៉ា ស្វារ៉ាជ (Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។ សម្តេចតេជោក៏នឹងអញ្ជើញដាក់កម្រងផ្កានៅស្តូបគោរពវិញ្ញាណក្ខន្ធ លោក មហាត្មៈ គន្ធី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។ បន្ទាប់មកថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនហើយនឹងបន្តដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នា។ ក្នុងឱកាសស្នាក់នៅប្រទេសឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះនៅឯវេទិកាធុរៈកិច្ចឥណ្ឌា-កម្ពុជាផងដែរ ដើម្បីបង្ហាញពីឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគឥណ្ឌា មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា៕ ដោយ៖កូឡាប