Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​មួយ​ខែ​ខាត​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ លើ​សេវា​រថយន្តក្រុង​ដឹក​អ្នកដំណើរ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ការផ្តល់​សេវា​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ សព្វថ្ងៃនេះ បាន​ចំណាយ​ថវិកា ក្នុង​ការខាតបង់​ក្នុង​មួយខែៗ​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សានុសិស្ស ។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ ស្មៀន​ទាំងអស់​នៅក្នុង​មូលដ្ឋាន​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៣​មករា នៅ​សាលា​រាជធានី​ភ្នំពេញ លោក​អភិបាល​បាន​មានប្រសាសន៍ថា ក្នុង​មួយ​ខែៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃ​ខាតបង់​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​បើ​ទោះបីជា​ខាតបង់​យ៉ាងនេះក្តី រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​រុញ​រា​នោះទេ សំខាន់​អោយ​​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ​ប្រើប្រាស់​អោយ​ចំ​គោលដៅ ដែល​ប្រជាពលរដ្ឋ​ចង់បាន ។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​សាធារណៈ បច្ចុប្បន្ន​នេះ​ឃើញថា មាន​ភាពយឺតយ៉ាវ ខណៈ​ដែល​លោក​អង្គុយចាំ​ជិះ​នៅ​ចំណតរថយន្ត​មុខ​វិទ្យាល័យ ជាស៊ីម សន្ធ​ម៉ុក ស្ថិត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​។ ជុំវិញ​បញ្ហា​នេះ លោក​បាន​ស្នើ​អោយ​អភិបាល​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ ពិនិត្យ​ឡើង​វិញ​កុំ​អោយ​មាន​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ទទួល​លើ​សេវា​នេះ ។ ក្នុងនាម​យើង​ជា​មន្ត្រី​កុំ​នៅក្នុង​ប៊ុយ​រ៉ូធ្វើការ​ជា​មន្ត្រី​ជើង​១០ ត្រូវ​ដើរ​មើល​ការងារ​របស់​ខ្លួន​គ្រប់គ្រង​នៅ​តាម​មូលដ្ឋាន​ផង​។ ចំពោះ​សេវា​រថយន្ត​ដឹក​អ្នកដំណើរ​សាធារណៈ​នេះ លោក​ឃួង ស្រេង ក៏​បាន​ជម្រុញ​អោយ​អាជ្ញាធរ ខណ្ឌ សង្កាត់​ជួយ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ពោល​គឺ​បើ​ឃើញថា មាន​ភាព​អសកម្ម​សូម​ជួយ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​សេវា​នេះ​ដំណើរការ​ទៅ​បាន​រលូន​និង​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូឡាប​

×