ភ្នំពេញ៖ បាច់ផ្កា១បាច់និងស្បែកជើង១គូ បន្សល់ទុកនៅលើស្ពានជ្រោចង្វា ដែលគេសន្មតថា ជារបស់នារីម្នាក់បានលោតទឹកសម្លាប់ខ្លួនដោយមិនដឹងមានវិបត្តិអ្វី បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៣ ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
បើតាមប្រភពពីប្រជាពលរដ្ឋជាអ្នកធ្វើដំណើរដែលបានប្រទះនឹងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីរថយន្ត១គ្រឿងដោយមានកាន់បាច់ផ្កា១បាច់ ហើយរថយន្តនោះក៏បានបើកចេញទៅ ដោយទុកឲ្យនាងឈរនៅលើស្ពានតែម្នាក់ឯង។ មួយសន្ទុះក្រោយមក នារីនោះក៏បានដាក់បាច់ផ្កាចុះ និងដោះស្បែកជើង ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកទន្លេតែម្តង។ ឃើញបែបនេះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយសង្គ្រោះ ប៉ុន្តែ ជាអកុសល នាងបានលិចចូលទៅក្នុងទឹកបាត់ទៅហើយ។
សូមបញ្ជាក់ថា រហូតមកទល់រសៀលថ្ងៃដដែលនេះ សាកសពរបស់នាងនៅមិនទាន់រកឃើញនៅឡើយទេ ខណៈសមត្ថកិច្ចបានត្រឹមប្រកាសស្វែងរកសាច់ញាតិ ជាមួយបាច់ផ្កា១បាច់និងស្បែកជើង១គូ ដែលនារីរងគ្រោះបន្សល់ទុកជាតឹកតាងប៉ុណ្ណោះ។
ដោយឡែក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ស្រាប់តែនៅមុននេះបន្តិច គេប្រទះឃើញគណនីមួយឈ្មោះ Pich Morokoth ដែលអះអាងថាជាមិត្តភក្តិនារីរងគ្រោះ បានបង្ហោះថាសារជាភាសាអង់គ្លេសលាយឡំនឹងអក្សរខ្មែរមានខ្លឹមសារយ៉ាងដូច្នេះថា៖ «សង្ឃឹមថា មិនមែនជាមិត្តភក្តិរបស់ខ្ញុំទៅចុះ ទាក់ទងអត់បាន បិទទូរស័ព្ទ (offine) អស់រយៈពេល១១ម៉ោងហើយ រូបហ្នឹង និងហេតុការណ៍ហ្នឹង សូមមិត្តកុំធ្វើឲ្យមិត្តគ្រប់គ្នាភ័យណា Gech Gech» ៕ ដោយ៖ លឹម ហុង