ជីវិតមនុស្សម្នាក់កើតមកលើលោកនេះ ពុំមានអ្នកណាម្នាក់ អាចកំណត់បានថាខ្លួននឹងអាចរស់ដល់ថ្ងៃណា ឬ ឆ្នាំណានោះទេ គឺអាស្រ័យទៅលើព្រហ្មលិខិតនៃច្បាប់ធម្មជាតិប៉ុណ្ណោះ ដែលយើងមិនអាចអង្វរ ឬ សុំតវ៉ាចាំដល់ពេលនេះពេលនោះបានឡើយ។ ពិតមែនហើយ ឆាកជីវិតមនុស្សមើលមិនឃើញនោះទេ ព្រោះថាជូនកាលថ្ងៃនេះជួបគ្នាសើចសប្បាយក្អាកក្អាយ ក៏ស្រាប់តែថ្ងៃស្អែកបែកគ្នាក៏មាន ដោយសារតែរឿងហេតុកើតឡើងផ្សេងៗ មើលមិនដឹង។
តួយ៉ាង ដូចជាយុវតីដ៏ស្រស់ស្អាតម្នាក់នេះ រស់នៅភូមិ បឹងក្រាញ់ ឃុំ ស្វាយលួង ស្រុក កណ្ដៀង ខេត្ត ពោធិ៍សាត់ បានលាចាកលោកទៅវិញ ធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់នាង សឹងតែពុំអាចទទួលយកបានឡើយ ព្រោះថាវាលឿនពេកដោយពុំបានលាសូម្បីមួយម៉ាត់ ដោយសារតែនាងជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរ គ្រូពេទ្យពុំអាចសង្គ្រោះជីវិតបាន។
ជាមួយនឹងទុក្ខដ៏សែនក្រៀមក្រំ មិនអាចទទួលយកបាននេះផងដែរ ក្នុងនោះ បងជីដូនមួយរបស់នារីរងគ្រោះ ក៏បានបង្ហោះសារយ៉ាងសោកសៅថា៖ «ខ្ញុំនិងក្រុមគ្រួសារមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ដោយកញ្ញា ជា គីមម៉ី ដែលបានទទួលមរណភាពនៅ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង 10និង30នាទីយប់ ក្នុងវ័យ ១៩ ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍(ភ្នំពេញ ) សូមអោយវិញ្ញាណក្ខន្ធប្អូនស្រីបានទៅកាន់សុគតិភព ជាតិក្រោយកុំឲ្យអភ័ព្វ និងអាយុខ្លីដូចជាតិនេះ ។ ប្អូនជីដូនមួយ Chea Kim Mey ទៅអោយបានសុខ»។
ដោយឡែក មិត្តភក្តិរបស់នាងមានគណនីហ្វេសប៊ុកឈ្មោះ Nha Sky ក៏បានសម្តែងសោកស្តាយ ដោយភ្ជាប់សារទាំងទឹកភ្នែកថា៖ «លឿនពេកហើយ Chea Kim Mey មិចក៏ហែងដាច់ចិត្តម្លេះសូម្បីតែពាក្យលាមួយម៉ាត់ក៏គ្មាន បើមានជាតិក្រោយកុំឲ្យដូចជាតិនេះទៀត ទៅឪ្យបានសុខណាសម្លាញ់ មិត្តភក្តិយើងគ្មាននាក់ណាទទួលយកវាបានទេ យើងស្មានមិនដល់ទេ ចាំឯងក្នុងចិត្តគ្នាជានិច្ច លារហូតហើយ បងប្អូនល្អ»។
គួរបញ្ជាក់ថា កាលពីវេលា ម៉ោងប្រមាណ ១០ យប់ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយស្ត្រីជនជាតិឥណ្ឌាម្នាក់ បើករថយន្តទៅបុកម៉ូតូហើយជ្រុលទៅបុកម៉ូតូសណ្ដោងដឹកអេតចាយមួយគ្រឿងទៀត ស្ថិតក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យបុរសម្នាក់ និងនារីរងគ្រោះ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ប៉ុន្តែ ជាអកុសល ដោយសាររបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាចជួយសង្គ្រោះបាន នាងក៏បានស្លាប់បាត់ជីវិតគួរឲ្យសោកស្តាយ៕ ដោយ៖ លឹម ហុង