គូសង្សារ១គូ ដែលត្រូវបានគេចោទប្រកាន់ថាបានយកគ្នាមុនរៀបការ បានទទួលរងទណ្ឌកម្មត្រូវស្រោចទឹកលូលើក្បាលទាំងពីរដ៏គួរឱ្យអាម៉ាស នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
បុរសវ័យក្មេងម្នាក់ និងមិត្តស្រីរបស់គាត់ ត្រូវបានគេចោទប្រកាន់ថា បាននៅក្នុងបន្ទប់ជាមួយគ្នា ទោះបីជាមិនរកឃើញធ្វើអ្វីៗនឹងគ្នាក៏ដោយ តែវាត្រូវបានហាមឃាត់ដោយច្បាប់ Sharia ។
យោងតាមសារព័ត៌មាន France24 បានឲ្យដឹងថា ពួកគេត្រូវបានអូសចេញពីផ្ទះនៅតាមដងផ្លូវ ក្នុងភូមិ Kayee Lee ក្នុងខេត្ត Aceh នៅលើកោះស៊ូម៉ាត្រា និងត្រូវបង្ខំអង្គុយចុះនៅមុខលូ ហើយបន្ទាប់មកបុរសម្នាក់ក្នុងចំណោមអ្នកភូមិគេក៏បានដងកាកសំណល់ទឹលូ ចាក់ស្រោចលើក្បាលរបស់ពួកគេតែម្តង ខណៈអ្នកខ្លះស្រែកឡើងថាៈ អ្វីដែលអ្នកបានធ្វើ គឺប្រឆាំងនឹងសាសនាអ៊ីស្លាម! នេះគួរទុកជាមេរៀនសម្រាប់អ្នក!។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ប៉ូលីសបានទៅដល់កន្លែងកើតហេតុប៉ុន្មាននាទី ក្រោយមក ពួកគេក៏បាននាំគូសង្សារនេះទៅកាន់ប៉ុស្តិ៍ប៉ូលីស រួចក៏អនុញ្ញាតឲ្យពួកគេងូតទឹកជម្រះកាយ។
លោក Nazarul Fitra មេប៉ូលីសនៅតំបន់ Ingin Jaya បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា យុវតីអាយុ ១៨ ឆ្នាំ បានទៅផ្ទះមិត្តប្រុសរបស់នាងដែលកំពុងនៅផ្ទះតែម្នាក់ឯង។
អ្នកជិតខាងសន្មតថា ពួកគេនៅទីនោះដើម្បីរួមភេទ ហើយបង្ខំពួកគេឱ្យចេញខាងក្រៅ ដើម្បីទទួលទណ្ឌកម្ម។
ប៉ូលីស Fitra បាននិយាយថា ប៉ូលីសសីលធម៌នឹងធ្វើការស៊ើបអង្កេត ដើម្បីកំណត់ថាតើពួកគេពិតជាបានប្រព្រឹត្តិទង្វើដូចការចោទប្រកាន់ ដែលនឹងត្រូវផ្តន្ទាទោសវាយ ១០០ រំពាត់ និងពិន័យស្មើនឹង ១៥០ ក្រាមមាស ឬដាក់ពន្ធនាគារ ១៥ ខែ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង