ប្រិយមិត្តនៅក្នុងបណ្តាញសង្គមបានដឹងហើយ ពីបុរសអនាថាឈ្មោះថា កែវ សុវណ្ណ ដែលអ្នកខ្លះថាគាត់ជាមនុស្សបែកកម្មឋាន ឬ មានសតិមិនល្អ ក្រោយពីបានឃើញគាត់ដើរទៅកាន់ទឹកដីអង្គរដែលជាកន្លែងច្បាប់ ជាមួយសម្លៀកបំពាក់ខោមិនខោអាវមិនអាវ។ តែយ៉ាងណា លោក កែវ សុវណ្ណ ត្រូវបានមហាជនជាច្រើនសម្តែងនូវការគោរពស្រឡាញ់ជាខ្លាំង ក្រោយពីបានឃើញការនិយាយស្តីរបស់គាត់មួយម៉ាត់ៗ គឺពោរពេញទៅដោយអត្ថន័យខ្លឹមសារអប់រំដ៏ជ្រាលជ្រៅ រហូតអ្នកខ្លះចាត់ទុកដូចជាអ្នកប្រាជ្ញទៀតផង។
ជាការពិតណាស់ ភាពល្បីល្បាញរបស់បុរសរូបនេះ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ចូលចិត្តតាមដានរាល់សកម្មភាពការនិយាយស្តីយ៉ាងត្រជាក់របស់គាត់ជាខ្លាំង ព្រោះថា ការចេះដឹងរបស់គាត់ខាងផ្លូវលោក គឺពិតជាមិនធម្មតានោះទេ ដែលសូម្បីតែព្រះសង្ឃក៏សុំចាញ់ផងដែរ។
ដោយឡែក ថ្មីៗនេះ លោក កែវ សុវណ្ណ ក្រោយដើរពនេចរអនាថានៅគ្រប់ទីកន្លែងអស់រយៈជាច្រើនថ្ងៃរួចមក នៅពេលនេះ បុរសដ៏មិនធម្មតារូបនេះ ត្រូវបានព្រះសង្ឃអនុញ្ញាតឲ្យស្នាក់នៅក្នុងវត្តមួយនៅក្នុងទឹកដីខេត្តសៀមរាបហើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកព្រះសង្ឃមួយអង្គដែលមានព្រះនាមថា Tat Mahaty បានមានសង្ឃដីបញ្ចាក់ឲ្យដឹងថា៖ «ដើម្បីដឹង! ល្បីល្បាញក្នុងបណ្ដាញសង្គមហ្វេសប៊ុក ញោមប្រុសឈ្មោះ កែវ សុវណ្ណ ដែលបងប្អូនញាតិមិត្តជិតឆ្ងាយបានដឹងខ្លះ មិនបានដឹងខ្លះ ឥឡូវនេះគាត់បានមកស្នាក់នៅហើយ ក្នុងវត្តព្រះឥន្ទកោសា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង