ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់ជានៅចាំហើយ ពីបុរសម្នាក់ដែលមានរហ្សនាមថា «មេបក្សស្មូម» ដែលល្បីល្បាញពេញបណ្តាញសង្គម កាលពីអំឡុងឆ្នាំ២០១៩ ព្រោះតែបុរសរូបនេះ គឺជាមនុស្សដែលរៀនចេះដឹងខ្ពង់ខ្ពស់ជាប់អាហារូបករណ៍ទៅរៀនរហូតប្រទេសចិន និងក៏ជាអ្នក Business ផងដែរ បែរជាធ្លាក់ខ្លួនក្លាយជាអ្នកសុំទានដើរដេកតាមវត្តខោមិនខោអាវមិនអាវ និងហាក់មានសតិមិនល្អទៀតផង។ ហើយក្រោយមក ត្រូវបានដឹងថា មូលហេតុមកពីគាត់កើត Depression ធ្ងន់ធ្ងរ ដោយសារគាត់បាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងគ្រួសាររបស់គាត់។
ដោយឡែក កាលពីពេលថ្មីៗនេះ មិនដឹងជារឿងចៃដន្យ ឬ យ៉ាងណា ស្រាប់តែមេបក្សស្មូមរូបនេះ បានស្កាត់ទៅជួបបុរសអនាថាដូចគ្នា កែវ សុវណ្ណ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពេញទឹកដីអង្គរតែម្តង ខណៈពេលដែលមេបក្សស្មូមរូបនេះ បានសួរដេញដោលទៅកាន់ កែវ សុវណ្ណ ហៅជូគ័លាងខ្មែរ អំពីនិយមន័យច្បាប់។
តែយ៉ាងណា នៅក្នុងអំឡុងពេលចោទសួរគ្នាយ៉ាងស្វិតស្វាញ គេឃើញខាងមេបក្សស្មូម ហាក់មានបំណងចង់សួរផ្ចាញ់ផ្ចាល កែវ សុវណ្ណ អំពីប្ញសគល់ច្បាប់ និងសូម្បីបដិសេធទទួលអត់បានរាល់ការបកស្រាយរបស់លោកជូគ័លាង ដោយថា កែវ សុវណ្ណ គ្រាន់តែមានទស្សនៈ តែអត់មានការចង្អុលបង្ហាញ និងយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ច្បាប់។ មិនត្រឹមតែប៉ុណ្ណឹង គេក៏បានឃើញមេបក្សស្មូមដែលហាក់មានអំនួតថាខ្លួនជាអ្នកចេះដឹង តែងនិយាយកាត់ និងថារាល់ការបកស្រាយរបស់ កែវ សុវណ្ណ គឺពុំត្រឹមត្រូវ ប៉ុន្តែហាក់គាំងម្តងៗនៅពេល កែវ សុវណ្ណ សួរទៅវិញ។ និយាយជារួមទៅ រវាងអ្នក ទាំងពីរ គឺនិយាយមិនចូលគ្នាទេ ព្រោះថា ម្នាក់រៀនខាងពុទ្ធសាសនាស្វែងយល់ពីព្រះត្រៃបិដកសម័យព្រះ រីឯម្ខាងទៀត រៀនសូត្រចំណេះដឹងច្បាប់សង្គម។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមភាគច្រើន បានសម្តែងការមិនពេញចិត្ត និងរិះគន់មេបក្សស្មូមយ៉ាងចាស់ៗដៃថា៖ «ថាមេបក្សស្មូមល្បីពីមុន តើរាល់ថ្ងៃស្មូមនៅណា នរណាចិញ្ចឹម នៅវត្តឬពនេចរ ហេតុអីស្កាត់មកជួបសុវណ្ណ ដើម្បីអី?, ខំទៅជួបជិះឡានអស់លុយច្រើនណាស់ ដើម្បីឲ្យគេដឹងថាខ្ញុំពូកែជាងសុវណ្ណ នឹងចង់ល្បីម្ដងទៀតតែដឹងអី បែរជាគេនាំគ្នាជេរទៅវិញ, ចាំបាច់ចង់ចាញ់ ឈ្នះធ្វើអ្វី លើលោកនេះគ្មានអាថ៍កំបាំងឡើយ មិនចាំបាច់បកស្រាយច្រើននេះមិនមែនជាការសួរនាំយកចំនេះតែនេះជាការផ្ចាញ់ផ្ចាលគ្នា ត្រូវគិតថាបើមិនបានឃើញបង សុវណ្ណចេញមក ក៏មិនមានមុខ បង ឈៀវហ្វុង ដែរ ហើយពេលស្តាប់ត្រូវស្តាប់អត្ថន័យបងសុវណ្ណឲ្យច្បាស់ គាត់ចង់និយាយថា ពីសម័យមុនប្រទេសរុងរឿងដោយសារតែការគោរពច្បាប់ មិនថារាស្ត្រ មន្ត្រី តែមកដល់សម័យនេះមានគោរព និងមិនគោរព អ៊ីចឹងហើយបានគាត់ថា អ្នករៀនច្បាប់អង្គុយលើច្បាប់ ស្មើនឹងសម្រាម សុទ្ធតែអ្នកមានចំនេះដឹង កុំចង់ចាញ់»។ រីឯខ្លះទៀតក៏ចំអកឲ្យមេបក្សស្មូមឡើងកប់ៗថា៖ «ខ្ញុំសព្វថ្ងៃរើសកំប៉ុងនៅភ្នំពេញ កន្លែងដេកក្នុងវត្ត បានលោកចិញ្ចឹម មកសៀមរាប ដើម្បីបកស្បែកមុខ កែវសុវណ្ណ តែទៅមិនរួច!» និងនៅមានការរិះគន់យ៉ាងច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង