នេះជាហេតុការណ៍ដ៏គួរឲ្យញាក់សាច់មួយ ខណៈដែលគ្រាប់កាំភ្លើង១គ្រាប់ មិនដឹងចេញមកពីប្រភពណា បានធ្លាក់ទម្លុះដំបូលពិដានផ្ទះមួយនៅក្នុងខេត្ត Chonburi ប្រទេសថៃ ដែលស្ទើរតែវាយប្រហារចំលើស្ត្រីជាម្តាយ និងកូនរបស់នាង ខណៈពួកគេកំពុងរៀបចំចូលគេង ក្នុងរាត្រីឆ្លងឆ្នាំ។
នារីរងគ្រោះដែលមានឈ្មោះថា Aphitsaya Raksasuk អាយុ ២៥ ឆ្នាំ បានផុសពីហេតុការណ៍ដ៏រន្ធត់នេះនៅលើគណនីហ្វេសប៊ុករបស់នាងឈ្មោះ Oil Aphitsaya ដោយបានបញ្ជាក់ឲ្យដឹងថា ខណៈពេលនាងកំពុងដាក់កូនរបស់នាងនៅលើគ្រែ ក្នុងអំឡុងពេល countdown វេលាម៉ោង ០០ និង ០០ នៅពេលនោះ ស្រាប់តែឮសូរសម្លែងខ្លាំងចេញពីដំបូល។ នៅពេលបើកភ្លើងពិនិត្យមើល នាងក៏បានរកឃើញបំណែកពិដាន រួមជាមួយគ្រាប់កាំភ្លើង១គ្រាប់នៅលើកម្រាល ដែលធ្វើឲ្យនាងស្លុតរន្ធត់ជាខ្លាំង។ ប៉ុន្តែ បើទោះជានាងបានយកភស្តុតាង និងរូបភាពជាក់ស្តែង ទៅកាន់ប៉ុស្តិ៍ប៉ូលីសបែបនេះក្តី តែគ្មានមន្ត្រីរូបណាមកពិនិត្យផ្ទះនាងនោះទេ។
នាង Aphitsaya ក៏បានបង្ហាញទៅដល់ក្រុមអ្នកសារព័ត៌មាន ពីកន្លែងដែលគ្រាប់កាំភ្លើងបានធ្លាក់ចូលក្នុងផ្ទះរបស់នាង ដោយគ្រាប់នោះបានទម្លុះដំបូលចូលក្នុងបន្ទប់ និងធ្លាក់ក្បែរកន្លែងដែលនាង និងកូនរបស់នាងកំពុងគេង។ នាងបានប្រាប់ឲ្យដឹងថា មានផ្ទះជិតខាងជាច្រើនបានកំពុងប្រារព្ធថ្ងៃឆ្លងឆ្នាំ ជាមួយការបាញ់កាំជ្រួច។
តាមរយៈរូបភាពនេះផងដែរ នាងក៏បានផ្តាំផ្ញើយ៉ាងដូច្នេះថា «ខ្ញុំក៏ចង់ផ្ញើសារនេះទៅដល់អ្នកដែលចូលចិត្តបាញ់ទៅលើមេឃ សូមមេត្តាឈប់ទៅ។ ព្រោះថា ប្រសិនបើវាធ្លាក់ត្រូវចំលើនរណាម្នាក់ សួរថាតើវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតពួកគេបានទេ!។ គ្រាប់កាំភ្លើងនេះបានធ្លាក់ចំកន្លែងដែលកូនរបស់ខ្ញុំចូលចិត្តអង្គុយ។ យើងពិតជាមានសំណាងណាស់ ដែលពុំរងរបួសនៅក្នុងហេតុការណ៍នេះ។ ខ្ញុំសង្ឃឹមថា ប៉ូលីសនឹងជួយតាមដានអ្នកដែលធ្វើរឿងនេះ»។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលករណីនេះបានកើតឡើង ព្រោះករណីគ្រាប់កាំភ្លើងធ្លាក់ទម្លុះដំបូលផ្ទះប្រជាពលរដ្ឋថៃ គឺបានកើតឡើងច្រើនលើករួចមកហើយ ដែលក្នុងនោះកាលពីឆ្នាំ២០១៩ គ្រាប់កាំភ្លើង១គ្រាប់ក៏បានធ្លាក់ទម្លុះដំបូលផ្ទះស្ត្រីម្នាក់ឈ្មោះ Apisada Yontwong អាយុ ៣៣ ឆ្នាំ រស់នៅក្នុងខេត្ត Lampang ប៉ុន្តែ ក្នុងហេតុការណ៍នោះ ក៏ពុំបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ដោយត្រឹមធ្វើឲ្យម្នាក់ៗស្លុតរន្ធត់ និងហួសចិត្តតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង