ស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានគេយកទៅកប់ទាំងនៅមានជីវិត ហើយនាងត្រូវទុកឲ្យដេកក្នុងស្ថានភាពនៅដឹងខ្លួននៅក្នុងមឈូស អស់រយៈពេល ១១ ថ្ងៃ ។ គ្រួសាររបស់នាងបានបំបែកផ្នូរថ្ម បន្ទាប់ពីប្រជាជនក្នុងស្រុកបានលឺសំលេងស្រែកចេញពីផ្នូរ ប៉ុន្តែ វាគួរឱ្យសោកស្តាយ អ្វីៗបានហួសពេលទៅហើយ ។
សាច់ញាតិរបស់ Rosangela Almeida dos Santos អាយុ ៣៧ ឆ្នាំ បាននិយាយថា នាងបានព្យាយាមខំប្រឹងរើសបំរាស់ ដើម្បីចេញពីមឈូស ដែលត្រូវបានបិទដោយដែកគោល ហើយត្រូវស្ថិតនៅក្នុងផ្នូរថ្មទៀត ។
វីដេអូបានបង្ហាញឲ្យឃើញខណៈពេលសាច់ញាតិរបស់នាង ព្យាយាមវាយបំបែកម៉ុង ដើម្បីលើកមឈូសចេញ នៅទីបញ្ចុះសពស្ថិតក្នុង Riachao das Neves, ភាគខាងជើងនៃប្រទេសប្រេស៊ីល ដើម្បីពិនិត្យមើលនាង បន្ទាប់ពីត្រូវបានកប់រយៈពេល ១១ ថ្ងៃ ។
MailOnline បានរាយការណ៍ថា មនុស្សរស់នៅជិតទីបញ្ចុះសពនោះ បានមកប្រាប់គ្រួសាររបស់នាងថា នាងត្រូវបានកប់ទាំងនៅមានជីវិត បន្ទាប់ពីពួកគេបានលឺសម្លេងស្រែកចេញពីក្នុងផ្នូរ ។
ប៉ុន្តែ គួរឲ្យសោកស្តាយ បន្ទាប់ពីពួកគេព្យាយាមគាស់ក្តារមឈូសឡើង វាយឺតពេលទៅហើយក្នុងការជួយសង្គ្រោះជីវិតនាង ខណៈដែលពួកគេបានរកឃើញស្នាមរបួសនៅត្រង់ដៃ និងថ្ងាស ដែលគេជឿជាក់ថា នាងបានព្យាយាមខំប្រឹងចេញពីក្តារមឈូស ។
គួរបញ្ជាក់ថា Rosangela ត្រូវបានសម្រេចយកទៅបញ្ចុះ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ បានប្រកាសថា នាង Rosangela Almeida dos Santos បានស្លាប់ ដោយសារតែបញ្ហាគាំងបេះដូង ៕ ចន្ទី