ភ្នំពេញ ៖ កម្មករកម្មការីនីរាប់ពាន់នាក់ ផ្ទុះការតវ៉ានាំគ្នាបិទផ្លូវបង្កឲ្យមានការកកស្ទះជាច្រើនម៉ោង។
ការផ្ទុះការតវារបស់កម្មករខាងលើនេះបានធ្វើឡើង នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២១ ស្ថិតនៅចំណុចមុខរោងចក្រយីហោY-W តាមបណ្តោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្មខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីក្រុមកម្មករដែលផ្ទុះការតវ៉ាខាងលើនេះ គឺបណ្តាលមកពីថៅកែរោងចក្រកាត់ដេរY-W ខកខានមិនបានបើកលុយបំណាច់ឆ្នាំ និងលុយអតីតភាព៥%ឲ្យពួកគាត់ ដោយក្នុងកិច្ចសន្យាការងាររវាងថៅកែ និងកម្មករនិងបើកលុយបំណាច់ឆ្នាំរយះពេល៦ខែម្តង ឲ្យពួករហូតមកដល់ពេលនេះគឺរយៈពេលមួយឆ្នាំ ហើយដែលពួកគាត់មិនទាន់បានទទួលប្រាក់បំណាច់ឆ្នាំ ទើបពួកគាត់ផ្ទុះការតវាបិទផ្លូវ ដើម្បីឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះជួយបន្ទាន់អន្តរាគមន៍រកដំណោះស្រាយឲ្យពួកគាត់ផង។
ទោះជាយ៉ាងណាក្តី ក្នុងការផ្ទុះការតវារបស់ក្រុមកម្មករប្រមាណ៥៥០០នាក់ខាងលើនេះ ក៏មានវត្តមានគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ចុះទៅសម្របសម្រួល និងស្នើឲ្យកម្មករបើកផ្លូវ ដើម្បីឲ្យអ្នកដំណើរធ្វើរចរាចរណ៍ទៅវិញទៅមកផងដែរ៕ រក្សាសិទ្ធិដោយ៖ មីដា