Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍ ចំពោះការវិ​និយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា

នៅវិមានព្រឹទ្ធសភា នៅព្រឹក ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​ការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។

សម្ដេចរំ​ពឹងថា តាមរយៈ​ដំណើរ​ទស្សន​កិច្ច​មក​កាន់​ប្រទេស​កម្ពុជា​នាពេល​នេះ​នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាញ​យក​នូវផលប្រយោជន៍ តាមរយៈការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​អស់​ពី​សក្ដា​នុពល។

នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បាន​សម្ដែង​នូវ​ការ​អរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង​ប្រតិភូ​ជួប​សម្ដែង​ការ​គួរ​សម​ក្នុង​ពេល​នេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹម​នឹង​នោះ​លោកបា​ន​រំលេច​អំពី​សក្ដា​នុពល​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​កម្ពុជា​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ និងអាចរៀនសូត្របាន។ លោកបានលើកឡើងថា ជប៉ុនបាន​ធ្វើ​កសិកម្ម​តាម​បែប​ឆ្លាត​វៃ ពោលគឺការធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាម​រយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួល ក្នុង​ការ​បណ្ដុះ​ធន​ធាន​មនុស្ស​កម្ពុជា​បន្ថែម​ទៀតពី​វិស័យ​កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។

លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរ​ទស្សន​កិច្ច​ពី​មន្រ្ដី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ហើយ​យកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ បា​ន​ស្នើ​សុំ​ការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

ជា​ការឆ្លើយតប សម្ដេចតជោ បានរំលេចឡើងថា កម្ពុជា ចាប់ពីឆ្នាំ ១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​ ដោយសម្ដេចបានលើកឡើងថា កម្ពុជាកាល​ពី​អតីត​កាល​វិស័យ​កសិកម្ម​មាន​ភាព​អន់​ថយ​ ហើយពីមុនកម្ពុជាខ្វះស្បៀងផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយ​ពី​មាន​ការ​ធ្វើកំណែទម្រង់ជាបន្តបន្ទាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី កម្ពុជា​បាន​ប្រែខ្លួ​ន​ពី​ប្រទេស​ដែល​ខ្វះស្បៀង ផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយជា​ប្រទេស​ដែល​មាន​ស្បៀង​បបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។

ទន្ទឹមនឹងនេះ សម្ដេចតជោបានលើកឡើងថានូវចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និង​អភិវឌ្ឍ​បន្ថែម គឺការកែច្នៃ ដោយបច្ចុប្បន្នដោយសារតែកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជា មាន​ការកើន​ឡើង​ច្រើន​កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​កសិកម្ម​ដែល​ជា​វត្ថុ​ធាតុ​ដើម​ទៅ​លក់​នៅ​ក្រៅ​ប្រ​ទេសដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។

សម្ដេច​តេជោរំលេចថា បើក្រុមហ៊ុន​ជប៉ុន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​វិនិយោ​គ​បន្ថែម​កសិ​ឧស្សា​ហកម្ម​ ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ គឺជា​ចំណុច​ខ្លាំង​មួយដែ​ល​អាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និង​ទាញ​យក​ផល​ចំណេញ​បាន​ច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ សម្ដេចលើកឧទាហរណ៍ដូចជាដំណាំស្រូវ និង​ស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែ​កម្ពុជា​បាន​នាំ​វត្ថុ​ធាតុ​ដើម​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដោយកង្វះខាតនូវការ​វិនិយោគ​លើ​ការ​កែច្នៃនៅក្នុង​ប្រទេស​ដើម្បី​នាំ​ចេញ​ដោយ​ខ្លួន​ឯង​។ ដូច្នេះ​សម្ដេច​ចង់​ឱ្យ​អ្នក​វិនិយោគ​ជប៉ុនចា​ប់​អារម្មណ៍​លើ​វិស័យ​កសិ​ឧស្សា​ហកម្ម​នៅ​កម្ពុជា​ឱ្យ​មាន​ការ​កើនឡើង។ សម្ដេចតេជោសង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និង​រាជ​រដ្ឋាភិបាល​ជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័ន​ជំនាញ​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​ធ្វើកិច្ចសហការជាមួយគ្នា។

ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញ​នូវ​ការ​ចាប់​អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ចំពោះការវិ​និយោគ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោកលើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុម​ហ៊ុ​ន​របស់​លោក​នឹង​សិក្សាបន្ថែមហើយជជែក​ជាមួយ​រាជ​រដ្ឋាភិបាល​ថា​តើ​ក្រុម​ហ៊ុន​របស់​លោក​អាច​នឹង​វិនិយោគ​ទៅ​លើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។ លោកក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជា​ពិសេស​នៅក្នុង​វិស័យកសិកម្មនេះឱ្យបានច្រើន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×