Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុករបស់លោកស័ក្ដិ២ ស្រឿន ហុងឆៃ ទទួលស្គាល់ថា ពិតជាបានយករថយន្តឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ស្លាកលេខ 2N-0579 នេះមែន ប៉ុន្តែជាថ្នូរធ្វើការឱ្យម្ចាស់ឡាន, ចំណែកម្ចាស់ឡានបញ្ជាក់ថា មិនបានអនុញ្ញាតទេ នេះជាអំពើលួច ! 

បន្ទាប់ពីម្ចាស់រថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 បានធ្វើសេចក្ដីជូនដំណឹងទៅដល់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធា ដែលបានលួចយករថយន្តរបស់គេទៅនោះ ដោយគ្មានការអនុញ្ញាត សូមមេត្តាយករថយន្ត មកប្រគល់ជូនខ្ញុំបាទជាម្ចាស់វិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់, ពេលនេះ លោកឪពុករបស់លោកស័ក្ដិ២ ស្រឿន ហុងឆៃ បានចេញមុខមកទទួលស្គាល់ថា ពិតជាបានយករថយន្តខាងលើនេះ ទៅប្រើប្រាស់ ប្រាកដមែន ច្រើនឆ្នាំហើយ ជាថ្នូរនឹងការងារ… ប៉ុន្តែមិនបង្ហាញថា ការងារនោះមានលក្ខខណ្ឌសន្យាអ្វីនឹងគ្នាឱ្យប្រាកដនោះទេ ? ហើយលោកឪពុករបស់អ្នកលួចយករថយន្តរូបនេះ គំរាមថា នឹងប្ដឹងម្ចាស់រថយន្តទៀតផង។

ខណៈនេះដែរ ម្ចាស់រថយន្តនៅតែប្រកាន់ថា ជាចេតនាលួចដដែល ទោះបីអ្នកនោះលើកឡើងថា ជិះយកទៅធ្វើការងារឱ្យម្ចាស់រថយន្តក្ដី ផ្ដើមចេញពីការសុំខ្ចីជិះសាកមើល៎ ២-៣ថ្ងៃក្ដី ឱ្យតែប៉ុនប៉ងយកទ្រព្យរបស់គេទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយគ្មានការអនុញ្ញាត នោះគឺ ជាអំពើលួច។ ជាក់ស្ដែង លោកស័ក្ដិ២ ស្រឿន ហុងឆៃ ជាមន្ត្រីយោធាម្នាក់នេះ យករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 ដែលជារបស់ខ្ញុំបាទម្ចាស់កម្មសិទ្ធិស្របច្បាប់ គឺយកទៅច្រើនឆ្នាំហើយ ដោយគ្មានការអនុញ្ញាតពីខ្ញុំសោះ ហើយមកដល់ពេលនេះ  មិនព្រមយកមកប្រគល់ជូនខ្ញុំបាទជាម្ចាស់កម្មសិទ្ធិវិញទេ គឺជននេះទុកប្រើប្រាស់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្ដង អាហ្នឹងហើយជាអំពើលួចទ្រព្យអ្នកដទៃ។ 

លោក ស្រី គឹមស៊្រុន ជាឪពុករបស់លោកស័ក្ដិ២ ស្រឿន ហុងឆៃ បានឆ្លើយឆ្លងជាមួយភាគីពាក់ព័ន្ធថា ខ្លួនពិតជាទទួលស្គាល់ថា បានយកឡាននោះទៅមែន ប៉ុន្តែថ្នូរនឹងការងារជាមួយម្ចាស់រថយន្តទេ, លោកគំរាមម្ចាស់រថយន្តថា នឹងប្ដឹងម្ចាស់រថយន្ត ហើយឱ្យយកឯកសារចេញមក តទល់គ្នា, ដំបៅមិនឈឺយកឈើចាក់ , រយៈពេល ៣ឆ្នាំហើយ ទើបមកគេផ្សាយព័ត៌មាន , តើមានឯកសារគ្រប់គ្រាន់ ចោទថា ស្រឿន ហុងឆៃ លួចរថយន្តនេះទេ ? គេយកឡាននេះ ជិះដើម្បីធ្វើការឱ្យខ្លួនឯង (ម្ចាស់ឡាន) ធ្វើការរួច នឹងប្រគល់ឡានឲ្យវិញ។

  • ខ្វូតសំឡេង លោក ស្រី គឹមស៊្រុន… (សូមដាក់ខ្វូតសំឡេងដូចខាងក្រោមនេះ)

ចំណែកម្ចាស់រថយន្តវិញ បាននិយាយថា ករណីរថយន្តនេះ គឺលោកស័ក្ដិ២ ស្រឿន ហុងឆៃ ប្រព្រឹត្តអំពើលួចពិតប្រាកដ មិនដូចការលើកឡើងរបស់ឪពុកខ្លួនខាងលើនេះទេ ព្រោះខ្ញុំមិនបានអនុញ្ញាត។

ដើម្បីបញ្ជាក់ប្រាប់ លោកស័ក្ដិ២ ស្រឿន ហុងឆៃ ឱ្យបានច្បាស់អំពីបទល្មើស លួច ឬទង្វើ ” លួច ” , CEN សូមលើកយកមាត្រាច្បាប់មកបង្ហាញ : យោងតាម មាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ត្រូវបានឱ្យនិយមន័យថា «អំពីលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទិ្ធរបស់ខ្លួន»។ ដោយឡែកចំពោះកម្រិតទោសដែលត្រូវផ្តន្ទាជនដែលបានប្រព្រឹត្តបទល្មើស «លួច» ត្រូវបានកំណត់ និងបែងចែកខុសៗគ្នា តាមរូបភាពនៃអំពើ និង ទំហំព្យសនកម្ម (ផលប៉ះពាល់) ដែលកើតចេញពីអំពើលួចនោះ , ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ០៦ខែ ទៅដល់ ច្រើនឆ្នាំ រួមនឹងប្រាក់ពិន័យមួយចំនួនទៀត។

ទោសដែលត្រូវផ្តន្ទាសម្រាប់បទល្មើសលួច មានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ និងបែងចែកដូចខាងក្រោម ÷

  • មាត្រា ៣៥៦ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៦  ខែ ទៅ ០៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល ។
  • មាត្រា ៣៥៧ បើអំពើលួចនោះ មានប្រព្រឹត្តអំពើហិង្សា គឺមានស្ថានទម្ងន់ទោសបន្ថែមទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០៣ឆ្នាំ ទៅ ១០ឆ្នាំ ក្នុងករណីដូចជា ÷
    ១. អំពើលួចនេះ ប្រព្រឹត្តទៅ មុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា ។

២. អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ ទម្លុះទម្លាយ ។

ដូច្នេះសង្ឃឹមថា លោកស័ក្ដិ២ ស្រឿន ហុងឆៃ យល់ជ្រាបអំពីបទល្មើសនៃការលួចហើយ, អ៊ីចឹងទេ សូមមេត្តាយករថយន្ត ម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2N-0579 មកប្រគល់ជូនម្ចាស់កម្មសិទ្ធិរបស់គេវិញផង មុនពេលមានចំណាត់ការផ្លូវច្បាប់, ណ្ហើយ…! ទុកឱ្យភាគីទាំងពីរបង្ហាញឯកសាររឿងលួច មិនលួចនេះ នៅចំពោះមុខសមត្ថកិច្ច និងផ្លូវច្បាប់ទៅចុះ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×