ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ បានស្នើឲ្យនាយកដ្ឋានបុគ្គលិកពិនិត្យលទ្ធភាពស្ត្រីឲ្យធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការនគរបាលរាជធានី-ខេត្ត ។
លោកនាយ ឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន និងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមិទ្ទិញទិវាអន្តរជាតិនារី៨មីនា ខួបទី១០៧ ក្រោមវិធានបទ “ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ” នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ត្រី ហើយរាល់កិច្ចការងារដែលបុរសធ្វើបានស្ត្រីក៏ធ្វើបានដែរនោះ ។ ដូច្នេះនាយកដ្ឋានបុគ្គលិកគប្បីធ្វើការពិចារណាក្នុងការដាក់ស្ត្រីធ្វើជាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការតាមបណ្តារាជធានី-ខេត្តនានា ដើម្បីឲ្យចលនាស្ត្រីកាន់តែមានភាពល្អប្រសើបន្ថែមទៀត ។ នាពេលបច្ចុប្បន្ននេះ នគរបាលជាស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសុវត្ថិភាព សុខសន្តិភាព សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ហើយនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលបច្ចុប្បន្ននេះ គឺមានស្ត្រីជិតមួយពាន់នាក់ បានកំពុងបម្រើការជានគរបាល ហើយស្ត្រីទាំងនោះសុទ្ធតែមានជំនាញច្បាស់លាស់ក្នុងកិច្ចការងាររបស់ពួកគេ ហើយជាងនេះទៅទៀតអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មានស្ត្រីធ្វើជាអគ្គស្នងការរង និងអនុប្រធាននាយកដ្ឋាន អង្គភាព ផងដែរ ។
លោកស្រី នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ចលនានគរបាលស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងសង្គមទាំងមូល ។ ស្ត្រីក៏បានចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលកំពុងមានសព្វថ្ងៃនេះ៕ ដោយ៖បញ្ញាស័ក្តិ