បាត់ដំបង ៖ ជនប្រដាប់អាវុធ បានប្រើប្រាស់អាវុធខ្លីម៉ាកឡុង បាញ់ចំនួន៥គ្រាប់ នៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ត្រង់ចំណុចក្រុមទី២ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ខាងមុខផ្ទះនារីម្នាក់ដែលជាមេការខារ៉ាអូខេក្នុងក្រុងបាត់ដំបង។
ដោយការបាញ់នេះ នៅខាងមុខផ្ទះឈ្មោះ ព្រឿន ចរិយ៉ា ហៅយ៉ា អាយុ៣២ឆ្នាំ ដែលនៅមិនឆ្ងាយពីអធិការដ្ឋាននគរបាលហើយក៏មិនឆ្ងាយពីមូលដ្ឋានកងរាជអាវុធហត្ថដែរ ប៉ុន្តែស្នូរគ្រាប់កាំភ្លើងទាំងនេះមិនមានការរំខានដល់សមត្ថកិច្ច។
លុះព្រឹកឡើងក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យព្រមទាំងបានប្រមូលសំបកកាទុស្សចំនួន៥គ្រាប់ និងត្រូវបានគេស្គាល់ច្បាស់ថា ជាសំបកគ្រាប់កាំភ្លើងឡុក ដែលជនមិនស្គាល់មុខបានធ្វើសកម្មភាពបាញ់នៅទីនោះ រួចហើយក៏បានគេចខ្លួនបាត់ ។
ក្នុងការស្រាវជ្រាវលើករណីបាញ់បោះសេរីនេះដែរលោកឧត្តមសេនីយ៍ កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស បាននិងកំពុងកោះហៅបុគ្គលដែលមានការសង្ស័យម្នាក់ ដែលជាមន្ត្រីនគរបាលក្នុងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តដែលមានស្នេហាត្រីកោណជាមួយនារីមេកាខារ៉ាអូខេនោះ មកសាកសួរដោយបានធ្វើការដកហូតនូវអាវុធម៉ាកឡុក ចំនួន១ដើមទុកជាបណ្តោះអាសន្ន ប៉ុន្តែចម្លើយសារភាពថាយ៉ាងណានោះយើងនៅមិនទាន់ទទួលបាននៅឡើយទេ ដោយគ្រាន់តែលោកបានសន្យាថា បើពិតប្រាកដលោកនឹងដកបញ្ឈរជើងមួយរយៈទៅតាមវិន័យជាកងកម្លាំង។
សូមបញ្ជាក់ថា នារីមេការខារ៉ាអូរខេរូបនេះ ធ្លាប់មានទំនាក់ទំនងស្នេហាជាយូរមកហើយជាមួយនឹងមន្ត្រីនគរបាលមួយរូប ក្នុងកងអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្ត ហើយរឿងហេតុអាចបណ្តាលមកពីរឿងស្នេហាត្រីកោណរហូតឈានដល់មន្ត្រីរូបនេះ ប្រើប្រាស់កាំភ្លើងឡុក មកបាញ់ដើម្បីគំរាមដល់នារីដែលជាដៃគូកំណាន់៕ ដោយ៖បញ្ញាស័ក្តិ