ភ្នំពេញ៖ សមាជិកអចិន្ត្រៃយ៍មជ្ឈឹមសមាគមអតីតយុទ្ធជនទីក្រុងហាណូយ បានមើលពីការរីកចម្រើន របស់រាជធានីភ្នំពេញ ដែលរូបលោកបានវិល មកកម្ពុជានៅថ្ងៃនេះ ជាលើកដំបូង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។
គណៈប្រតិភូសមាគមអតីតយុទ្ធជន ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំនួន២៨រូបដឹកនាំ ដោយឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក សមាជិកអចិន្ត្រៃយ៍មជ្ឈឹម នៃសមាគមអតីតយុទ្ធជនវៀតណាម នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលជួបសំដែងស្វាគមន៍ និងសំណេះសំណាលជា មួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ។ គណៈប្រតិភូដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក មកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ លោកបានអញ្ជើញលោកអភិបាលរាជធានីភ្នំពេញ និងប្រតិភូ ទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ នៅពេលខាងមុខ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានី បានសម្ដែងនូវការស្វាគមន៍ ចំពោះសមាគមអតីតយុទ្ធជនវៀតណាម ទីក្រុងហាណូយ ដែលបានមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្លាស់ប្តូរសហប្រតិបត្តិការគ្នាពិសេសទីក្រុង ដែលបានចងសម្ព័ន្ធមេត្រីរវាងរាធានីភ្នំពេញ ហាណូយ គឺបានសហការគ្នាល្អ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជួយគ្នាទៅវិញទៅមក ឱ្យមានការរីកចំរើន។ ជាការឆ្លើយតបការអញ្ជើញរបស់ប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម ទីក្រុងហាណូយថា ៖ លោកនឹងពិនិត្យមើលពេលវេលាសមស្របណាមួយ នឹងដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញទៅបំពេញទស្សនកិច្ច ដកបទពិសោធន៍នៅទីក្រុងហាណូយនាពេលខាងមុខ។
នៅក្នុងឱកាសនៃពិធីសំណេះសំណាលនេះផងដែរ អភិបាលរាជធានី និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានផ្តល់វត្ថុអនុស្សាវរីយ៍ជូនគណៈប្រតិភូ រួមនិងសមាជិក និងបានជូនពរសូមឱ្យការធ្វើដំណើរទស្សនកិច្ច នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ៕ ដោយ៖កូឡាប