អនុប្រធានាធិបតីអាមេរិច មៃ ផេនស៍ (Mike Pence) និយាយកាលពីថ្ងៃសុក្រម្សិលមិញថា សហរដ្ឋអាមេរិចនឹងបន្តដាក់សម្ពាធសេដ្ឋកិច្ច និងការទូតលើកូរ៉េខាងជើង ដើម្បីឲ្យរបបកុម្មុយនិស្តនេះបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលចោល។
លោក ថ្លែងបែបនេះក្នុងកំឡុងដំណើរទស្សនៈកិច្ចទៅកាន់មូលដ្ឋានទ័ពអាកាសស្ថិតក្នុងរដ្ឋ ដាកូតាខាងជើង (North Dakota) ដែលជាកន្លែងទុកគ្រាប់បែក B-52 និងមីស៊ីលឆ្លងទ្វីបរបស់មហាអំណាចពិភពលោកនេះ។
លោក ផេន ថ្លែងយ៉ាងដូច្នេះថា “អាមេរិចនឹងបន្តដាក់សម្ពាធសេដ្ឋកិច្ច និងការទូត ដើម្បីធ្វើឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន”។
នៅពេលជាមួយគ្នានេះផងដែរ លោកក៏បានធ្វើការព្រមានថា រាល់ជំរើសទាំងអស់មាននៅលើតុស្រាប់ ហើយអាមេរិចនឹងវាយការពារខ្លួន ដោយប្រើប្រាស់អំណាចយោធាយ៉ាងមានប្រសិទ្ធិភាពខ្លាំង នៅពេលដែលត្រូវគេបង្ខំឲ្យធ្វើ។
នៅថ្ងៃសុក្រជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិច ជេមស៍ ម៉ាធីស (James Mattis) បានធ្វើដំណើរទស្សនៈកិច្ចទៅកាន់កូរ៉េខាងត្បូង និងបានទៅតំបន់គ្មានកងទ័ពដែលខ័ណ្ឌចែកកូរ៉េទាំងពីរ។
លោក James បានថ្លែងថា អាមេរិចមិនចង់មានសង្គ្រាមនោះទេ តែចង់ឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អាមេរិចទាំងពីរ ធ្វើឡើងមុនពេល ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនៈកិច្ចទៅកាន់តំបន់អាស៊ីនៅដើមខែក្រោយ។
ភាពតានតឹងចាប់ផ្តើមកើនឡើងក្នុងតំបន់ចាប់ពីខែកញ្ញា ក្រោយពេលកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦របស់ខ្លួន ដែលការបាញ់នេះធ្វើឲ្យមានការថ្កោលទោសជាឯកច្ឆ័នរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
របបផ្តាច់ការនេះ សព្វថ្ងៃកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន ដោយសារកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន៕ ដោយ៖ សុភ័ក្ត្រ