នាយកដ្ឋានប៉ូលីសស្រុក Athens-Clarke បានបណ្តេញមន្ត្រីប៉ូលីសម្នាក់ពីការងារ ដែលបានពាក់ព័ន្ធនៅក្នុងហេតុការណ៍កាលពីថ្ងៃសុក្រ សប្តាហ៍មុន ប្រដេញតាមចាប់ជនសង្ស័យម្នាក់ ។
សារព័ត៌មានបរទេស fox5atlanta បានចុះផ្សាយឲ្យដឹងថា មន្ត្រីប៉ូលីស២នាក់ដែលមានឈ្មោះ Taylor Sualters និង Hunter Blackmon បានឃើញជនសង្ស័យឈ្មោះ Timmy Patmon ស្ថិតនៅក្បែរ Vine Street និង Nelli B Avenue ខណៈកំពុងរងដីការតាមចាប់ខ្លួន ។
មន្ត្រីប៉ូលីស Blackmon ចានចុះពីរថយន្តល្បាត និងចាប់ផ្តើមប្រដេញតាមជនសង្ស័យ Patmon ដែលកំពុងរត់គេចខ្លួន ប៉ុន្តែ មន្ត្រីប៉ូលីស Saulters នៅតែកំពុងស្ថិតក្នុងរថយន្តល្បាត ។
Saulters បានព្យាយាមបើករថយន្តរារាំងការរត់គេចខ្លួនរបស់ Patmon ដោយចុចសញ្ញាបញ្ឈប់ ។ អ្នកនាំពាក្យប៉ូលីសស្រុក Athens-Clarke លោក Epifanio Rodriguez និយាយថា ជនសង្ស័យ Patmon បានបន្តរត់នៅលើផ្លូវ Nelli B Avenue ហើយ Sauters បានព្យាយាមរារាំងបុរសសង្ស័យរូបនេះជាលើកទី២ ។
ប៉ុន្តែ នៅពេលនោះ Saulters ក៏បានបើករថយន្តល្បាតបុកទៅនឹង Patmon បណ្តាលឲ្យដួលទៅនឹងដីតែម្តង ។
អាជ្ញាធរនិយាយថា Patmon ត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ ដើម្បីព្យាបាលរបួស មុនពេលត្រូវបានប្រគល់ទៅឃុំខ្លួននៅពន្ធនាគារស្រុក Clarke ។
Patmon ដែលរងរបួសមានស្នាមជាំ និងរលាត់ស្បែក បានប្រឈមនឹងការចោទប្រកាន់ពីបទរារាំងមន្ត្រីអនុវត្តច្បាប់ និងបំពានការព្យួរទោស ។
ចំណែកមន្ត្រីប៉ូលីស Saulters វិញ ត្រូវបានអង្គភាពផ្អាកពីការងារតាមផ្នែករដ្ឋបាល និងចាប់ផ្តើមស៊ើបអង្កេតកិច្ចការផ្ទៃក្នុង បន្ទាប់ពីពិនិត្យមើលឡើងវិញពីវីដេអូកាមេរ៉ាមន្ត្រីទាំងពីរ ជាមួយកាលៈទេសៈជាក់ស្តែងដទៃទៀតនៃហេតុការណ៍នេះ ៕ ឧត្តម