ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានថ្លែងសារដាស់តឿន ដល់អ្នកទាំងឡាយណា ដែលស្រឡាញ់ខ្មែរលើសខ្មែរ សូមកុំធ្វើប្រតិកម្មប្រហារជីវិត លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជា ។ សម្តេចថ្លែងថា “អ្នកកំពុងធ្វើប្រតិកម្ម តាមរបៀបបរទេសស្រឡាញ់ខ្មែរ ជាងខ្មែរស្រឡាញ់ខ្មែរ គឺជាការខុសឆ្គង់ហើយ អ្នកធ្លាប់តាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរជាងខ្មែរ តែអ្នកបានសម្លាប់ខ្មែររាប់លាននាក់ រួចស្រេចទៅហើយ “។
នេះបើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកូនក្មួយកម្មករ កម្មការិនី មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ បញ្ជាក់ថា “អ្នកមិនត្រូវភ្លេចនូវអ្វីដែលជាទង្វើកាលពីអតីតកាល ហើយសង្ឃឹមថាអស់លោកអ្នកនឹងមិនដើរជាន់ដាន នូវអតីតកាលនោះទេ ។ អ្នកត្រូវស្គាល់ឲ្យបានច្បាស់នូវអង្គហេតុ និងអង្គច្បាប់ សម្រាប់ប្រទេសមួយដែលអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ យើងមិនអាចអនុញ្ញាតឲ្យមានលទ្ធិប្រជាធិបតេយ្យបែបឧទ្ទាមនោះទេ ប៉ុន្តែយើងបន្តលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដោយមានការផ្សារភ្ជាប់គ្នា ។ ប្រសិនបើអ្នកធ្វើប្រតិកម្មតាមរបៀបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រារាំងនៃការបោះឆ្នោត បំផ្លាញការបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ អ្នកនឹងទទួលកំហុស អ្នកនឹងមានវិប្បដិសារីដូចអតីតកាល”។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងសូមដាស់តឿនដល់មិត្តភក្តិទាំងឡាយមួយចំនួន ដែលនិយមច្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសក្រៅ រាប់ទាំងកម្ពុជាផង សូមឲ្យគិតគូរឲ្យបានម៉ត់ចត់ ហើយដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្ត ហើយបើអ្នកចង់បំផ្លាញយើង អ្នកក៏បំផ្លាញលទ្ធិប្រជាធិបតេយ្យដែលអ្នកកំពុងប្រើជារៀងរាល់ថ្ងៃ អ្នកត្រូវគិតចំណុចនេះឲ្យបានច្បាស់ ។ នេះគ្រាន់តែជាសារតូចតាចទេ ផ្តាំទៅអ្នក សូមអ្នកកុំតាំងខ្លួនជាអ្នកស្រឡាញ់ខ្មែរ លើសខ្មែរយើងខ្ញុំ គ្មាននរណាស្គាល់យើងខ្ញុំជាងយើងខ្ញុំទៀតទេ យើងខ្ញុំប្រឹងរស់តាំងពីប្រជាជនជាង៥លាននាក់ រកអង្គស៊ីមិនបាន ប៉ុន្តែឥឡូវនេះយើងបានរស់នៅក្នុងស្ថានភាពប្រជាជនជាង១៥លាននាក់ ប៉ុន្តែយើងអធិរាជស្បៀងជាង១៥លានតោន យើងបានឆ្លងកាត់ជាមួយនឹងការលំបាកនានា ប្តូរផ្តាច់ការពារនូវឯករាជ្យ ហើយមិនទុកឲ្យជនណាមួយ បំផ្លាញប្រទេសយើងក្រោមខ្សែញាក់របស់ជនបរទេសនោះទេ ឬតាមរយៈទង្វើខុសឆ្គង ដែលពួកគេបានប្រព្រឹត្តខុសច្បាប់នៅកម្ពុជា សូមអ្នកពិនិត្យអង្គហេតុ និងអង្គច្បាប់ ។ នៅទីគឺជាបញ្ហាច្បាប់ ដែលអ្នកត្រូវយល់ឲ្យបានច្បាស់ យើងមិនអាចគ្រាន់តែចង់រស់ និងចង់មានសេរីភាព ក្រោមខ្សែញាក់របស់អ្នកបានទេ យើងមិនអាចចង់បានលុយរបស់អ្នកគ្រាន់តែបម្រើអ្នកនោះទេ យើងធ្លាប់បានស៊ីពោត ស៊ីដំឡូងដើម្បីរស់រានមានជីវិត នៃប្រជាជាតិមួយដ៏កម្សត់នេះ”។
សម្តេចបានបញ្ជាក់ថា ប្រសិនបើកម្ពុជាគ្មានសន្តិភាព គឺក្មួយៗមិនបានមកធ្វើការនៅទីនេះដែរ គ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានការដឹកជញ្ជូន ហើយជាពិសេសគ្មានអ្នកវិនិយោទុន មកវិនិយោគ ក្នុងប្រទេសកម្ពុជានោះទេ ហើយប្រហែលជាពេលនេះ ក្មួយៗកំពុងតែធ្វើការច្រូតស្រូវ ជាមួយឪពុកម្តាយ ហើយមើលទៅ ប៉ុន្តែដោយមានសន្តិភាព ទើបក្មួយមានឱកាសមកធ្វើការនៅទីនេះ ៕ ដោយ៖កូឡាប