Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេជោ ៖ ហាម​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ថវិការដ្ឋ មធ្យោបាយ​រដ្ឋ ដើម្បី​យក​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​

​កណ្តាល​៖ ពាក់ព័ន្ធ​នឹង​ការធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែល​ឈាន​មក​ដល់​នៅ​ថ្ងៃទី​៧​ខែ​កក្កដា​ខាងមុខនេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាសប្រាប់​ដល់​ស​មាជិក​របស់ខ្លួន មិន​ត្រូវ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ ថវិការដ្ឋ មធ្យោបាយ​រដ្ឋ ​ដើម្បី​យក​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៥ ខែកក្កដា ឆ្នាំ​២០១៨​នេះ ​ក្នុងឱកាស​អញ្ជើញ​ចុះ​ជួប សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី មកពី​រោងចក្រ​ចំនួន​២៥ នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ មិន​ត្រូវ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះឡើយ ដើម្បី​ធានា​ថា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មិន​ត្រូវ​យក​ទៅ​បម្រើ​ដល់​ការបោះឆ្នោត​ដោយ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ឡើយ ជាពិសេស​បក្ស​កាន់​អំណាច​។​

​សម្តេច​បាន​ថ្លែង​បញ្ជាក់ថា “​នៅ​ថ្ងៃ​បើក​ឃោសនាបោះឆ្នោត គឺ​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ​ខ្ញុំ​សូម​អំពាវនាវ​សារជា ថ្មី​ម្តងទៀត ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ឲ្យខិត​ខំ​ថែរក្សា​នូវ​បរិយាកាស​នយោបាយ​អព្យាក្រឹត្យ ដើម្បី​ធានា​ដល់​ការបោះឆ្នោត​មួយ ប្រកប​ដោយ​ភាពសេរី យុត្តិធម៌ និង​ត្រឹមត្រូវ​។

​ទន្ទឹមនឹងនេះ​ដែរ គ្រប់​បណ្តា​ស្ថាប័ន​រដ្ឋ និង​មន្ត្រីរាជការ ដែល​ធ្វើការ​នៅ​ស្ថាន​ប័ន​រដ្ឋ ឬ​អ្នក​ឈរ​ជា​តំណាងរាស្ត្រ ឬ​អ្នក​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ នៃ​ការឃោសនា​រក​សំឡេង​ឆ្នោត​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​ទ្រព្យសម្បត្តិ​រដ្ឋ​, ថវិការដ្ឋ​, មធ្យោបាយ​រដ្ឋ​ជា​ដើម ​ដើម្បី​យក​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះឡើយ​។ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​ឲ្យបាន​ប្រាកដប្រ​ជា​ដើម្បី​ធានា​ថា​រាល់​នូវ​មធ្យោបាយ របស់​រដ្ឋ​ទាំងអស់ គឺ​មិន​ត្រូវបាន​យក​ទៅ​បម្រើ សម្រាប់​បក្ស​នយោបាយ​ណាមួយ​ឡើយ ​ក្នុងនោះ​គឺ​មាន​រថយន្ត​រដ្ឋ រួម​ទាំង​ស្លាក​រថយន្ត​នគរបាល និង​កងកម្លាំងប្រដាប់អាវុធ គឺ​ត្រូវ​ប្រើ​ប្រេង​សាំង និង​មធ្យាបាយ​ផ្ទាល់ខ្លួន ​ដែល​មិនមែន​ជា​របស់​រដ្ឋ ក្នុងការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ខាងមុខនេះ​”​។​

​សម្តេច​តេជោ បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​អព្យាក្រឹត្យ ​ហើយ​ត្រូវ​ការពារ ឲ្យខាង តែបាន ចំពោះ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដែល​នឹង​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​នៅ​ថ្ងៃ​ខាងមុខនេះ ដូច​ជា​ការ​ហែរ​ក្បួន របស់​បក្ស​នយោបាយ ឬ​ការជួបជុំ​របស់​បក្ស​នយោបាយ ជាដើម ​គឺ​ត្រូវ​ជួយ​សម្រួល​ឲ្យមាន​ភាព​អព្យាក្រឹត្យ យុត្តិធម៌ និង​ត្រឹមត្រូវ​បានល្អ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេជោ ហ៊ុន សែន បានញ្ជាក់​ថា នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ គឺ​កូន​ក្មួយ​កម្មករ​នឹង​បាន​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ ​គឺ​ថ្ងៃ​ទី ២៨, ២៩ និង​ទី​៣០ ដោយ​ទទួលបាន​ប្រាក់​ឈ្មួល​ពេញ ដើម្បី​ត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃទី ២៩ កក្កដា ឆ្នាំ​២០១ ​ក្នុងនោះ​គឺ​សិស្ស​និស្សិត​ក៏​ត្រូវ​បាន​ឈប់សម្រាក​៣​ថ្ងៃ​ដូចគ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សម្តេច​នឹង​ប្រកាស​បង្ហាញ នូវ​គោលនយោបាយ​មួយ ចំនួន​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​តាំងពី​ប្រជាពលរដ្ឋ​ពី​ត្រឹមតែ ៥​លាន​នាក់ រហូត​ដល់​ប្រមាណ ១៦​លាន​នាក់​ទៅហើយ​។ គណបក្ស​ប្រជាជន​ធ្វើ​តាំងពី​ពលរដ្ឋ​ពី ៥​លាន​នាក់​ខ្វះ​អង្ករ​បរិភោគ មក​ដល់​ពលរដ្ឋ​ប្រមាណ ១៦​លាន​នាក់​មាន​អង្ករ​ហូប​គ្រប់គ្រាន់ ហើយ​សល់​អង្ករ​សម្រាប់​នាំចេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា សម្តេច​បន្ត​ដឹកនាំ​ប្រទេស​យ៉ាង​តិច​១០​ឆ្នាំ ដើម្បី​ចាំ​ការពារ​ប្រទេស ពី​ការប៉ុនប៉ង បំបែក បំបាក់​របស់​ក្រុម​បក្សប្រឆាំង ដែល​ត្រូវបាន​រំលាយ​។ ដរាបណា​អតីត​មេ​បក្ស​ប្រឆាំង​មួយ​នេះ នៅតែ​មាន​វត្តមាន សម្តេច​នៅតែ​បន្ត​ដឹកនាំ​ការពារ​ប្រទេស​មួយ​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ទៅ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួល​គ្រប់​ទូរទស្សន៍​អស់ហើយ ​ដើម្បី​ផ្សព្វផ្សាយ​ក្នុងពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។ សម្រាប់​ទូរទស្សន៍​ជាតិ គឹ​ត្រូវ​ផ្តល់​ម៉ោង​ស្មើៗ​គ្នា​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ថា ប័ណ្ណ​ព័ត៌មាន​ស្តីពី​ការបោះឆ្នោត​មិន​អាច​យក​ទៅ​បោះឆ្នោត​បាន​នោះឡើយ​ពោល​មានតែ​អត្តសញ្ញាណប័ណ្ណ ទើប​អាច​បម្រើ​ដល់​ការបោះឆ្នោត​បាន​។ សម្តេច​នឹង​ចេញ​សារាច​រណ៍ ណែនាំ​មួយ​ជូន​ដល់ ប្រជាពលរដ្ឋ​សម្រាប់​ថ្ងៃ​បោះឆ្នោត ដែល​ធ្វើ​តាម​សំណើ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ នៅ​ថ្ងៃ​បោះឆ្នោត​នឹង​ហាម​មិនឲ្យ​មាន​លក់​និង​ផឹកស្រា​នោះឡើយ​។ សម្រាប់​អ្នក​ដែល​លើកឡើង​ថា នៅ​ថ្ងៃ​បោះឆ្នោត​គេ​នឹង​ផឹកស្រា​ចាក់​បាស់​រាំច្រៀង ​អាច​ប្រឈម​នឹង​ការ​មានទោស​ព្រោះតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​របស់ គ​.​ជ​.​ប​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​រួបរួម​គ្នា​ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ​ដោយ​មិន​ត្រូវឲ្យមាន​ការផិតភ័យ​ណាមួយ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ការបោះឆ្នោត​បក្ស​ណា​ឈ្នះ​ឆ្នោត​ជា​រឿង​មួយ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ជាតិ​ទាំងមូល​បាន​ឈ្នះ​តា​មរយៈ នៃ​ការរៀបចំ​ការបោះឆ្នោត​មួយ​ប្រកបដោយ​ជោគជ័យ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×