ខេត្តព្រះសីហនុ៖ មន្ត្រីបំរើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមួយចំនួន បានអះអាងថា នាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺលោក សូរ សៀង បានក្លែងបំប៉ោងគម្រោងខ្ទង់ចំណាយទៅលើការទិញសម្ភារៈគ្រឿងចក្រ និងឧបករណ៍ផ្សេងៗ សម្រាប់ចំណាយនៅក្នុងកំពង់ផែនេះមានតម្លៃកើនឡើង ១គុណ ២០ដង នៃខ្ទង់ចំណាយតម្លៃលក់នៅលើទីផ្សារធម្មតា..។
ប្រភពបានឲ្យដឹងថា ការបំប៉ោងខ្ទង់ចំណាយទាំងនោះរួមមាន៖ ចំណាយទៅលើការទិញសម្រងប្រេងម៉ាស៊ីនគ្រឿងចក្រ ឬរថយន្ត គឺក្នុង១ឆ្នាំៗ បានចំណាយលុយប្រមាណ ៩០០លានរៀល។ ចំណាយទៅលើការទិញសំបកកង់រថយន្តក្នុង១ឆ្នាំម ក៏ត្រូវចំណាយជាង៩០០លានរៀល និងការចំណាយទៅលើការទិញប្រេងរំអិល ឬបេងម៉ាស៊ីន គឺក្នុង១ឆ្នាំៗ ត្រូវចំណាយជាង ១,៣០០លានរៀលឯណោះ។
ប្រភពពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអះអាងថា កន្លងមកនេះគម្រោងចំណាយ ទៅលើការប្តូរសម្ភារៈផ្សេងៗ របស់គ្រឿងចក្រនៅកំពង់ផែខាងលើ គឺបានកើនឡើងរាល់ឆ្នាំ។
ករណីនេះមន្ត្រីមួយចំនួននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានស្នើដល់ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងក្រុងព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ និងបញ្ជូនមន្ត្រីចុះអង្កេត ទៅលើភាពមិនប្រក្រតី នៃការបំប៉ោងខ្ទង់ចំណាយទិញសម្ភារៈ ឬឧបករណ៍ផ្សេងម របស់ លោក សូរ សៀង នាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យបានឆាប់ ដើម្បីលាតត្រដាងការពិត។
ប្រភពដដែលបញ្ជាក់ថាថា គម្រោងនៃការចំណាយទៅលើការប្តូរសម្ភារៈ ឬឧបករណ៍ចាស់ៗ គ្រឿងចក្រនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុខាងលើនេះ គិតតែខ្ទង់ចំណាយក្នុងឆ្នាំ២០១៧មួយតែប៉ុណ្ណោះ។
ផ្តើមពីបញ្ហានេះ មន្ត្រីបំរើការងារ នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ កំពង់ផែនេះ បានចំណាយថវិកាប្រមាណ ៣០០ពាន់លានរៀល។
ប្រភពដដែលបញ្ជាក់ទៀតថា កាលពីឆ្នាំ២០១៧កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបានចំនួនសរុបប្រមាណ ២២៧ពាន់លានរៀល។ ហើយបើគិតជាប្រាក់ដុល្លារ គឺក្នុង ១ពាន់លានរៀល ស្មើ២៥ម៉ឺនដុល្លារអាមេរិក។ ហើយថា ថវិកាចំនួន ១ពាន់លានរៀល ឬស្មើ ២៥ម៉ឺនដុល្លារនោះ គឺជាក់ស្តែងត្រូវចំណាយត្រឹមតែ២០ម៉ឺនដុល្លារតែប៉ុណ្ណោះ។
យ៉ាងនេះក្តី មិនទាន់អាចទាក់ទង លោក សូរ សៀង នាយកផ្នែកផែនការស្តីពីលទ្ធកម្ម នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីស្នើការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើបានទតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨។
ចំណែក លោក លូ គឹមឈន់ ជាប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មិនទាន់អាចទាក់ទងស្នើការបំភ្លឺ ជុំវិញការចោទប្រកាន់ខាងលើនេះបានដែរនៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨៕ ដោយ ៖ ដែនសីមា