ស្រះកែវ-ថៃ៖ លួចឃុបឃិតកាប់ឈើគ្រញូងនៅឧទ្យានជាតិប៉ាងស៊ីដា ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ត្រូវកម្លាំងសមត្ថកិច្ចរបស់ថៃបង្ក្រាបចាប់ខ្លួនជនជាតិថៃម្នាក់ និងខ្មែរ១៥នាក់ ។សមត្ថកិច្ចនិងអ្នកសារព័ត៍មានថៃបានអោយដឹងថា ៖ នៅម៉ោង៧ព្រឹកទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំងចម្រុះដែលមានក្រុមទាហានឈុតខ្មៅ តម្រួត មន្ត្រីអនុរក្សតំបន់ឧទ្យានជាតិប៉ាងស៊ីដា និងកំលាំងរដ្ឋបាលព្រៃឈើ រាប់សិបនាក់បានធ្វើការឡោមព័ទ្ធ និងរុកចូលទៅក្នុងព្រៃ ក្នុងតំបន់ហាមឃាត់ខាងលើ។ នោះគឺបន្ទាប់ពីទទួលបានព័ត៌មានថា មានមនុស្សជាច្រើននាក់បានលបចូលទៅក្នុងព្រៃដើម្បីស្ពាយផ្ទាំង ឈើគ្រញូងចេញមកក្រៅប្រគល់ទៅអោយមេឈ្មួញ ។
កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន១៦នាក់ ដែលក្នុងនោះមានជនជាតិថៃម្នាក់ និងជនជាតិខ្មែរចំនួន១៥នាក់ ព្រមទាំងបានដកហូតឈើគ្រញូងបានចំនួន ៤៣ ផ្ទាំង កាំភ្លើងកែច្នៃ ចំនួន៦ដើមនិងកញ្ឆាមួយចំនួន។ ទីតាំងនោះស្ថិតក្នុងតំបន់ ម៉ៃសិរីចំប៉ា ក្នុងឃុំណងម៉ាកហ្វាយ ស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ប្រទេសថៃ ។
ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ផែ្នករដ្ឋបាលព្រៃឈើ ស្រុកវឌ្ឍនាណៈខន ដើម្បីសាកសួរបន្តរកមេក្លោងដែលនៅពីក្រោយខ្នង។ ហើយមកទល់ថ្ងៃទី១៩វិច្ឆិកានេះ សមត្ថកិច្ចតុលាការបានឃុំខ្លួននៅពន្ធនាគារខេត្តស្រះកែវអស់ហើយ៕ ដោយ ៖ បន្ទាយ