គណបក្សកាន់អំណាចប្រទេសស៊ីមបាវ៉េ បានបណ្តេញប្រធានបក្សរបស់ខ្លួនចេញពីតំណែង គឺលោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) ក្រោយពេលមានការដាក់សម្ពាធឲ្យប្រធានាធិបតីរូបនេះចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស (BBC)។
បន្ទាប់ពីបណ្តេញលោក មូហ្គាបេចេញពីតំណែង គណបក្សកាន់អំណាចឈ្មោះ Zanu-PF បានតែងតាំងអតីតអនុប្រធាបក្ស គឺលោក Emmerson Mnangagwa ឲ្យឡើងជាប្រធានវិញ។ លោក Emmerson Mnangagwa ត្រូវបានលោក មូហ្គាបេបណ្តេញចេញពីតំណែងកាលពី ២អាទិត្យកន្លងទៅហើយ។
បក្សកាន់អំណាចបានទុកពេល ឲ្យប្រធានាធិបតីមូហ្គាបេ រហូតដល់ថ្ងៃច័ន្ទនេះ ពេលថ្ងៃត្រង់ ដើម្បីលាលែងចេញពីតំណែងប្រធានាធិបតី បើមិនដូច្នេះទេ លោកនឹងត្រូវចោទប្រកាន់ពីទោសព្រហ្មទណ្ឌ។
កាលពីសប្តាហ៍មុន យោធានៅក្នុងប្រទេសនេះបានធ្វើរដ្ឋប្រហារ និងបានចាប់ឃុំខ្លួនលោក មូហ្គាបេ បន្ទាប់ពីប្រធានាធិបតីរូបនោះព្យាយាមរៀបចំឲ្យប្រពន្ធរបស់គាត់ឡើងស្នងដំណែងជំនួស។
ស្ត្រីទីមួយរបស់លោក មូហ្គាបេ គឺអ្នកស្រី Grace Mugabe ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត ក៍ត្រូវបានបក្សកាន់អំណាចបណ្តេញចេញផងដែរ។
កាលពីថ្ងៃសៅរិ៍កន្លងទៅ ប្រជាជនស៊ីមបាវ៉េរាប់មឺននាក់បានធ្វើការតវ៉ាតាមដងផ្លុវ ប្រឆាំងនឹងលោកមូហ្គាបេ។ នៅថ្ងៃអាទិត្យម្សិលមិញនេះផងដែរ លោកមូហ្គបេបានជួបប្រជុំជាមួយនឹងមេដឹកនាំយោធា។
លោកមូហ្គាបេ ត្រូវបានគេនិយាយថា កំពុងស្វែងរកពេលវេលាបន្ថែមទៀតដើម្បីធ្វើការចរចារលើការលាលែងរបស់គាត់។
លោកមូហ្គាបេ វ័យ ៩៣ឆ្នាំ បានកាន់តំណែងជាប្រធានាធិបតីប្រទេសស៊ីមបាវ៉េ អស់រយៈពេលជិត ៤ទសវត្សន៍មកហើយ៕ សុភ័ក្ត្រ