Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​កូនស្រី​ម្នាក់ មក​ពីរៀន​វិញ​ពុំ​ឃើញ​វត្តមាន​ម្តាយ​នៅផ្ទះ ហើយក៏​បាន​ធ្វើ​រឿង​ដ៏​គួរឲ្យ​ស្រណោះ​មួយ​នេះ​តែ​ម្នាក់ឯង បាន​ឆក់​យក​បេះដូង​អ៊ីនធឺណិត​រាប់​លាន

នាពេលថ្មីៗនេះ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ ពាក់ព័ន្ធនឹងម្តាយ និងកូនស្រី រស់នៅក្នុងទីក្រុង Zhaotong ខេត្ត Yunnan ប្រទេសចិន បានធ្វើឲ្យរំជួលបេះដូងអ្នកលេងអ៊ីនធឺណិត។ នោះគឺនៅពេលស្រ្តីជាម្តាយដែលធ្វើការនៅឆ្ងាយពីផ្ទះ បានរកឃើញទិដ្ឋភាពដ៏សោកសៅ តាមរយៈកាមេរ៉ាសុវត្ថិភាពផ្ទះរបស់នាង ដែលនាំឱ្យនាងមានអារម្មណ៍រំជួលចិត្តរយៈពេល ១០ ម៉ោង​ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

ស្ត្រី​ដែល​មាន​ឈ្មោះ​ថា Gu បាន​ទុក​កូន​ស្រីឲ្យ​នៅ​ផ្ទះ​ ពេល​នាង​ទៅ​ធ្វើ​ការ​ក្នុង​ទីក្រុង។ ថ្មីៗនេះ Gu បានឈប់សម្រាកមួយសប្តាហ៍ ដើម្បីចំណាយពេលថ្ងៃបុណ្យជាតិចិននៅផ្ទះជាមួយកូនស្រីរបស់នាង។ ក្មេងស្រីដែលធ្លាប់តែមានវត្តមានរបស់ម្តាយក្នុងអំឡុងពេលវិស្សមកាលនោះ មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែលម្តាយត្រូវត្រឡប់ទៅធ្វើការវិញ។

កាមេរ៉ាសុវត្ថិភាពផ្ទះបានថតយកទិដ្ឋភាពដ៏រំជួលបេះដូង គឺនៅពេលដែលក្មេងស្រីតូចនោះ ត្រឡប់មកពីសាលារៀនវិញ ហើយស្វះស្វែងរកម្តាយ ប៉ុន្តែ ម្តាយបានចាកចេញដល់កន្លែងធ្វើការបាត់ទៅហើយ។ ខ្សែ​វីដេអូ​បង្ហាញ​ថា ក្មេង​ស្រីនោះបាន​ដើរ​នៅ​ទីធ្លា​ខាង​មុខ​តែ​ម្នាក់​ឯង ដោយ​ស្រែក​រក​ម្ដាយ ហើយ​សម្លឹង​មើល​ជុំវិញ​ដោយ​សង្ឃឹម​ថា ​នឹង​បាន​ឃើញម្តាយ។ ក្មេងស្រីតូចនេះនៅទីបំផុត បានដួលទៅលើកៅអីដោយហត់នឿយ ប៉ុន្តែមួយសន្ទុះក្រោយមក នាងបានព្យាយាមហៅរកម្តាយរបស់នាងម្តងទៀត រហូតបានជួបម្តាយទើបនាងស្ងៀមស្ងាត់។

ដោយឃើញភាពសោកសៅ និងភាពឯកោរបស់កូនស្រីជាទីស្រលាញ់បែបនេះ បានធ្វើឲ្យអ្នកស្រី Gu ទប់ទឹកភ្នែកមិនបាន។ នាង​បាន​សម្រេច​ចិត្ត​បើក​ឡាន​ជា​បន្ទាន់រយៈពេល ១០ ម៉ោង​ទៅ​ផ្ទះ។ អ្នកស្រី Gu បាននិយាយទាំងអួងដើមកថា៖ «កូនស្រីរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំច្រើនដង។ ឃើញបែបនេះធ្វើអោយខ្ញុំខូចចិត្ត ដូច្នេះខ្ញុំក៏បើកឡានទៅផ្ទះភ្លាមៗទាំងយប់តែម្តង»។

ជាមួយទិដ្ឋភាពដ៏គួរឲ្យសោកសៅនេះ អ្នកស្រី Gu បានស្បថថានឹងនៅផ្ទះជាមួយកូនស្រី ហើយគ្មានបំណងទៅធ្វើការឆ្ងាយពីផ្ទះនៅថ្ងៃអនាគតទេ។ នាងជឿជាក់ថាការងារអាចផ្លាស់ប្តូរបាន ហើយប្រាក់ក៏អាចរកបាន ប៉ុន្តែថ្ងៃដែលចំណាយពេលមើលកូនស្រីរបស់នាងធំឡើង មិនអាចយកមកវិញបានទេ»។

យ៉ាងណាមិញ រឿងរ៉ាវដ៏រំជួលចិត្តនេះ ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ទទួលបានអ្នកចូលមើល ៧០ លានដងនៅលើ Weibo រួមជាមួយនឹងមតិវិជ្ជមានរាប់មិនអស់។ អ្នក​មើល​ជា​ច្រើន​បានយល់ឃើញ​ថា ​ឃ្លីប​នេះ​បានឆ្លុះ​បញ្ចាំង​ពី​បទ​ពិសោធន៍មួយ សម្រាប់​គ្រួសារទាំងឡាយ។ ក្នុងនោះ ពួកគេបានលើកឡើងថា «ក្មេងស្រីមើលទៅឯកោ និងគួរឲ្យអាណិតណាស់។ កុមារគ្រប់រូបសមនឹងទទួលបាននៅជាមួយឪពុកម្តាយរបស់ពួកគេ»។ «កុមារមិនខ្វល់ពីភាពក្រីក្រ ឬទ្រព្យសម្បត្តិទេ ពិភពលោករបស់ពួកគេមានតែឪពុកម្តាយរបស់ពួកគេប៉ុណ្ណោះ»។ «ខ្ញុំក៏ជាម្តាយដែលធ្វើការនៅឆ្ងាយពីផ្ទះ ហើយមិនអាចនៅជិតកូនរបស់ខ្ញុំបានទេ មើល​ឃ្លីប​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដែរ»។

អ្នក​និយម​លេង​អ៊ីនធឺណិត​ខ្លះ​ថែម​ទាំង​បាន​ចែក​រំលែក​ថា ​រឿង​នេះ​បាន​ជំរុញ​ឱ្យ​ពួក​គេ​ស្វែង​រក​វិធី​ថ្មី​ក្នុង​ការ​ធ្វើ​ការ ​និង​ការ​រក​ប្រាក់​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​នៅ​ជាមួយ​កូន​​៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×