Saturday, September 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់អត្ថប្រយោជន៍ដូចម្តេចខ្លះ?

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួនឱ្យឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ឧត្តមានុវត្តនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ក្នុងនោះរួមមាន៖ (១). លើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យ កាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាពក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម ដើម្បីឆ្លើយតបទៅនឹង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល (២). ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការអនុវត្តមុខងារ (៣). ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្រ្តី (៤). សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។

ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។

ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ ក្នុងក្របខណ្ឌជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ បានគិតគូរ និងរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង៖ (១).ពិភាក្សាអំពីបទពិសោធនៃការអនុវត្តល្អៗ សម្រាប់ការរៀបចំ និងការអនុវត្តកិច្ចការអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណ: រួមទាំងការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណ:នៅគ្រប់កម្រិតអភិបាលកិច្ចទាំងអស់ (២).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងការធ្វើនវានុវត្តន៍ បច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិការងារនៅក្នុងវិស័យសាធារណ: (៣).ពិភាក្សាអំពីវឌ្ឍនភាពនៃការងារអាទិភាពកំណែទម្រង់រដ្ឋបាលសាធារណ: នាពេលបច្ចុប្បន្ន និងដើម្បីស្វែងរក ឬកំណត់នូវចំណុច ឬផ្នែកដែលត្រូវការកែលម្អសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា សិក្ខាសាលានាថ្ងៃនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ និងជាទស្សនវិស័យ ចំណេះដឹងបន្ថែម និងគុណវុឌ្ឍក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង-ស្ថាប័ន ដើម្បីរៀបចំ និងពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការដោះស្រាយបញ្ហាមួយចំនួន ដែលក្រសួង-ស្ថាប័ន បាននឹងកំពុងជួបប្រទះរួមមាន៖ (ទី១).ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង-ស្ថាប័ន (ទី២).ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ផ្អែកលើស្ថានភាពដែលក្រសួង-ស្ថាប័ន ត្រូវអនុវត្ត (ទី៣).ភាពស្មុគស្មាញនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង-ស្ថាប័ន និងបញ្ហាអសង្គតិភាពនៃការកំណត់សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន (ទី៤).ភាពមិនពេញចិត្តរបស់អ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវាដែលផ្តល់ដោយក្រសួង-ស្ថាប័នជាដើម។

ចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ពីភាពចំាបាច់នៃការវិភាគមុខងារ ដែលក្រសួង-ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តន៍ទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់។
គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» មានការអញ្ជើញចូលរួមដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួង-ស្ថាប័ន៣០ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះមានរៀបចំបទបង្ហាញស្តីពី ពាក់ព័ន្ធការងារវិភាគមុខងារដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ, បទពិសោធ និងករណីសិក្សារបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី និងលំហាត់ពិភាក្សាផងដែរ។ សិក្ខាសាលានេះជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រួមជាមួយការសហការឧបត្ថម្ភដោយ The European Union និងAustralian Aid៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×